«សំឡេងស្រែកតវ៉ារបស់ប្រជាសហគមន៍ សូមឲ្យតុលាការដោះលែងលោក គុជ វេង...»
ទោះបីជាការតវ៉ារបស់តំណាងសហគមន៍មកពីឃុំចំនួន៤ គឺឃុំអន្លង់ត្នោត ឃុំឈើតុំ ឃុំត្នោតជុំ និងឃុំក្បាលត្រាច នៃស្រុកក្រគរ នៅមុខសាលាដំបូងខេត្តពោធិ៍សាត់ រយៈពេល ២ថ្ងៃ ពុំទទួលបានលទ្ធផលក៏ដោយ ក៏អ្នកភូមិមិនបញ្ឈប់សកម្មភាពតវ៉ានេះដែរ។
តំណាងសហគមន៍ឃុំក្បាលត្រាច អ្នកស្រី ឡោន ស៊ីវី បានឲ្យដឹងនៅល្ងាចថ្ងៃទី២២ ឧសភា បន្ទាប់ពីក្រុមអ្នកតវ៉ានាំគ្នារំសាយការតវ៉ាសម្រាប់ថ្ងៃទី២ របស់ខ្លួននោះថា ការតវ៉ានឹងបន្តធ្វើនៅថ្ងៃទី២៣ ទៀត ប៉ុន្តែនឹងធ្វើតាមរូបភាពខុសពីថ្ងៃទី២១ និង ២២ ឧសភា៖ «ថ្ងៃនេះពួកខ្ញុំរំសាយសិន តែស្អែកពួកខ្ញុំមានគម្រោងដើរហែជុំវិញផ្សារ ដើម្បីស្រែកប្រាប់ប្រជាពលរដ្ឋ ឲ្យដឹងថា តើអំពើអយុត្តិធម៌របស់តុលាការនោះយ៉ាងម៉េចខ្លះ...»។
នៅព្រឹកថ្ងៃទី២២ ឧសភា ក្រុមអ្នកតវ៉ា ៣នាក់ ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់ អនុញ្ញាតឲ្យចូលជួបដើម្បីបង្ហាញពីគោលបំណងក្នុងការតវ៉ា។
ចៅក្រមម្នាក់ដែលមិនបានប្រាប់ឈ្មោះឲ្យអ្នកភូមិដឹងនោះ បានបញ្ជាក់ប្រាប់ថា ការតវ៉ារបស់អ្នកភូមិមិនត្រូវគោលដៅទេ។ ចៅក្រមរូបនោះបញ្ជាក់ថា ការចាប់ខ្លួនលោក គុជ វេង មិនមែនបញ្ហាដីធ្លីនោះទេ តែគឺចាប់ពីបទឆបោក។
យ៉ាងនេះក្ដី អ្នកភូមិនៅតែអះអាងថា លោក គុជ វេង មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ប្រជាសហគមន៍ទាំងអស់ធ្លាប់បានដឹងពីអត្តចរិត និងការរស់នៅរបស់លោក គុជ វេង ដោយពួកគេអះអាងថា លោក គុជ វេង ជាមនុស្សល្អពុំមែនជាប្រភេទមនុស្សឆបោកគេនោះទេ៖ «អ្នកភូមិខ្ញុំទាំងអស់ គាត់មិនជឿថា ពូ គុជ វេង គាត់ជាមនុស្សឆបោកគេនោះទេ។ តែគាត់ជាសកម្មជនការពារដីធ្លី ការពារព្រៃឈើយ៉ាងសកម្ម។ ហេតុនេះហើយ គេយកលេសនេះមកចាប់ពូ គុជ វេង ដើម្បីកុំឲ្យគាត់ធ្វើសកម្មភាពទាមទារទៀត។ (អ្នកភូមិម្នាក់ទៀត) គេមួលបង្កាច់គាត់តែម្ដង ព្រោះបង គុជ វេង គាត់ជាមនុស្សស្មោះត្រង់ គាត់ធ្វើការងារជាច្រើនដើម្បីជួយប្រជាពលរដ្ឋ...»។
ដោយការតវ៉ាដោយអហិង្សានៅមុខតុលាការរយៈពេល ២ថ្ងៃរបស់អ្នកភូមិ មិនទទួលបានលទ្ធផល ក្រុមអ្នកតវ៉ាមានគម្រោងបន្តការតវ៉ានេះនៅថ្ងៃទី២៣ ខែឧសភា ជាបន្ត ដោយការដង្ហែជាក្បួននៅតាមទីប្រជុំជន រួចនាំគ្នាដង្ហែក្បួនទៅធ្វើពិធីបួងសួងសុំឲ្យលោកតាឃ្លាំងមឿង ជួយបន្ទន់ចិត្តតុលាការ ឲ្យដោះលែងលោក គុជ វេង សកម្មជនដីធ្លីជាទីគោរពស្រឡាញ់របស់ពួកគេ៖ «សូមឲ្យតុលាការដោះលែងលោក គុជ វេង ជាបន្ទាន់ ព្រោះគាត់អត់មានកំហុសទេ។ តុលាការចាប់គាត់នេះអយុត្តិធម៌ណាស់...»។
ប្រភពពីអ្នកភូមិបានឲ្យដឹងថា លោក គុជ វេង គឺប្រធានសហគមន៍ព្រៃឈើ និងជាសកម្មជនការពារដីធ្លីសហគមន៍ម្នាក់ ដែលជាទីគោរពរាប់អានរបស់អ្នកភូមិ។ ថ្មីៗនេះ លោកបានជួយអ្នកភូមិក្នុងការតវ៉ាពីបញ្ហាដីដែលមានប័ណ្ណសម្គាល់អចលនទ្រព្យ ឬហៅថាប័ណ្ណកម្មសិទ្ធិដែលវាស់វែងដោយក្រុមនិស្សិតស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងទៅនោះ ត្រូវបានក្រុមហ៊ុនភាពីម៉ិច រំលោភយក។ ស្រាប់តែលោកបានត្រូវចាប់ខ្លួនដោយចោទពីបទឆបោក តែសង្គមស៊ីវិល និងអ្នកភូមិយល់ស្របគ្នាថា ជារឿងមានភាពមិនប្រក្រតី។ ទន្ទឹមគ្នានេះ ក៏មានកាសែតបរទេសខ្លះបានផ្សាយថា ការចាប់ខ្លួននេះទំនងជាពាក់ព័ន្ធទៅនឹងការតស៊ូមតិរបស់លោក ដើម្បីជួយអ្នកភូមិក្នុងបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនភាពីម៉ិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
