ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​កោះកុង​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ធ្វើ​របង​ព័ទ្ធ​ដី​ស្រែ​ចម្ការ

ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​ទៅ​នឹង​សកម្មភាព​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី​ក្រុមហ៊ុន យូធី ហ្វ្រី សប អភិវឌ្ឍន៍ (Duty Free Shop Development) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​ដែល​មាន​ទំហំ​ខ្លះ ១​ហិកតារ និង​ខ្លះ​ទៀត ២​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ព័ទ្ធ​យក​ដោយ​មិន​បាន​ផ្ដល់​សំណង​ឡើយ។

ប្រជាពលរដ្ឋ​ម្នាក់ អ្នកស្រី នៅ ស៊ីណាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ថា ប្រជាពលរដ្ឋ​ជាង ៦០​នាក់ មក​ពី​ភូមិ​ចំនួន​៣ គឺ​ភូមិ​ខ្វែងចាក ភូមិ​ព្រែកខ្សាច់ និង​ភូមិ​សំរោងតាកែវ នៃ​ឃុំ​ព្រែកខ្សាច់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ ខែ​មករា ដើម្បី​រារាំង​សកម្មភាព​របស់​កម្មករ​ដែល​កំពុង​ជីក​ដាំ​របង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​របស់​ពួក​គាត់។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កោះកុង លោក នាង បូរ៉ាទីណូ ឲ្យ​ដឹង​ថា ក្រុមហ៊ុន យូធី ហ្វ្រី សប អភិវឌ្ឍន៍ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​ក្នុង​ទំហំ ១​ម៉ឺន ២​ពាន់​ហិកតារ ស្ថិត​នៅ​ស្រុក​បុទុមសាគរ និង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង នៅ​ក្នុង​ឆ្នាំ​២០០៥ ដើម្បី​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ដាំ​ដំណាំ​កសិឧស្សាហកម្ម។ ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។