កងកម្លាំងរបស់សាលាខណ្ឌជ្រោយចង្វារ បានយកគ្រឿងចក្រចូលឈូសឆាយដីពលរដ្ឋនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ទាំងម្ចាស់ដីមិនទាន់យល់ព្រមទទួលសំណង។ ពលរដ្ឋម្ចាស់ដីទាមទារឲ្យមានដោះស្រាយជាមុនសិន មុននឹងអាជ្ញាធរឈូសឆាយលើដីរបស់ពួកគេ។
ពលរដ្ឋរងផលប៉ះពាល់ចោទប្រកាន់ថា ការពង្រីកផ្លូវនេះ អាជ្ញាធរក្រុងភ្នំពេញ គាបសង្កត់តែពលរដ្ឋតូចតាច គ្មានតួនាទីនៅក្នុងស្ថាប័ន ប៉ុន្តែបើដីមន្ត្រីធំ មានតួនាទីជាយោធា ពួកគេមិនឈូសឆាយទេ។
ប្រជាពលរដ្ឋរងផលប៉ះពាល់ លោកស្រី ហុល សាវឿន ឲ្យដឹងថា ការឈូសឆាយពេលនេះ ប៉ះពាល់ដីលោកស្រីជាង ២.០០០ម៉ែត្រការ៉េ។ លោកស្រីបន្តថា អាជ្ញាធរបានជូនដំណឹងមកលោកស្រីពីរថ្ងៃមុនការឈូសឆាយនេះ ប៉ុន្តែលោកស្រីមិនយល់ព្រមឲ្យឈូសឆាយទេ ព្រោះការផ្ដល់សំណងរបស់ក្រុងត្រឹមដី ១ម៉ែត្រការ៉េតម្លៃ ១៥ដុល្លារ គឺលោកស្រីមិនអាចទទួលបានទេ៖ «ពួកខ្ញុំមិនទាមទារអីទេ បើឈូសឆាយដីធ្វើផ្លូវ ធ្វើប្រព័ន្ធលូ សុំឲ្យមានដំណោះស្រាយសិន ឈូសឆាយកាយដី កាយរបងរបស់ខ្ញុំអស់ហើយ»។
ការឈូសឆាយនៅថ្ងៃទី២១ ខែមេសា ប៉ះពាល់ពលរដ្ឋចំនួនពីរគ្រួសារ បន្ទាប់អាជ្ញាធរធ្វើសកម្មភាពមានសង្គមស៊ីវិលចុះទៅសង្កេត និងក្រុមអ្នកសារព័ត៌មានថតផ្ដិតសកម្មភាពនោះ កងកម្លាំងក៏ដកថយចេញវិញ។
ផ្លូវនេះពលរដ្ឋថាមានប្រវែងប្រមាណ ៦.០០០ម៉ែត្រ ដែលប៉ះពាល់ដល់ពលរដ្ឋប្រមាណ ៣០០គ្រួសារ រស់នៅតាមបណ្ដោយផ្លូវលេខ៦អា នៅក្នុងសង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប។
នៅក្បែរកន្លែងឈូសឆាយចម្ងាយប្រមាណ ៧០ម៉ែត្រ ក៏មានផ្លូវមួយដែរ ដែលសាងសង់ដោយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC)។
អាជ្ញាធរតែងតែយកគ្រឿងចក្រចូលឈូសឆាយដីពលរដ្ឋភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ប៉ុន្តែ នៅពេលក្រុមអ្នកសារព័ត៌មាន និងសង្គមស៊ីវិលចុះទៅកន្លែងឈូសឆាយ អាជ្ញាធរផ្អាកសកម្មភាពរបស់ខ្លួន ហើយនៅពេលស្ថានការណ៍ស្ងប់ស្ងាត់ ពួកគេចាប់ផ្ដើមឈូសឆាយទៀត។
មន្ត្រីសាលាក្រុងពន្យល់ថា អាជ្ញាធរនៅតែបន្តឈូសឆាយដើម្បីធ្វើផ្លូវថ្មីមួយខ្សែស្របតាមផ្លូវលេខ៦អា នៅពេលនេះ បើទោះបីពលរដ្ឋរងផលប៉ះពាល់មិនយល់ស្រប ពោលគឺសាលាក្រុងឈូសឆាយបណ្ដើរ និងចរចាផ្ដល់ដំណោះស្រាយបណ្ដើរ។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យដឹងថា ការឈូសឆាយនេះ គឺពលរដ្ឋភាគច្រើនបានយល់ស្រប ដូច្នេះសាលាក្រុងនឹងបន្តការងាររបស់ខ្លួន៖ «យើងគិតថា ផែនការធ្វើផ្លូវនេះត្រូវតែបន្តទៅមុខទៀត ប៉ុន្តែដូចជម្រាបជូន គឺយើងធ្វើផង សម្របសម្រួលផ្ដល់ដំណោះស្រាយផង»។
ផ្លូវថ្មីនេះធ្វើនៅប៉ែកខាងលិចនៃផ្លូវជាតិលេខ៦អា មានចម្ងាយ ១០០ម៉ែត្រពីអ័ក្សផ្លូវ។ អាជ្ញាធរអះអាងថា វត្តមានផ្លូវនេះ ដើម្បីបម្រើប្រយោជន៍សាធារណៈទូទៅ និងអាចបញ្ចៀសការកកស្ទះចរាចរណ៍។
លិខិតរបស់អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ផ្ញើទៅពលរដ្ឋមុនការឈូសឆាយថា នឹងស្ថាបនាផ្លូវ និងប្រព័ន្ធលូ ដើម្បីសម្រួលការបង្ហូរទឹកភ្លៀងនារដូវវស្សាខាងមុខនេះ។
ពលរដ្ឋស្នើឲ្យពង្រីកផ្លូវថ្មីនេះ ចម្ងាយ ១៥០ម៉ែត្រ ពីអ័ក្សផ្លូវលេខ៦អា និងផ្ដល់សំណងថ្លៃដីស្មើនឹងតម្លៃទីផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។