ពលរដ្ឋ​នៅ​កោះកុង​តវ៉ា​មុខ​តុលាការ​រឿង​កំណត់​ព្រំប្រទល់​ឃុំ

ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង រវាង​ក្រុមហ៊ុន ហេង ហ៊ុយ និង​ប្រជាពលរដ្ឋ ដោយសារ​ការ​បែង​ចែក​ព្រំប្រទល់​ដី​ឃុំ​មិន​ច្បាស់​លាស់ បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អាស្រ័យ​ផល​លើ​ដី​នោះ​ជា​អចិន្ត្រៃយ៍។

0:00 / 0:00

ពលរដ្ឋ​ជាង ២០​គ្រួសារ នៅ​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល លើក​គ្នា​ទៅ​តវ៉ា​នៅ​តុលាការ​ខេត្ត​កោះកុង សុំ​កុំ​ឲ្យ​អនុវត្ត​សាលក្រម​លេខ ២០៧ឃ ចុះ​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០០៩ របស់​ក្រុមហ៊ុន ហេង ហ៊ុយ ដែល​បាន​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែកជីក។

ការ​តវ៉ា​នៅ​ថ្ងៃ​ទី២៩ ខែ​ឧសភា ធ្វើ​ឡើង​នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ ៥​នាក់ នៅ​ភូមិ​ព្រែកជីក ត្រូវ​តុលាការ​ខេត្ត​កោះកុង ហៅ​ទៅ​ផ្សះផ្សា​ក្នុង​កិច្ច​សន្យា​បែង​ចែក​ដី​ពួក​គាត់ នៅ​ឃុំ​ជីខក្រោម ផ្តល់​ទៅ​ឲ្យ​ឃុំ​ជីខលើ ដែល​ក្រុមហ៊ុន ហេង ហ៊ុយ ឈ្នះ​ក្តី​ក្នុង​សាលក្រម​លេខ ២០៧ឃ នោះ។

ប្រជាពលរដ្ឋ​ភូមិ​ព្រែកជីក លោកស្រី ឈុន រ៉ាន់ អាយុ ៥២​ឆ្នាំ ថ្លែង​ថា ក្រុមហ៊ុន ហេង ហ៊ុយ ឈ្នះ​ក្តី​នៅ​ភូមិ​ឈូក ឃុំ​ជីខលើ តែ​មក​វាត​យក​ដី​អ្នក​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ទៅ​វិញ។ លោកស្រី​បន្ត​ថា នៅ​ខែ​តុលា ឆ្នាំ​២០១០ ក្រុមហ៊ុន ហេង ហ៊ុយ មក​ឈូស​យក​ដី​គាត់​ដែល​មាន​ដាំ​កៅស៊ូ និង​ដំណាំ​ហូប​ផ្លែ​ទំហំ ៥​ហិកតារ ហើយ​ក្រុមហ៊ុន​បាន​ទុក​ដី​ឲ្យ​គាត់​តែ ១​ហិកតារ សម្រាប់​សង់​ផ្ទះ និង​ដាំ​ដំណាំ។ គាត់​តវ៉ា​ច្រើន​ដង ស្រាប់​តែ​ក្រុមហ៊ុន ហេង ហ៊ុយ នោះ​មក​ធ្វើ​កិច្ច​សន្យា​សុំ​បែង​ចែក​ដី​គាត់ ៥​ហិកតារ តែ​គាត់​មិន​ព្រម ក្រុមហ៊ុន​បាន​ប្ដឹង​គាត់​ទៅ​តុលាការ៖ «យក​សំបុត្រ​មក កោះ​ហៅ​ឡើង​តុលាការ ហើយ​គេ​ថា បើ​យើង​មិន​សម្រួល គេ​នឹង​ហៅ។ ពេល​នោះ​ខ្ញុំ​ឈឺ​ទៀត ណា​មួយ​ប្ដី​ខ្ញុំ​ពិការ​ទៀត ហើយ​ខ្ញុំ​រក​លុយ​រក​អី​មក​អត់​បាន ខ្ញុំ​វា​មាន​បញ្ហា​អីចឹង ហើយ​ក៏​ខ្ញុំ​សុំ​គេ​សម្រួល​សិន​ទៅ»

លោកស្រី ផាវ ញ៉ឹង នៅ​ភូមិ​ព្រែកជីក ដែរ ថ្លែង​ថា ក្រុមហ៊ុន ហេង ហ៊ុយ ឈ្នះ​ក្តី​នៅ​ឃុំ​ជីខលើ ដែល​នៅ​ក្បែរ​ឃុំ​ជីខក្រោម។ ក្រុមហ៊ុន​មិន​យក​ដី​ឃុំ​ជីខលើ ទេ តែ​មក​វាត​យក​ដី​ដល់​ឃុំ​ជីខក្រោម ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ភូមិ​ព្រែកជីក ជាង ២០​គ្រួសារ មាន​ទំហំ​ជាង ៥៨​ហិកតារ។ នៅ​ថ្ងៃ​ទី២៩ ខែ​ឧសភា តុលាការ​ខេត្ត​កោះកុង ហៅ​ប្រជាពលរដ្ឋ​ដែល​ក្រុមហ៊ុន ហេង ហ៊ុយ វាត​យក​ដី​នោះ​មក​ផ្សះផ្សា ដើម្បី​បែង​ចែក​ដី តែ​អ្នក​ភូមិ​មិន​សុខ​ចិត្ត និង​សុំ​ឲ្យ​តុលាការ​ពន្យារ​ការ​ផ្សះផ្សា ១០​ថ្ងៃ​សិន៖ «តែ​ពួក​ខ្ញុំ បើ​មិន​តវ៉ា ពួក​ខ្ញុំ​ប្រឈម​នឹង​ការ​អត់​មាន​ដី​រស់នៅ ហើយ​អីចឹង​ពួក​ខ្ញុំ​មិន​អស់​សង្ឃឹម​ទេ។ ក្នុង​ការ​តវ៉ា ពួក​ខ្ញុំ​នៅ​តែ​តស៊ូ​តវ៉ា​តស៊ូ​ទាមទារ​រក​ដំណោះស្រាយ ស្នើសុំ​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ហើយ​ថ្ងៃ​មុន​ក៏​ពួក​យើង​បាន​ដាក់​ពាក្យ​ទៅ​ខុទ្ទកាល័យ​សម្ដេច​ដែរ ស្នើសុំ​ឲ្យ​លោក​ជួយ​បញ្ជូន​ក្រុម​និស្សិត​ចុះ​វាស់វែង​ដី​តាម​ប្រសាសន៍​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ហេង ហ៊ុយ ប្រធាន​ក្រុមហ៊ុន ហេង ហ៊ុយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ពី​ប្រជាពលរដ្ឋ​ភូមិ​ព្រែកជីក បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី២៩ ខែ​ឧសភា។

មេ​ឃុំ​ជីខក្រោម លោក ឆន ម៉ុន ថ្លែង​ថា ជម្លោះ​ដី​រវាង​ពលរដ្ឋ​ក្នុង​ឃុំ​នេះ​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៩ មុន​គាត់​ចូល​កាន់​តំណែង។ ប៉ុន្តែ នៅ​ឆ្នាំ​២០១០ ក្រសួង​មហាផ្ទៃ បាន​បែង​ចែក​ព្រំប្រទល់​ដី​ឃុំ​ជីខលើ និង​ឃុំ​ជីខក្រោម ហើយ​ដី​ជម្លោះ​នោះ​ពាក់ព័ន្ធ​ភូមិ​ព្រែកជីក នៅ​ក្នុង​ឃុំ​ជីខក្រោម។ អាជ្ញាធរ​ឃុំ​មិន​ទាន់​ដឹង​ថា តើ​ក្រសួង​មហាផ្ទៃ កំណត់​ព្រំប្រទល់​ដី​របស់​ឃុំ​ជីខក្រោម ពី​ត្រឹម​ណា​ដល់​ទៅ​ត្រឹម​ណា​នៅ​ឡើយ។

មន្ត្រី​សម្រប​សម្រួល សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​កោះកុង លោក នាង បូរាទីណូ ថ្លែង​ថា ក្រសួង​មហាផ្ទៃ បាន​បែង​ចែក​កំណត់​ព្រំ​ដី​រួច​ហើយ ដូច្នេះ បើ​មន្ត្រី​អនុវត្ត​សាលក្រម ២០៧ឃ ខុស​ដែន​កំណត់​ដី​ឃុំ សមាគម​នេះ​នឹង​ជួយ​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ៖ «ហើយ​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​ទទូច​ស្នើសុំ គឺ​ធ្វើ​យ៉ាង​ណា​មាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​មាន​ការ​ព្រមព្រៀង​ពី​គូ​ភាគី​ទាំង​សង​ខាង​ដោយ​សន្តិវិធី»

អ្នក​ភូមិ បាន​ឲ្យ​ដឹង​ថា គាត់​ព្រួយ​បារម្ភ​អំពី​ការ​កោះ​ហៅ​របស់​តុលាការ​ខេត្ត​កោះកុង ដែល​អ្នក​ភូមិ​សុំ​ពន្យារ​ការ​ផ្សះផ្សា ១០​ថ្ងៃ​នោះ ប្រសិន​បើ​មាន​ការ​អនុវត្ត​សាលក្រម​ឆ្នាំ​២០០៩ លេខ ២០៧ឃ រឹប​យក​ដី​គាត់​នោះ អ្នក​ភូមិ​ជាង ២០​គ្រួសារ នឹង​គ្មាន​កន្លែង​រស់នៅ ហើយ​និង​ដី​ដាំ​ដុះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។