ពលរដ្ឋ​ជិត​១០០​នាក់​លើក​គ្នា​តវ៉ា​មុខ​ការិយាល័យ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​តាកែវ

មន្ត្រី​ជលផល​ខេត្ត​តាកែវ កោះ​អញ្ជើញ​អ្នក​ភូមិ​ចំនួន ៣​នាក់ ទៅ​អប់រំ និង​ធ្វើ​កិច្ច​សន្យា​មិន​ឲ្យ​បន្ត​កាប់​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​អភិរក្ស​ជម្រក​សត្វ​ក្រៀល។ ការ​កោះ​អញ្ជើញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ជលផល​ខេត្ត​នេះ​បាន​សង្កេត​ឃើញ​ថា ពលរដ្ឋ​ក្នុង​ឃុំ​កំពង់ក្រសាំង កំពុង​កាប់​រុក​រាន​ព្រៃ​ក្នុង​តំបន់​អភិរក្ស ដើម្បី​យក​ដី​ដាំ​ដុះ។

0:00 / 0:00

ប៉ុន្តែ ប្រជាពលរដ្ឋ​មិន​ជឿ​ថា ការ​អញ្ជើញ​នោះ​ជា​ការ​អប់រំ​ទេ បែរ​ជា​គិត​ថា អាច​ជា​ការ​ចាប់​ឃុំ ឬ​ជម្រិត​ទារ​លុយ​ជាដើម ទើប​អ្នក​ស្រុក​លើក​គ្នា​មក​តវ៉ា​រួម​នៅ​មុខ​ការិយាល័យ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​តាកែវ។

ប្រជាពលរដ្ឋ​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ ជិត ១០០​នាក់ លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ការិយាល័យ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ សុំ​ដោះស្រាយ​ជម្លោះ​ដី​ព្រៃ​លិច​ទឹក។

ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ក្តុលជ្រុំ ឃុំ​កំពង់ក្រសាំង លោក សៅ មឿន ថ្លែង​ថា មន្ត្រី​ជលផល​ខេត្ត​តាកែវ បាន​អញ្ជើញ​ពួក​គាត់ ៣​នាក់ មាន​រូប​គាត់ លោក វី ចាន់ និង​លោក សុន រុំ ដើម្បី​មក​បំភ្លឺ​រឿង​ដាំ​ដុះ​លើ​ដី​ក្នុង​ឡូត៍​លេខ​១។ លោក​ថា ដី​អ្នក​ភូមិ​ដាំ​ស្រូវ​ក្នុង​១​គ្រួសារ គឺ​ក្បាល ៣០​ម៉ែត្រ បណ្តោយ​តាម​ទឹក​ស្រក។ ក្នុង​១​ឆ្នាំ​ដាំ​ស្រូវ​បាន​តែ​ម្តង​គត់ ព្រោះ​នៅ​ទី​នោះ ៦​ខែ​លិច​ទឹក ៦​ខែ​គោក។ នៅ​ពេល​ទឹក​ស្រក ពួក​គាត់​នាំ​គ្នា​ដាំ​ស្រូវ​ប្រាំង។ តែ​មន្ត្រី​ជលផល​កោះ​ហៅ​ពួក​គាត់ ៣​នាក់ មក​កាន់​ការិយាល័យ​គេ ទើប​អ្នក​ស្រុក​លើក​គ្នា​មក​ជាមួយ ព្រោះ​ខ្លាច​ហៅ​មក​ទារ​លុយ ឬ​ចាប់​ខ្លួន៖ «អ្នក​ខ្លះ​ភ្ជួរ អ្នក​ខ្លះ​កាប់ ជាប់ ១០០​ហិកតារ​ហ្នឹង ធ្វើ​បណ្ដើរ​អី​បណ្ដើរ​ដល់​រហូត​ឥឡូវ​ហ្នឹង កាត់​ស្មៅ​ស្រែ​ពន្លិច​ទឹក​អី​ហើយ​ហ្នឹង បម្រុង​ទៅ​ធ្វើ តែ​មន្ត្រី​ជលផល​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ទៀត»

អ្នក​ភូមិ​សង្គមមានជ័យ ឃុំ​កំពង់ក្រសាំង លោក វី ចាន់ ឲ្យ​ដឹង​ថា គាត់​រស់​នៅ និង​ដាំ​ស្រូវ​ប្រាំង​នៅ​ក្នុង​ដី​ជាប់​ឡូត៍​លេខ​១ តាំង​ពី​ឆ្នាំ​១៩៩៧ មក។ នៅ​ឆ្នាំ​២០០៦ ពួក​គាត់​ត្រូវ​មន្ត្រី​ជលផល​ហាម​ដាំ​ដុះ និង​តាម​ចាប់​ដាក់​ឃុំ។ នៅ​ឆ្នាំ​២០០៧ តំបន់​គាត់​ដាំ​ស្រូវ​នោះ​បែរ​ជា​មាន​លើក​ស្លាក​អភិរក្ស​សត្វ​ក្រៀល។ នៅ​ឆ្នាំ​២០១២ ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាត់​ឡូត៍​លេខ​១ មក​ឲ្យ​ប្រជាពលរដ្ឋ​រក​នេសាទ​បាន​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មិន​មាន​ដី​ដាំ​ដុះ ក៏​នាំ​គ្នា​ទៅ​សង់​ផ្ទះ ៩៤​ខ្នង លើ​ដី​ធ្លាប់​ដាំ​ដុះ​នោះ។ ប៉ុន្តែ មន្ត្រី​ជលផល​បាន​ទៅ​ដុត​បំផ្លាញ​ផ្ទះ​នោះ​ចោល​ទាំង​ស្រុង។ នៅ​ឆ្នាំ​២០១៣ ក្រោយ​ពី​ទឹក​ស្រក ពួក​គាត់​នាំ​គ្នា​ចុះ​ដាំ​ស្រូវ​ប្រាំង ក៏​ត្រូវ​បាន​មន្ត្រី​ជលផល​កោះ​ហៅ​មក​ការិយាល័យ​តែ​ម្តង៖ «ឆ្នាំ​នេះ​ក៏​ខ្ញុំ​ត្រូវ​តែ​ទៅ ព្រោះ​ស្រូវ ព្រោះ​អី​កន​ខ្ញុំ​មិន​ដេក​នៅ​ចាំ​ពេល​វេលា​ទៀត​ទេ»

នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល លោក សៅ កុសល ពន្យល់​ថា ប្រជាពលរដ្ឋ ៣​នាក់ ដែល​ខណ្ឌ​រដ្ឋបាល​ជលផល​អញ្ជើញ​ឲ្យ​មក​ការិយាល័យ​នេះ​ដើម្បី​អប់រំ កុំ​ឲ្យ​គាត់​កាប់​រាន​ដី​អភិរក្ស​សត្វ​ក្រៀល និង​ព្រៃ​លិច​ទឹក​ត​ទៅ​ទៀត។ លោក​ថា ប្រជាពលរដ្ឋ​ឃុំ​កំពង់ក្រសាំង បារម្ភ​ខ្លាច​មាន​ការ​ចាប់​ខ្លួន​ដោយ​មិន​ដឹង​ថា ការ​អញ្ជើញ​ឲ្យ​មក​នោះ​បែរ​ជា​ទទួល​ការ​អប់រំ​កុំ​ឲ្យ​កាប់​ព្រៃ​លិច​ទឹក ចូល​ក្នុង​ដែន​អភិរក្ស​សត្វ​ទេ។ លោក​ថា ក្រោយ​ពី​អ្នក​ភូមិ​បាន​ឡើង​មក​ដល់​ការិយាល័យ​នេះ ប្រជាពលរដ្ឋ​បាន​ឆ្លៀត​ដាក់​លិខិត​ស្នើសុំ​បែង​ចែក​ព្រំ​ដី​ច្បាស់​លាស់​រវាង​ដី​ប្រជាពលរដ្ឋ និង​ដី​អភិរក្ស​សត្វ​ក្រៀល។

លោក សៅ កុសល៖ «មាន​តំបន់​ដែល​យើង​ត្រូវ​ការពារ​នោះ គឺ​គេ​ចែក​ជា ៣​តំបន់។ ព្រំ​ប្រទល់​តំបន់​ការពារ​មាន ៨.៣០៥​ហិកតារ ព្រំ​ប្រទល់​តំបន់​ស្នូល​មាន ៩១៩​ហិកតារ។ កន្លែង​នោះ គឺ​ជា​កន្លែង​អភិរក្ស​សត្វ​ក្រៀល អ៊ីចឹង​មាន​ប្រជាពលរដ្ឋ​គាត់​ចូល​ទៅ​កាប់​ព្រៃ​លិច​ទឹក​ហ្នឹង ដូច្នេះ​ខាង​ខ្ញុំ​ហ្នឹង​ក៏​បាន​អញ្ជើញ​ពួក​គាត់​មក​ចំនួន ៣​នាក់ ដើម្បី​ឲ្យ​គាត់​ធ្វើ​កិច្ច​សន្យា​ឈប់​រាន​ព្រៃ​លិច​ទឹក​ហ្នឹង​ត​ទៅ​ទៀត ក៏ប៉ុន្តែ មិន​ដឹង​ជា​យ៉ាង​ម៉េច​ដែរ គាត់​លើក​គ្នា​មក​ច្រើន​អ៊ីចឹង គាត់​មក​សុំ​តវ៉ា គាត់​ថា​ខ្លាច​ពួក​ខ្ញុំ​ហ្នឹង បើ​សិន​ជា​អញ្ជើញ​គាត់​មក​ហ្នឹង ខ្លាច​មាន​ការ​ចាប់​ខ្លួន​ចាប់​អី ក៏ប៉ុន្តែ​ធាតុ​ពិត ខ្ញុំ​អត់​មាន​ការ​ចាប់​ខ្លួន​អី​ទេ គឺ​ថា​ខ្ញុំ​ចង់​ណែនាំ​គាត់​ឲ្យ​ស្គាល់​ពី​អ្វី​ទៅ​ដែល​ហៅ​ថា​តំបន់​ការពារ​តំបន់​អភិរក្ស»

ក្រុម​ប្រឹក្សា​ខេត្ត​តាកែវ លោក ម៉ៅ សុផល ឲ្យ​ដឹង​ថា ពលរដ្ឋ​ភាគ​ច្រើន​ដែល​កើត​ក្រោយ​ឆ្នាំ​១៩៩៣ មិន​មាន​ចំណែក​ដី​ដាំ​ដុះ​ទេ។ ពួក​គេ​រស់​នៅ​ជាមួយ​ឪពុក​ម្តាយ ហើយ​មាន​គ្រួសារ​ខ្លះ ឪពុក​ម្តាយ​បាន​លក់​ដី​អស់ ក៏​លើក​គ្នា​មក​នៅ​លើ​ដី​ដែល​ស្ថិត​ក្នុង​ភាព​មិន​ទាន់​មាន​អ្នក​គ្រប់គ្រង​ច្បាស់​លាស់ ទើប​មាន​បញ្ហា​ជម្លោះ​ដីធ្លី​កើត​ឡើង។ ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ក្រសាំង ពួក​គាត់​បាន​រស់​នៅ និង​ដាំ​ដុះ​ស្រូវ​ប្រាំង​ជិត ២០​ឆ្នាំ​កន្លង​មក​ហើយ គួរ​តែ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​តាកែវ ទុក​ដី​នោះ​ឲ្យ​គាត់​បាន​ដាំ​ដុះ​ចិញ្ចឹម​ជីវិត ព្រោះ​ការ​ប្រើប្រាស់​ដី​នោះ​បាន​តែ ៤​ខែ​នៃ​ការ​ដាំ​ស្រូវ​ប្រាំង។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល លោក សៅ កុសល ឲ្យ​ដឹង​ថា ការ​អភិរក្ស​តំបន់​សត្វ​ក្រៀល​នោះ គឺ​អភិរក្ស​ស្មៅ​អភិរក្ស​កន្លែង​ត្រី​បន្ត​ពូជ និង​ជីវចម្រុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។