ប្រធានមន្ទីរផ្នែកសុរិយោដីខេត្ត បញ្ជាក់ថា ការចេញសេចក្តីប្រកាសពេលនេះ ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋដឹងថា ដីរបស់ពួកគាត់នៅពាក់ព័ន្ធនឹងក្រុមហ៊ុន ហើយខាងលោកនឹងសហការជាមួយខាងស្រុក និងឃុំ ដើម្បីពិនិត្យតទៅទៀតថា ប្រជាពលរដ្ឋទាំងនោះកាន់កាប់ពេលណា ដើម្បីងាយស្រួលក្នុងការដោះស្រាយ។
ប្រជាពលរដ្ឋបានឱ្យដឹងថា បន្ទាប់ពីមានការសន្យាពីសំណាក់មន្ត្រីសុរិយោដី និងខាងមន្ត្រីខេត្តក្រចេះ ថានឹងចេញលិខិតប្លង់កម្មសិទ្ធិស្របច្បាប់ដល់ប្រជាជននៅក្នុងឃុំស្នួល ជាង ២០០គ្រួសារ កាលពីពេលថ្មីៗនេះ បានធ្វើឱ្យពួកគាត់ស្ងប់ចិត្តមួយរយៈ។ ប៉ុន្តែ ស្រាប់តែនៅថ្ងៃទី១២ មករា សាលាឃុំស្នួល បានបិទប្រកាសថ្មីមួយ ដោយបញ្ជាក់ថា មានប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលមានជិត ៤០០ក្បាលដី (៣៩១ក្បាលដី) នៅពាក់ព័ន្ធទៅនឹងដីក្រុមហ៊ុនកូរ៉េ ទៅវិញ។
ប្រជាពលរដ្ឋមួយរូបរស់នៅក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា កាលពីពេលដែលមានក្រុមនិស្សិតចុះមកវាស់វែង ហើយចេញសេចក្តីប្រកាសជាសាធារណៈចំពោះបុគ្គលណា ឬក្រុមហ៊ុនណាដែលប៉ះពាល់ចេញមកតវ៉ា ប៉ុន្តែមិនមានអ្នកតវ៉ាទេ តែថ្មីៗនេះបែរជាមានក្រុមហ៊ុនតវ៉ាទៅវិញ៖ «បានខែ១ ឆ្នាំ២០១៤ ហ្នឹង ស្រាប់តែមានការបិទប្រកាសមកពីខេត្តហ្នឹង គាត់មានបិទក្រដាសការប្រកាសផ្សាយសាជាថ្មីថា អ្នកទាំងអស់គ្នាហ្នឹង ទៅជាអ្នកដែលពាក់ព័ន្ធក្រុមហ៊ុនទៅវិញ។ អ៊ីចឹង អាគ្រោងការសម្ដេចទៅបាត់ឈឹងទៅវិញបងមើល។ បទបញ្ជា០១ សម្ដេចដែលឱ្យនិស្សិតវាស់វែង ហើយបិទប្រកាស ៣០ថ្ងៃ ឱ្យតវ៉ាគ្មានអ្នកណាតវ៉ាផង ដល់ឥឡូវស្រាប់តែមានការរុះរើតវ៉ាសាជាថ្មី»។
លោកបន្តថា ការលើកគ្នាមកតវ៉ានៅសាលាឃុំនេះ ដើម្បីស្វែងរកដំណោះស្រាយសមរម្យសម្រាប់ពួកគាត់ក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់។ លោកបន្តថា ប្រសិនបើជាមិនបានដំណោះស្រាយសមរម្យសម្រាប់ពួកគាត់ទេនោះ ពួកគាត់នឹងបន្តតវ៉ានៅមុខសាលាឃុំរហូត។
មេឃុំស្នួល លោក វ៉ាន់ ឌឿន បានមានប្រសាសន៍ថា ពិតជាមានប្រជាពលរដ្ឋមកតវ៉ារឿងដីធ្លីនៅមុខសាលាឃុំមែន ហើយខាងលោកនឹងទៅសម្របសម្រួលជាមួយប្រជាពលរដ្ឋទាំងនោះ ពិសេសត្រូវសួរនាំលម្អិតជុំវិញការមកកាន់កាប់ដីរបស់ពួកគាត់ម្តងទៀត ដើម្បីបញ្ជូនរបាយការណ៍ទៅខាងលើសម្រាប់ងាយស្រួលក្នុងការដោះស្រាយជូនពួកគាត់៖ «ទៅជម្រាបគាត់ថា ឥឡូវវិធីសម្រាប់ដោះស្រាយហ្នឹង យើងត្រូវសួរគាត់ម្នាក់ម្តងៗ ដើម្បីធ្វើជាលិខិតបញ្ជាក់មួយថា គាត់បានដីហ្នឹងពីឆ្នាំណា? គាត់បញ្ជាក់ផ្ទាល់ម្នាក់ៗក្នុងមួយថ្ងៃខ្ញុំមានគណៈកម្មការសរសេរធ្វើសម្ភាសគាត់ហ្នឹង ៥គណៈកម្មការ។ អ៊ីចឹង យើងធ្វើប្រហែលជា ៤ ឬ ៥ថ្ងៃហើយ។ ហើយបានឯកសារហ្នឹងមកហើយ ខ្ញុំនឹងស៊ីញេឃុំត្រាបញ្ជាក់ថា នេះជាព័ត៌មានពិតប្រាកដដែលគាត់ទាមទារតវ៉ាហ្នឹង គឺអ៊ីចឹងរបស់អ្នកដែលមានដីពាក់ព័ន្ធ ដើម្បីទប់ទល់ជាមួយក្រុមហ៊ុន»។
ចំណែកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តក្រចេះ លោក កៅ ម៉ាឌីឡែន បានមានប្រសាសន៍ថា តាមពិតការចេញប្រកាសលើកដំបូងបន្ទាប់ពីមានការវាស់វែងរបស់ក្រុមនិស្សិតរួចនោះ គឺមានការប្ដឹងតវ៉ានៅថ្នាក់លើ ប៉ុន្តែប្រជាពលរដ្ឋមិនបានដឹងរឿងនោះ។ លោកបន្តថា ករណីវាស់វែងដីដើម្បីចុះបញ្ជីជាប្រព័ន្ធ គឺគេត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋជាសាធារណៈក្នុងចន្លោះពេលមួយខែ ដើម្បីប្ដឹងជំទាស់ ហើយក្នុងករណីដីប្រជាពលរដ្ឋនៅឃុំស្នួល គឺមានករណីប្ដឹងជំទាស់ពីសំណាក់ក្រុមហ៊ុនកូរ៉េ ទើបមានការពន្យារក្នុងការចេញប្លង់កម្មសិទ្ធិ ដើម្បីដោះស្រាយបញ្ហាឱ្យរួចជាមុនសិន។
លោក កៅ ម៉ាឌីឡែន៖ «អ៊ីចឹងហើយបានជាម្សិលមិញនេះយើងបានយកបញ្ជីឈ្មោះចំអ្នកដែលត្រូវប្ដឹងតវ៉ាហ្នឹងទៅបិទផ្សាយឱ្យគាត់ដឹង ពីព្រោះក្នុងនីតិវិធី។ នៅក្នុងនីតិវិធីត្រូវដោះស្រាយតាមគណៈកម្មាធិការរដ្ឋបាល ប្រសិនបើគណៈកម្មាធិការរដ្ឋបាលហ្នឹងដោះស្រាយមិនចេញទេ យើងនឹងបញ្ជូនទៅគណៈកម្មាធិការដីទាំងបីថ្នាក់ គឺថ្នាក់ស្រុក ថ្នាក់ខេត្ត និងថ្នាក់ជាតិ។ ហើយទាំងបី យើងមិនអាចសម្របសម្រួលបានទេ យើងរុញទៅតុលាការនេះ ហើយនីតិវិធី។ អ៊ីចឹងហើយបានជាយើងយកឈ្មោះគាត់ទៅបិទដើម្បីឱ្យគាត់បានដឹងជាមុនថា គាត់មានគេប្ដឹងជំទាស់ ហើយដើម្បីរៀបចំឯកសារដែលពាក់ព័ន្ធ យើងនឹងចុះទៅដោះស្រាយ»។
លោកបន្តថា ខាងលោកនឹងសហការជាមួយខាងឃុំ និងស្រុក ដែលជាអ្នកដឹងច្បាស់ចំពោះការចូលមកកាន់កាប់របស់ពលរដ្ឋនៅលើដីនោះ ដើម្បីសួរព័ត៌មានម្តងទៀតថា តើពួកគាត់ចូលមកកាន់កាប់ពេលណា? ប្រសិនបើរកឃើញថា ប្រជាពលរដ្ឋទាំងនោះពិតជាបានមករស់នៅមុនពេលក្រុមហ៊ុនមកវិនិយោគមែន អាជ្ញាធរដែលពាក់ព័ន្ធអាចកាត់ដី និងចេញប្លង់ស្របច្បាប់ទៅប្រជាពលរដ្ឋទាំងនោះ ហើយខាងលោកនឹងត្រូវរៀបចំនីតិវិធីនេះក្នុងរយៈពេលមួយយ៉ាងលឿន តាមតែអាចធ្វើទៅបាន ដើម្បីដោះស្រាយនូវបញ្ហាមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
