ទាហាន​នៅ​ព្រះវិហារ​​បាញ់​សម្លាប់​អ្នក​ភូមិ​ម្នាក់​ក្នុង​ពេល​មាន​ជម្លោះ​ដី

0:00 / 0:00

ទំនាស់​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន​កន្លែង កំពុង​កើត​ចេញ​អំពើ​ហិង្សា​ច្រើន​ប្រភេទ ដូចជា​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដាក់​ពន្ធនាគារ ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ គំរាម​និង​បង្ក្រាប​ទៅ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ជំទាស់​ជាដើម។

ចំណែក​នៅ​ឯ​ខេត្ត​ព្រះវិហារ វិញ ទាហាន​ប្រដាប់​អាវុធ​បាន​បាញ់​សម្លាប់​អ្នក​ភូមិ​ម្នាក់ ក្នុង​ពេល​កើត​មាន​ជម្លោះ​ដីធ្លី​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

​ប្រជាពលរដ្ឋ​មួយ​គ្រូ​សារ​នៅ​ភូមិ​ស្នាផ្អែក ឃុំ​ស្រយង់ ស្រុក​គូលែន កំពុង​ស្នើ​សុំ​ឱ្យ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ជួយ​ការពារ​ពួកគេ​តាម​ផ្លូវ​ច្បាប់ បន្ទាប់​ពី​ទាហាន​នៃ​កងពលតូច​លេខ​៤១ បាន​បាញ់​សម្លាប់​សមាជិក​គ្រួសារ​ម្នាក់។

​ស្ត្រី​ឈ្មោះ វណ្ណា មាន​ប្រសាសន៍​កាល​ពីរ​សៀ​ល​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កក្កដា ថា ​រូប​គាត់​និង​បងប្អូន​ជា​ច្រើន​នាក់​ទៀត​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​រួម​ខេត្ត​ព្រះវិហារ ដើម្បី​ជួប​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ឱ្យ​ជួយ​ជ្រោមជ្រែង​ពួក​គាត់​ខាង​ផ្លូវ​ច្បាប់។

ស្ត្រី​ដដែល​បញ្ជាក់​ថា ក្មួយ​ប្រុស​របស់​គាត់​ម្នាក់​ឈ្មោះ ទ្រី ចំរើន អាយុ ១៨​ឆ្នាំ ត្រូវ​ទាហាន​ប្រដាប់​អាវុធ​មួយ​ក្រុម​ក្នុង​អង្គភាព​កងពលតូច​លេខ ៤១ បាញ់​ស្លាប់ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កក្កដា នៅ​ពេល​ដែល​មាន​ជម្លោះ​ដី​ទំហំ ២​ហិកតារ៖ «កាល​ពី​ដើម​ឡើយ​ហ្នឹង គឺ​ដី​ព្រៃ ហើយ​ដល់​ពេល​ពួក​ខ្ញុំ​ទៅ​ធ្វើ​ចំការ​៣-​៤​ឆ្នាំ​ហើយ​ស្រាប់តែ​ធ្វើ​ស្អាត​ដាំ​សៀង​ហើយ គេ​មក​ថា ដី​ហ្នឹង​របស់​ទាហាន។ ពួក​ខ្ញុំ​ហ្នឹង​ថា ចាំ​មើល​មេ​មក ពួក​ខ្ញុំ​សុំ ដល់​អ៊ីចឹង​ទាហាន​ហ្នឹង​វា​ថា ធ្វើ​តាម​បញ្ជា​មេ អត់​ឱ្យ​ដាំ។ អ្នក​បាញ់​ហ្នឹង​ឈ្មោះ ប៉ះ ហៅ លិន»

នាយ​ប៉ុស្តិ៍​នគរបាល​ស្ដីទី​ឃុំ​ស្រយង់ លោក យ៉ុង ម៉ុក មាន​ប្រសាសន៍​ថា កាល​ពី​វេលា​ម៉ោង​ជាង ៣​រសៀល ថ្ងៃ​ទី​២៧ ខែ​កក្កដា មាន​ទាហាន ៣​នាក់ ក្នុង​កងពលតូច​លេខ​៤១ ប្រដាប់​ដោយ​អាវុធ​អាកា (AK47) បាន​ទៅ​ដណ្ដើម​យក​ដី​ចំការ​ដែល​ប្រជាពលរដ្ឋ​កំពុង​ដាំ​សណ្ដែកសៀង។ នៅ​ពេល​ទៅ​ដណ្ដើម​ដី​ចំការ​នោះ គឺ​ទាហាន​ម្នាក់​ឈ្មោះ យេន បាន​យក​ម៉ាស៊ីន​ទៅ​អារ​ផ្ដួល​ដើម​ឈើ​រលំ​សង្កត់​លើ​ដំណាំ​របស់​ប្រជាពលរដ្ឋ ហើយ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ស្ដី​បន្ទោស​ទាហាន​ម្នាក់​ទៀត​ឈ្មោះ ពឿន ប៉ះ ហៅ លិន ក៏​យក​អាវុធ​បាញ់​ប្រជាពលរដ្ឋ​តែម្ដង។

លោក យ៉ុង ម៉ុក៖ «បាញ់​ត្រូវ​មនុស្ស ២​គ្រាប់ ដល់​ពេល​ពួក​ហ្នឹង​ទៅ​ចាប់​ទៅ​បាញ់​ដី ១​គ្រាប់​ទៀត។ ប្រជាជន​ហ្នឹង​របួស​បញ្ជូន​ដល់​មណ្ឌល​សុខភាព​កោះកែ ស្រយង់ យើង​ក៏​ដាច់​ខ្យល់​ស្លាប់​តែម្ដង»

​មន្ត្រី​ប៉ូលិស​ដដែល​បញ្ជាក់​ថា កម្លាំង​ប៉ូលិស​បាន​ចាប់​ខ្លួន​ទាហាន​ម្នាក់​ឈ្មោះ ពឿន ប៉ះ ដែល​ជា​ជន​ដៃដល់​ក្នុង​ការ​បាញ់​សម្លាប់​មនុស្ស​ភ្លាមៗ ចំណែក​ទាហាន​ម្នាក់​ទៀត​ឈ្មោះ យេន បាន​រត់​គេច​ខ្លួន​នៅ​ពេល​កើត​ហេតុ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​ហៅ​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​នោះ​ថា ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

​លោក ឡោ ចាន់ បញ្ជាក់​ថា នេះ​ជា​អំពើ​ឃោរឃៅ​លើក​ដំបូង​ក្នុង​រឿង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ បន្ទាប់​ពី​មាន​ករណី​បាញ់​គំរាម ដើម្បី​រារាំង​សហគមន៍​អូរពោធិ៍ នៃ​ឃុំ​រមណី ស្រុក​រវៀង មិន​ឱ្យ​តវ៉ា​ជម្លោះ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន ទ្រី ភាព កាលពី​ថ្ងៃ​ទី​២ ខែ​កក្កដា ម្ដង​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។