ជីវភាព​ពលរដ្ឋ​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​នៅ​ឧត្ដរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ដែល​ស្ថិត​នៅ​ភាគ​ឧត្តរ​របស់​ប្រទេស​កម្ពុជា ហើយ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ នៅ​តែ​មាន​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឬ​ក៏​ជាមួយ​នឹង​កង​ទាហាន​ខ្លះ​នៅ​ឡើយ។

0:00 / 0:00

ជិត ២​ឆ្នាំ​កន្លង​មក​ហើយ រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ដោះស្រាយ និង​បញ្ចប់​បញ្ហា​ទំនាស់​ដីធ្លី​តាម​យន្តការ​អនុវត្តន៍​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី ដោយ​មាន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ជា​ច្រើន​ពាន់​នាក់ ចុះ​វាស់វែង​ដីធ្លី និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​អ្នក​ភូមិ​នៅ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន។ ទោះ​យ៉ាង​ណា ទំនាស់​ដីធ្លី​ខ្លះ​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បាន​តាម​រយៈ​យន្តការ​ខាង​លើ​នោះ​នៅ​ឡើយ​ទេ។

សំឡេង​អំពាវនាវ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន រស់នៅ​ក្នុង​ភូមិ​អូរតាម៉េង នៃ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ដែល​អះអាង​ថា ពួក​គេ​ជា​ច្រើន​គ្រួសារ​ទទួល​រង​វេទនា​គ្មាន​ស្បៀង​អាហារ​គ្រប់គ្រាន់ និង​គ្មាន​ទីលំនៅ​ច្បាស់​លាស់​ជិត ២​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​យក​ដី​កសិកម្ម​របស់​ពួក​គេ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​មក។

ក្រុម​អ្នក​ភូមិ​ប្រមាណ​ជិត ១២០​គ្រួសារ​នៅ​ទីនោះ បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​មាន​ក្រុមហ៊ុន​ចំនួន​២ ឈ្មោះ ទុមរីង រ៉ាប់ប៊ឺ (Tum Ring Rubber) និង​ដាតា រ៉ាប់ប៊ឺ (Data Rubber) បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ១​ម៉ឺន ៥​ពាន់​ហិកតារ​នៅ​ទីនោះ បាន​បង្ខំ​ឱ្យ​ពួក​គេ​ចាក​ចេញ​ពី​ភូមិ និង​ដី​ស្រែ​ចម្ការ​ដែល​ធ្លាប់​ធ្វើ​ចិញ្ចឹម​ជីវិត បណ្ដាល​ឱ្យ​ពួក​គេ​គ្មាន​ដី​ធ្វើ​កសិកម្ម និង​គ្មាន​សង្ឃឹម​អ្វី​ត​ទៀត​ឡើយ។

អ្នក​ភូមិ​អូរតាម៉េង ម្នាក់ គឺ​អ្នកស្រី សន សារីម គាត់​បាន​មាន​ប្រសាសន៍​ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា ដី​ចម្ការ​របស់​គាត់​ចំនួន ៥​ហិកតារ និង​ដី​របស់​កូន​ចំនួន ៥​ហិកតារ​ទៀត ដែល​ដាំ​ស្វាយចន្ទី ចេក អំពៅ បាន​ផល​ចិញ្ចឹម​ជីវិត​ជាង ១០​ឆ្នាំ​មក​ហើយ ត្រូវ​ក្រុមហ៊ុន​គេ​ដោះដូរ​ឱ្យ​ដី​កន្លះ​ហិកតារ និង​បាន​ឈូស​ដំណាំ​របស់​គាត់​អស់ ដើម្បី​យក​ដី​ដាំ​កៅស៊ូ។ ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ដូរ​ដី​ឱ្យ​គាត់ គឺ​ប៉ះ​ចំ​លើ​ដី​ដែល​មាន​ម្ចាស់ ហើយ​ម្ចាស់​ដី​នោះ​បាន​មក​យក​ដី​របស់​គេ​វិញ បណ្ដាល​ឱ្យ​រូប​គាត់​បច្ចុប្បន្ន​មិន​មាន​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ទាល់​តែ​សោះ។

អ្នកស្រី សន សារីម បញ្ជាក់​ថា បច្ចុប្បន្ន គាត់​បាន​អាហារ​ហូប​ដោយសារ​តែ​ដើរ​ស៊ី​ឈ្នួល​ដក​ដំឡូង​ឱ្យ​គេ​ជាដើម៖ «ចុង​ឆ្នាំ​២០១១ ខែ​កញ្ញា ខ្ញុំ​កំពុង​ដាំ​ល្ង ដាំ​សណ្ដែក​សៀង ដល់​ពេល​នេះ គេ​ទៅ​ភ្ជួរ​ចោល​ដំណាំ​ខ្ញុំ ហើយ​ទៅ គេ​ឈូស​ក្រឡឹង​ជុំវិញ​ខ្ទម​ផ្ទះ​ខ្ញុំ​ហ្នឹង​ទៅ ហើយ​គេ​ដេញ​អត់​ឱ្យ​យើង​នៅ​ទេ គេ​ថា​ដី​នេះ​ជា​ដី​គេ ជា​ដី​រដ្ឋ។ ហើយ​ដល់​ពួក​ខ្ញុំ​មិន​ដឹង​ទៅ​នៅ​ឯ​ណា ដើរ​តវ៉ា​គ្រប់ ដល់​ស្រុក​ដល់​អី​អស់​ហើយ ដល់​ពេល​អត់​ឃើញ​មាន​គេ​ដោះស្រាយ​ឱ្យ ពួក​ខ្ញុំ​មាន​តែ​ដើរ​នៅ​តាម​ចិញ្ចើម​ថ្នល់​រាល់​ថ្ងៃ​ហ្នឹង»

ក្រុម​អ្នក​ភូមិ​អូរតាម៉េង ជាច្រើន​គ្រួសារ​ទៀត សុទ្ធ​តែ​បាន​ត្អូញត្អែរ និង​បង្ហាញ​ស្ថានភាព​គ្រួសារ​ដូច​ជា​អ្នកស្រី សន សារីម ដែរ។

បុរស​ចំណាស់ និង​ពិការ​ជើង​ផង ឈ្មោះ លឹម ស្ងួន អាយុ ៦២​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា គាត់​បាន​កាប់​គាស់​ដី​ធ្វើ​ចម្ការ​ជិត ១០​ហិកតារ នៅ​ភូមិ​អូរតាម៉េង នោះ តាំង​តែ​ពី​អំឡុង​ឆ្នាំ​១៩៩៨-១៩៩៩ បន្ទាប់​ពី​ក្រុម​ខ្មែរ​ក្រហម​នៅ​អន្លង់វែង ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​មក។ ក៏ប៉ុន្តែ ក្រុមហ៊ុន​ទុមរីង រ៉ាប់ប៊ឺ បាន​ឈូស​ឆាយ​ដំណាំ និង​យក​ដី​របស់​គាត់​រយៈពេល​ជិត ២​ឆ្នាំ​មក​ហើយ។ បុរស​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ដោះដូរ​ដី​ឱ្យ​មក​គាត់​វិញ​ទំហំ​កន្លះ​ហិកតារ ជាមួយ​និង​ការ​ព្រមាន​ថា បើ​មិន​ព្រម​ទទួល​យក​ទេ គឺ​មាន​តែ​អត់។

លោក លឹម ស្ងួន បាន​ឱ្យ​ដឹង​ថា គាត់​បាន​ទទួល​យក​ដី​នោះ​ទាំង​តូច​ចិត្ត ហើយ​ចាប់​តាំង​ពី​នោះ​មក ស្ថានភាព​គ្រួសារ​របស់​គាត់​ធ្លាក់​ដុនដាប​ជា​ខ្លាំង៖ «ខ្ញុំ​តូច​ចិត្ត​ខ្លាំង​ណាស់ ព្រោះ​ដី​ខ្ញុំ​វា​អាច​ចិញ្ចឹម​ជីវិត​ប្រពន្ធ​កូន​រស់ ដល់​គេ​ឱ្យ​កន្លះ​ហិកតារ ខ្ញុំ​ចិញ្ចឹម​ជីវិត​កូន​ចៅ​អត់​រស់​ទេ។ អូយ! លំបាក​វេទនា​ណាស់ ខ្ញុំ​ទៅ​ស៊ី​ឈ្នួល​គេ ហើយ​ដើរ​រើស​ក​ស្រូវ​កន្លែង​សុខារិទ្ធិ ទៅ​ហើយ។ កំសត់ សូម្បី​តែ​ម្ហូប​អាហារ​ក៏​អត់​ដែរ​រាល់​ថ្ងៃ​នេះ ហើយ​អង្ករ​ហ្នឹង​បាន​តែ​ម៉ា​ស៊ី​ឈ្នួល គាស់​ដំឡូង​គេ​ទៅ ខ្លួន​ឯង​ពិការ​ទៀត មាន​បាន​ខ្លាំងក្លា​ដូច​គេ​ឯណា។ សូម​សម្ដេច​លោក​ជួយ​ខ្ញុំ​ផង ខ្ញុំ​ធ្វើ​អី​លែង​កើត​ហើយ ខ្ញុំ​អាយុ ៦០​ជាង​ទៅ​ហើយ»

រយៈពេល ២​ឆ្នាំ​មក​នេះ ដោយសារ​គ្មាន​ដី​ធ្វើ​កសិកម្ម​គ្រប់គ្រាន់ គ្មាន​កន្លែង​រស់នៅ​ច្បាស់​លាស់ និង​មិន​អាច​រង់ចាំ​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​បាន​ត​ទៅ​ទៀត ក្រុម​អ្នក​ភូមិ​ជាច្រើន​គ្រួសារ​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ដី​ចាស់​របស់​គេ​វិញ ដែល​បច្ចុប្បន្ន​ជា​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​ទៅ​ហើយ។ ក្រុម​អ្នក​ភូមិ​បាន​ឱ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗ នៅ​ពេល​ដែល​គេ​យក​សសរ​ជាច្រើន​ទៅ​សង់​ខ្ទម​រស់នៅ​ឡើង​វិញ គឺ​មាន​អ្នក​យក​ម៉ាស៊ីន​ទៅ​លួច​អារ​សសរ​ទាំង​នោះ​ចោល​អស់ ហើយ​បន្ទាប់​មក នៅ​ពេល​ដែល​ក្រុម​អ្នក​ភូមិ​នៅ​តែ​ជម្នះ​ចូល​ទៅ​សង់​ខ្ទម​តាម​កន្លែង​ចាស់​របស់​ពួក​គេ​វិញ គឺ​កង​ការពារ​ក្រុមហ៊ុន​បាន​ប្រើ​អាវុធ​បាញ់​បង្ហើរ​លើ​ក្បាល ដើម្បី​គំរាម​ជាច្រើន​គ្រាប់​ផង។ ទោះ​យ៉ាង​ណា អ្នក​ភូមិ​បាន​តាំង​ចិត្ត​ថា ពួក​គេ​សុខ​ចិត្ត​ស្លាប់​នៅ​លើ​ដី​ចាស់​របស់​ពួក​គេ ប្រសើរ​ជា​ជាង​ការ​ចាក​ចេញ​ដោយ​គ្មាន​ដី​ថ្មី​ធ្វើ​កសិកម្ម និង​រស់នៅ​ដោយ​ភាព​អត់​ឃ្លាន​នោះ​ដែរ។

ការ​ស្រាវជ្រាវ​ឯកសារ បាន​ឱ្យ​ដឹង​ថា កាល​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១១ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ជម្រាប​ទៅ​ក្រសួង​បរិស្ថាន​ថា រដ្ឋាភិបាល​បាន​យល់​ព្រម​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ទុមរីង រ៉ាប់ប៊ឺ នូវ​ដី​សម្បទាន​ចំនួន ៧.៧៥០​ហិកតារ និង​ក្រុមហ៊ុន​ដាតា រ៉ាប់ប៊ឺ ចំនួន ៧.៧០០​ហិកតារ នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុង​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ធ្វើ​វិនិយោគ​វិស័យ​ដំណាំ​កសិឧស្សាហកម្ម។

មន្ត្រី​ឧទ្យាន​នុរក្ស​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ធ្លាប់​បាន​បញ្ជាក់​ថា ការ​បោះ​បង្គោល​កំណត់​ព្រំ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​នោះ គឺ​បាន​ប៉ះពាល់​ទៅ​លើ​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​មែន ហើយ​ភូមិ​ដែល​ប៉ះពាល់​ច្រើន​ជាង​គេ គឺ​ភូមិ​រំចេក។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ការ​ទាក់ទង​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ទាំង​ពីរ ដើម្បី​នឹង​ធ្វើ​ការ​អធិប្បាយ​បញ្ហា​នោះ​បាន​ទេ។

មេ​ភូមិ​អូរតាម៉េង លោក ញ៉ែម ប៊ុនចាន់ បាន​មាន​ប្រសាសន៍​ថា តាម​លោក​ស្រង់​ស្ថិតិ គឺ​មាន​ប្រជាពលរដ្ឋ​ចំនួន ១១៩​គ្រួសារ ដែល​កំពុង​តែ​ទទួល​រង​ការ​ប៉ះពាល់ ដោយសារ​ក្រុមហ៊ុន​យក​ដី​របស់​ពួក​គេ​នោះ។ អ្នក​ភូមិ​ទាំង​នោះ​បាន​លើក​គ្នា​ទៅ​ជួប​មន្ត្រី​ឃុំ ស្រុក ជាច្រើន​ដង​មក​ហើយ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ និង​រក​ដី​មក​ដោះដូរ​ឱ្យ​ពួក​គេ​ឱ្យ​បាន​សមរម្យ ក៏ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​អ្វី​ឡើយ។

២០-មីនា-២០១៣៖ ខ្ទម​របស់​ពលរដ្ឋ​សង់​លើ​អតីត​ដី​ភូមិ​របស់​ខ្លួន ដែល​បច្ចុប្បន្ន​ដី​នោះ​ក្រុមហ៊ុន​ឈូស​ឆាយ​ដាំ​កៅស៊ូ នៅ​ ភូមិ​អូរតាម៉េង នៃ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ។
២០-មីនា-២០១៣៖ ខ្ទម​របស់​ពលរដ្ឋ​សង់​លើ​អតីត​ដី​ភូមិ​របស់​ខ្លួន ដែល​បច្ចុប្បន្ន​ដី​នោះ​ក្រុមហ៊ុន​ឈូស​ឆាយ​ដាំ​កៅស៊ូ នៅ​ ភូមិ​អូរតាម៉េង នៃ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ។ (RFA/Hang Savyouth)

លោក​មេ​ភូមិ​បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​របស់​លោក​ភាគ​ច្រើន គឺ​ទី​ពឹង​តែ​លើ​ការ​ធ្វើ​ស្រែ​ចម្ការ ក៏ប៉ុន្តែ ពួក​គេ​បាត់​បង់​ដី​កសិកម្ម​ជាង ១​ឆ្នាំ​មក​ហើយ៖ «ប្រជាពលរដ្ឋ​ហ្នឹង គាត់​នៅ​ព្រួយ​បារម្ភ គាត់​ចេះ​តែ​ទទូច​ឱ្យ​ខ្ញុំ​ហ្នឹង​ជួយ​ដោះស្រាយ ក៏ប៉ុន្តែ​ខ្ញុំ​ជា​អាជ្ញាធរ​នេះ បាន​ប្រឹងប្រែង​ដើម្បី​ធ្វើ​ការ​ជ្រោមជ្រែង​ជួយ។ ក៏ប៉ុន្តែ ខាង​ថ្នាក់​លើ​ហ្នឹង គាត់​នៅ​តែ​ថា​នឹង​ដោះស្រាយ​ជូន​កន្លង​មក។ ដល់​តែ​ផ្ទៃដី​របស់​គាត់​បាត់​បង់​អីចឹង ធ្វើ​ឱ្យ​ការ​រស់រាន​មាន​ជីវិត​របស់​គាត់​ថយ​ចុះ​យ៉ាង​ខ្លាំង»

ចំណែក​លោក យឹម ផាន់ណា អភិបាល​ស្រុក​អន្លង់វែង ​បាន​បញ្ជាក់​ថា កន្លង​ទៅ​ជាង​១​ឆ្នាំ​មុន ក្រុមហ៊ុន​ទុមរីង រ៉ាប់ប៊ឺ បាន​ដោះស្រាយ​គោល​នយោបាយ​ដី​ជិត ១០០​ប្លង់​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រួច​ហើយ​ដែរ។ ក៏ប៉ុន្តែ ឆ្នាំ​នេះ​ក៏​ឮ​ថា​មាន​អ្នក​រស់នៅ​ជាន់​លើ​ដី​របស់​អ្នក​ដទៃ​ចំនួន ៦​គ្រួសារ​ប៉ុណ្ណោះ ហើយ​កាល​ពី​លោក​ចុះ​ទៅ​ពិនិត្យ​នោះ គឺ​មាន​តែ​ប្រជាពលរដ្ឋ​ជាង ១០​គ្រួសារ​ទេ ដែល​នៅ​មាន​បញ្ហា។

លោក យឹម ផាន់ណា៖ «ខ្ញុំ​ថា អត់​ពិបាក​ទេ​ប៉ុណ្ណឹង ហើយ​ក្រុមហ៊ុន​ក៏​គេ​ឯកភាព​តាម​សំណើ​របស់​អាជ្ញាធរ​ស្រុក ដែល​ស្នើ​ឱ្យ​គេ​គ្រោង​ដោះ​របៀប​អីចឹង។ ទៅ​រំលង ២​ថ្ងៃ​ឱ្យ​មេ​ឃុំ គាត់​ចុះ​ទៅ​សម្រេច​ការ​ជាមួយ​ក្រុមហ៊ុន​ជាមួយ​ក្រុម​បច្ចេកទេស​អី មាន​អា​ក្រុម​ញោះ គាត់​មិន​ព្រម​យក គាត់​ទៅ​យក​អា​ដី​ជំនាន់​មុន​ដែល​មាន​ការ​សម្រប​សម្រួល​ជាមួយ​ក្រុមហ៊ុន​ហើយ។ គាត់​ទៅ​ធ្វើ​នៅ​កន្លែង​ដែល​គេ​ឈូស​ស្រឡះ​រួច​ហើយ កន្លែង​ខ្លះ​មាន​ទាំង​កូន​កៅស៊ូ​ទៀត»

ទោះ​យ៉ាង​ណា លោក ស្រី ណារ៉េន អ្នក​សម្រប​សម្រួល​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ បាន​ចាត់​ទុក​ថា អាជ្ញាធរ​មិន​ទាន់​មាន​ឆន្ទៈ​ច្បាស់​លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​នៅ​ឡើយ​ទេ។ សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​បញ្ហា​នោះ​នៅ​តែ​មិន​ព្រម​ដោះស្រាយ គឺ​ប្រជាពលរដ្ឋ​ជាច្រើន​នឹង​ទទួល​រង​ការ​ប៉ះពាល់​ជីវភាព​ប្រចាំ​ថ្ងៃ​ធ្ងន់ធ្ងរ ហើយ​នឹង​អាច​ផ្ទុះ​ចេញ​ជា​បញ្ហា​ធំ​ដុំ​នៅ​ពេល​ណា​មួយ​ក៏​ថា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។