ពលរដ្ឋ​នៅ​ខេត្ត​រតនគិរី​ព្រមាន​ប្ដឹង​ក្រុមហ៊ុន​វៀតណាម​ករណី​រំលោភ​ដីធ្លី

តំណាង​ប្រជាពលរដ្ឋ​ភូមិ​បី ឃុំ​ស្រែអង្ក្រង នៅ​ថ្ងៃ​ពុធ ទី​១៥ ខែ​មករា បាន​ធ្វើ​ដំណើរ​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត ដើម្បី​ដោះស្រាយ​រឿង​រំលោភ​យក​ដី​អ្នក​ភូមិ។ ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ដល់​ថ្នាក់​ខេត្ត​នេះ ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្រុក យឺត​យូរ​មិន​បាន​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ។ ចំណែក​អាជ្ញាធរ​ស្រុក ភ្លាមៗ​នោះ​បាន​ណែនាំ​ឲ្យ​តំណាង​ពលរដ្ឋ ៧​នាក់ ត្រឡប់​ទៅ​ភូមិ​វិញ និង​សន្យា​ថា​នឹង​ចុះ​ស៊ើប​អង្កេត​ដោះស្រាយ​ករណី​នេះ។

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ លោក ប៊ុន ខាំហ្វន មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​បាន​យល់​តាម​ការ​សន្យា​នេះ ប៉ុន្តែ​ប្រសិន​ជា​ការ​សន្យា​ដើម្បី​អូស​បន្លាយ​ពេល​វេលា​ត​ទៅ​ទៀត ពួក​គាត់​នឹង​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ដាក់​ជូន​អាជ្ញាធរ​ខេត្ត៖ «គេ​ហៅ​ចូល​ទៅ​កន្លែង​គេ​សិន អា​រឿង​មក​បិទ​របង​ផ្លូវ​គោ​ក្របី​ប្រជាជន​រស់​នៅ​ណា! ខ្ញុំ​រាយការណ៍​ប្រាប់​គេ​អស់​ហើយ​ព្រឹក​មិញ​នេះ»

កាល​ពី​សប្ដាហ៍​មុន មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​រតនគិរី បាន​ចុះ​អង្កេត​សេចក្តី​រាយការណ៍​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ សង្កេត​ឃើញ​ថា ដី​ដែល​ម្ចាស់​រោងចក្រ​ហ៊ុមព័ទ្ធ​របង​នោះ មួយ​ផ្នែក​ជា​ដី​សម្រាប់​សង់​លំនៅឋាន ដី​ស្រែ និង​ទួល​ចិញ្ចឹម​សត្វ​របស់​អ្នក​ភូមិ​ដែល​ឋិត​នៅ​ជាប់​បរិវេណ​រោងចក្រ​កែច្នៃ។ ដី​ទាំងអស់​នោះ អ្នក​ភូមិ​ចាត់​ទុក​ថា ជា​ដី​ត្រៀម​បម្រុង​របស់​ពលរដ្ឋ ហើយ​ត្រូវ​ក្រុមហ៊ុន​ហ៊ុមព័ទ្ធ​របង​បិទ​ផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​បាន។

អភិបាល​ស្រុក​កូនមុំ លោក លឿង ចាន់ធៀង ថ្លែង​បញ្ជាក់​ថា លោក​នឹង​ចាត់​មន្ត្រី​ចុះ​ស៊ើប​អង្កេត​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​តវ៉ា​នេះ។ លោក​បន្ត​ថា អាជ្ញាធរ​ស្រុក​នឹង​ធ្វើ​របាយការណ៍​សុំ​គោលការណ៍​សម្រេច​ពី​អាជ្ញាធរ​ខេត្ត ក្រោយ​ពេល​ការ​ស៊ើប​អង្កេត​បាន​បញ្ចប់៖ «យើង​អត់​ទាន់​មាន​ការ​ដោះស្រាយ​ទេ យើង​ចុះ​ស៊ើប​អង្កេត​មិន​ទាន់​បាន​កំណត់​ទេ។ នៅ​ពេល​យើង​កំណត់ យើង​ធ្វើ​របាយការណ៍​ឡើង​មក​ខេត្ត​ហើយ»

មេ​ឃុំ​ស្រែអង្ក្រង លោក ឈឹម សុឃឹម កន្លង​ទៅ​នេះ បាន​ចាត់​ទុក​ថា ម្ចាស់​រោងចក្រ​កែច្នៃ​ឈើ​មាន​ចេតនា​រំលោភ​យក​ដី​ប្រជាពលរដ្ឋ។ លោក​អះអាង​ថា កន្លង​ទៅ​នេះ​ក្រុមហ៊ុន ហ័ងអាញ់ អណ្ដូងមាស (Hoang Anh Andong Meas) បាន​កាត់​ចេញ​ដី ១០​ហិកតារ​ពី​ដី​សម្បទាន​ប្រគល់​មក​ប្រជាពលរដ្ឋ​ទុក​ជា​ដី​ត្រៀម​បម្រុង​សហគមន៍ ប៉ុន្តែ​ម្ចាស់​រោងចក្រ​កែច្នៃ​ឈើ​នៅ​តែ​បំពាន៖ «អត់​ត្រឹមត្រូវ​ទេ បើ​គាត់​យក​អស់​រក​កន្លែង​គ្នា​ដើរ​គ្មាន ហើយ​មិន​ឲ្យ​យើង​ចូល​ទៀត​ដោយ​មាន​ព័ទ្ធ​ដែក​ស័ង្កសី​តែ​ម្តង។ ក្រុមហ៊ុន ហ័ងអាញ់ លំផាត់ គាត់​អត់​បាន​យក គាត់​បាន​ប្រគល់​មក​ខាង​ពួក​ខ្ញុំ​វិញ។ ខ្ញុំ​មាន​កំណត់​ហេតុ​ត្រឹមត្រូវ ប៉ុន្តែ​គាត់​អត់​គោរព គាត់​ចេញ​ពី​សាលា​ឃុំ​ទៅ គាត់​បញ្ជា​ឲ្យ​កម្មករ​ធ្វើ​តែ​ម្តង។ អ៊ីចឹង ខ្ញុំ​ធ្វើ​ពាក្យ​ដាក់​ទៅ​ស្រុក ប៉ុន្តែ​ស្រុក​មិន​ទាន់​បាន​ចុះ​មក​ដោះស្រាយ»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី បាន​កត់​សម្គាល់​ថា ពីរ​លើក​រួច​មក​ហើយ​ដែល​ប្រជាពលរដ្ឋ​បាន​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា សមាគម​លោក​បាន​ត្រៀម​រៀប​ចំ​ពាក្យ​បណ្ដឹង​ជូន​ប្រជាពលរដ្ឋ ដើម្បី​ដាក់​ជូន​អាជ្ញាធរ​ខេត្ត ប្រសិន​អាជ្ញាធរ​ឃុំ​ស្រុក​នៅ​តែ​អូស​បន្លាយ​ពេល​វេលា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ៖ «គាត់​ឡើង​មក​ខាង​អាជ្ញាធរ​ខេត្ត ដើម្បី​ជំរុញ​ឲ្យ​ថ្នាក់​ស្រុក​ថ្នាក់​ឃុំ​ពន្លឿន​ដោះស្រាយ​ឲ្យ​ពួក​គាត់​ឲ្យ​បាន​ឆាប់ៗ»

យ៉ាង​នេះ​ក្តី មន្ត្រី​ស្រុក​កូនមុំ មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ដី​ដែល​ក្រុមហ៊ុន​កែច្នៃ​ឈើ​ហ៊ុម​របង​ព័ទ្ធ​យក គឺ​ជា​ដី​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​សម្រាប់​ជា​ទី​ទួល​សុវត្ថិភាព ជម្លៀស​សត្វ​ពាហនៈ​នៅ​គ្រា​មាន​ទឹក​ជំនន់​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។