ទោះជាយ៉ាងណា អាជ្ញាធរស្រុកតំបែរ បញ្ជាក់ថា ដីសហគមន៍នោះ គឺរដ្ឋាភិបាលបានចេញ ស.ជ.ណ បញ្ជាក់ថាជាដីរបស់រដ្ឋរួចហើយ ហើយប្រសិនបើគ្មានការយល់ព្រមពីរដ្ឋាភិបាលទេ ដីនោះមិនអាចជាកម្មសិទ្ធិរបស់បុគ្គលណាមួយបានឡើយ។
ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំត្រពាំងព្រីង កំពុងមានការព្រួយបារម្ភខ្លាចដីសហគមន៍ត្រពាំងព្រីង ធ្លាក់ចូលក្នុងដៃឈ្មួញទិញដី បន្ទាប់ពីពួកគេដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យយល់ព្រមផ្ដិតមេដៃលក់ដីនោះ។
ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តកំពង់ចាម សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា សកម្មភាពឱ្យប្រជាពលរដ្ឋផ្ដិតមេដៃ ហើយឱ្យលុយ ១លានរៀលនេះ បានកើតឡើងមុនពេលបុណ្យភ្ជុំបិណ្ឌ។ លោកបន្តថា គ្រួសារលោកមិនបានយល់ព្រមផ្ដិតមេដៃនោះទេ ពីព្រោះកន្លងមកមានករណីបែបនេះបានកើតឡើងក្នុងឃុំត្រពាំងព្រីង ដែរ។ ហើយចុងក្រោយ ដីមួយចំនួនត្រូវបានទៅលើដៃឈ្មួញ ហើយម្យ៉ាងទៀត ក្នុងលិខិតលក់ទិញដីនោះមិនបានបញ្ជាក់ត្រឹមត្រូវនោះទេ៖ «មូលហេតុដែលខ្ញុំអត់ផ្ដិត ដោយសារខ្ញុំបានមើលក្រដាសស្នាមហ្នឹង! លិខិតលក់ទិញដីចម្ការ ប៉ុន្តែដីហ្នឹងដីបង្កបង្កើនផលបាទ! ប៉ុន្តែចំណុចដែលឱ្យផ្ដិតមេដៃហ្នឹង ដីបង្កបង្កើនផលអាដីដែលគេឱ្យផ្ដិតហ្នឹង មិនមែនជាដីបង្កបង្កើនផលទេ! ដីនៅគល់នៅព្រៃទេ។ អត់មានស៊ីញេ គឺគ្រាន់តែថាលិខិតហ្នឹងគេឱ្យប្រជាពលរដ្ឋផ្ដិតមេដៃហ្នឹង គ្រាន់តែសរសេរឈ្មោះនាមត្រកូល ឈ្មោះប្ដីឈ្មោះប្រពន្ធ ប៉ុន្តែបើប្ដីទៅ ប្ដីអាចផ្ដិតមេដៃមួយ ផ្ដិតចង្អុលដៃមួយ ជំនួសប្រពន្ធ»។
ប្រជាពលរដ្ឋដដែលបានបន្ថែមទៀតថា គាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពបែបនេះ ដោយលោកខ្លាចបាត់បង់ដីសហគមន៍ និងខ្លាចបាត់បង់ដីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះតែម្តង។
ប្រជាពលរដ្ឋមួយរូបទៀត ដោយសុំមិនបញ្ចេញឈ្មោះដែរនោះ បានឱ្យដឹងថា នៅពេលដែលលោកមិននៅផ្ទះ ប្រពន្ធរបស់លោកបានយល់ព្រមផ្ដិតមេដៃទទួលលុយរួចហើយ។ ប៉ុន្តែ លោកនៅតែព្រួយបារម្ភខ្លាចដីនោះបានទៅឈ្មួញ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ៖ «ខ្ញុំគិតមើលទៅប្រហែលជាអ្នកទិញហ្នឹងវាចង់បានស្នាមមេដៃប្រជាពលរដ្ឋ ពីព្រោះអ្នកទិញហ្នឹងច្រើនគ្នា ហើយអ្នកខ្លះបានមេដៃ ខ្លះអត់ ថៅកែអ្នកទិញហ្នឹងបង! ដល់អ៊ីចឹង គេយកលុយមកចំណាយដើម្បីបានមេដៃប្រជាពលរដ្ឋ ដើម្បីទៅដីវាទិញបុកគ្នាពេញហ្នឹងថៅកែធំៗ»។
ចំពោះបញ្ហានេះ មេឃុំត្រពាំងព្រីង លោក មុំ សាប៊ុន បានមានប្រសាសន៍ថា សកម្មភាពដើរផ្ដិតមេដៃ ហាក់ដូចជាស្ងប់ស្ងាត់ទៅវិញហើយមកដល់ពេលនេះ។ លោកបន្តថា មានប្រជាពលរដ្ឋជាច្រើនរយគ្រួសារ បានយល់ព្រមផ្ដិតមេដៃលើលិខិតទិញដីនោះ ប៉ុន្តែភាគច្រើនមិនមែនជាប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ នៅក្នុងឃុំត្រពាំងព្រីង នោះទេ។ លោកបន្តទៀតថា គ្រាន់តែទទួលដំណឹងនោះ អាជ្ញាធរឃុំត្រពាំងព្រីង បានចេញសេចក្តីជូនដំណឹងបដិសេធនូវសកម្មភាពដើរផ្ដិតមេដៃឱ្យប្រាក់ប្រជាពលរដ្ឋនោះភ្លាម។
លោក មុំ សាប៊ុន៖ «១សាលាឃុំត្រពាំងព្រីង សូមបដិសេធចំពោះការដើរផ្ដិតមេដៃលើលិខិតទិញដី ដោយក្នុងមួយគ្រួសារបាន ២៥០ដុល្លារ កាលពីពេលថ្មីៗនេះឱ្យក្រុមជនខិលខូចមួយចំនួន ដោយក្នុងលិខិតនោះមិនបានសរសេរពីដីទំហំ ព្រំប្រទល់ពិតប្រាកដ មិនដឹងថាដីប្រជាពលរដ្ឋផ្ដិតមេដៃលក់នោះជាប្រភេទដីចម្ការ ចម្ការកៅស៊ូ ឬដីលំនៅឋាននោះទេ។ កាលដែលផ្ដិតមេដៃនេះ មិនមានការពាក់ព័ន្ធនឹងការងាររបស់គណបក្សនយោបាយណាមួយនោះឡើយ។ ៣ ប្រជាពលរដ្ឋមានសិទ្ធិក្នុងការពិនិត្យតវ៉ាបានក្នុងការអ្វីដែលមិនច្បាស់លាស់ លើការផ្ដិតមេដៃខាងលើ។ ៤ អ្នកដែលពាក់ព័ន្ធនឹងការផ្ដិតមេដៃ ក្នុងការលក់ទិញដីខាងលើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
លោកបន្ថែមទៀតថា ខាងអាជ្ញាធរឃុំត្រពាំងព្រីង បានសរសេររបាយការណ៍មួយចំនួនទៅថ្នាក់លើ ប៉ុន្តែមិនមានការឆ្លើយតបមកថ្នាក់ឃុំវិញទេ។ ចំពោះករណីនេះ លោកព្រួយបារម្ភថា លិខិតមួយដែលមិនមានបញ្ជាក់ច្បាស់លាស់ អាចធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំនេះតែម្តង៖ «ខ្ញុំព្រួយបារម្ភខ្លាំងអ៊ីចេះ ឧទាហរណ៍ អាមេដៃអត់មានចំណងជើងអីសោះ គេចង់យកទៅធ្វើអីក៏បាននេះ។ បើអត់មានសរសេរអីសោះ មិនដាក់ទៅច្រកណាអីច្រកណា។ បើថាពាក់ព័ន្ធនឹងដីសហគមន៍ ក៏មិនប្រាកដជាដីសហគមន៍ ហើយផ្ដិតមេដៃអ៊ីចឹង»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលស្រុកតំបែរ បានឱ្យដឹងថា ដីសហគមន៍ត្រពាំងព្រីង នោះ ត្រូវបានរដ្ឋាភិបាលបានចេញសេចក្តីជូនណឹង ប្រកាសថា ជាដីរបស់រដ្ឋរួចហើយ។ ដូចនេះ ប្រសិនបើមិនមានការយល់ព្រមណាមួយពីរដ្ឋាភិបាល ដើម្បីធ្វើការបែងចែកដីនោះទេ គឺគ្មានបុគ្គលណាម្នាក់អាចយកដីនោះធ្វើជាកម្មសិទ្ធិបានឡើយ ហើយខាងស្រុកក៏បានដាក់កម្លាំងដើម្បីការពារដីនោះ និងកំពុងតាមដានរកអ្នកដែលនៅពីក្រោយខ្នង ជុំវិញករណីរឿងដីនៅត្រពាំងព្រីង នេះ។
ដីសហគមន៍ត្រពាំងព្រីង នៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ប្រមាណជាង ៣០០ហិកតារ ដែលជាប្រភេទដីត្រូវប៉ាន់ក្នុងការដាំដំណាំកសិឧស្សាហកម្មនោះ បានធ្វើឱ្យឈ្មួញអ្នកមានលុយជាច្រើន ប្រជែងគ្នាក្នុងការដណ្ដើមយកដីតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
