ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះវិហារ​បារម្ភ​ខ្លាច​បាត់​បង់​ដី​ស្រែ​ចម្ការ

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​កត់​សម្គាល់​ឃើញ​ថា បញ្ហា​ទំនាស់​ដីធ្លី​បាន​កម្រើក​ឡើង​វិញ​ជា​ច្រើន​ករណី នៅ​ក្រោយ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ បាន​កន្លង​ផុត​ទៅ​រយៈពេល​ប្រមាណ ៥​ខែ​មក​នេះ។ ក្នុង​ចំណោម​ទំនាស់​ដីធ្លី​ដែល​កើត​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន គឺ​ខេត្ត​ព្រះវិហារ ដែល​ជា​ខេត្ត​ដាច់​ស្រយាល ត្រូវ​បាន​គេ​កត់​សម្គាល់​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​ស្រុក​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដីធ្លី​តាម​រយៈ​អ្នក​ទៅ​វិនិយោគទុន​ថ្មីៗ។

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​ព្រះវិហារ កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី​ស្រែ និង​ចម្ការ​នៅ​ពេល​ខាង​មុខ​មិន​យូរ​ប៉ុន្មាន​ទៀត​នេះ។

ការ​ព្រួយ​បារម្ភ គឺ​នៅ​ស្រប​ពេល​ដែល​មាន​ក្រុមហ៊ុន​រុករក​រ៉ែ​ខ្លះ និង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ខ្លះ កំពុង​ចូល​ទៅ​បម្រុង​កាន់​កាប់​លើ​ដី​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​គ្រប់គ្រង​ជា​យូរ​មក​ហើយ។

បុរស​ម្នាក់​ជា​អ្នក​ភូមិ​ថ្នល់កោង នៃ​ឃុំ​រំដោះ ស្រុក​រវៀង គាត់​បាន​មាន​ប្រសាសន៍​ថា គាត់ និង​អ្នក​ភូមិ​ជាច្រើន​ទៀត កំពុង​មាន​កង្វល់​ខ្លាច​បាត់​បង់​ដី​ចម្ការ​បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​ឈ្មោះ ធី.ភី.ប៊ី-ធីវី ឌីវេឡុបមែន (T.P.B-TV Development) បាន​ទទួល​អាជ្ញាប័ណ្ណ​អណ្ដូង​រ៉ែ​លើ​ផ្ទៃដី​ជិត ១.៣០០​ហិកតារ ហើយ​បាន​ទៅ​រុករក​រ៉ែ​នៅ​ជិត​ភូមិ​របស់​គាត់។ ក្រុមហ៊ុន​នោះ​បាន​ពង្រីក​ផ្ទៃដី​ចូល​ដល់​ភូមិ ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដី​ចម្ការ​ជា​ច្រើន​ហិកតារ៖ «គោលការណ៍​របស់​គេ​មក​ស្រាវជ្រាវ​រក​រ៉ែ​ក្រោម​ដី​ទេ ប៉ុន្តែ​ដល់​ក្រោយ​មក​នេះ ក៏​សុំ​ទិញ​ដី​ចម្ការ​ពី​ប្រជាពលរដ្ឋ​តម្លៃ ១.០០០​ដុល្លារ ក្នុង​១​ហិកតារ។ ដល់​ប្រជាពលរដ្ឋ​មិន​ព្រម ឥឡូវ​ឡើង​ដល់ ២.០០០​ដុល្លារ។ ២​ពាន់​ដុល្លារ ក៏​ប្រជាពលរដ្ឋ​មិន​លក់​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មាន​អំណាច​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍ ហើយ​និង​អាជ្ញាធរ​ភូមិ​ឃុំ​ហ្នឹង ការពារ​ដី​ហ្នឹង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ភ្ជួរ​ដី ឬ​ក៏​ជម្រះ ក៏​មិន​ឱ្យ​ធ្វើ ដោយ​ថា​ដី​នោះ គឺ​ជា​ដី​របស់​ក្រុមហ៊ុន។ ប៉ុន្តែ ដី​នោះ គឺ​ប្រជាពលរដ្ឋ​បាន​កាន់​កាប់​អាស្រ័យ​ផល​ជាង ១០​ឆ្នាំ​មក​ហើយ»

ចំណែក​នៅ​ឯ​ភូមិ​ត្រពាំងខ្ជែង ឃុំ​ស្ដៅ ស្រុក​សង្គមថ្មី ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ ឌីស្ទីង ហាវវេសត៍ (Distinct Harvest) កំពុង​ចូល​ទៅ​បម្រុង​ដាំ​កៅស៊ូ​នៅ​ទី​នោះ ដែល​អាច​នឹង​ប៉ះពាល់​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ហិកតារ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ ក្នុង​ខេត្ត​ព្រះវិហារ លោក ប៉ិក សោភ័ណ បាន​កត់​សម្គាល់​ឃើញ​ថា បន្ទាប់​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ បាន​កន្លង​ផុត​ទៅ​រយៈពេល ៥​ខែ​មក​នេះ គឺ​ជម្លោះ​ដីធ្លី​ចាស់ៗ​ដែល​ស្ងប់ស្ងាត់​ទៅ​ហើយ​នោះ ក៏​បាន​ងើប​ឡើង​វិញ រួម​ជាមួយ​នឹង​ទំនាស់​ដីធ្លី​ថ្មីៗ​ជាមួយ​ក្រុមហ៊ុន​កំពុង​កើត​ឡើង​ជាច្រើន​ករណី​ទៀត៖ «ដូច​នៅ​ខាង​ស្រយង់ ស្រុក​គូលែន ឥឡូវ​ក្រុមហ៊ុន​សិលា​ដាមិច កំពុង​តែ​បោះ​បង្គោល​ចូល​ក្នុង​ដី​ប្រជាពលរដ្ឋ​ដែល​បាន​វាស់វែង កំណត់​ដោយ​ក្រុម​និស្សិត​កាល​ពី​ឆ្នាំ​២០១២ ទៅ​នេះ ហើយ​និង​ក្រុមហ៊ុន អេហ្វ.ភី ម៉ាឡេស៊ី ហើយ​និង​ក្រុមហ៊ុន ហ៊ូ ហេវិន។ ខ្ញុំ​មើល​ជា​ដុំៗ បញ្ហា​ធំ គឺ​នៅ​ខាង​ស្រុក​ឆែប មាន​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន រួយហ្វេង ហើយ​នៅ​ខាង​ស្រុក​ត្បែងមានជ័យ ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ឡានហ្វេង នៅ​ខាង​ឃុំ​ប្រមេ។ ចំណែក​នៅ​ខាង​ស្រុក​ជ័យសែន គឺ​នៅ​តែ​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន ហេង ណុង ហេង យូ ដដែល»

លោក ប៉ិក សោភ័ណ បាន​ឱ្យ​ដឹង​ថា រាល់​ទំនាស់​ដីធ្លី​ជាច្រើន​កន្លែង និង​ច្រើន​ស្រុក​នេះ គឺ​នៅ​មិន​ទាន់​មាន​ការ​ដោះស្រាយ​ឱ្យ​សមរម្យ​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​រឿង​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ច័ន្ទ បាន​មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ទំនាស់​ដីធ្លី​ដែល​ចេះ​តែ​កើត​មាន​ច្រើន​ឡើងៗ​នៅ​ខេត្ត​ព្រះវិហារ ហើយ​មិន​ទាន់​មាន​ការ​ដោះស្រាយ​សមរម្យ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។