ប្រជាពលរដ្ឋឈ្មោះ ប៊ុន សុខឿន រស់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ថ្លែងនៅថ្ងៃទី៤ ខែកក្កដា ថា កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា រូបលោក និងអ្នកបើកបរត្រាក់ទ័រ បានចុះទៅភ្ជួរដីស្រែរបស់ខ្លួននៅចំណុចបឹងដង្កោ ឃុំបឹងប្រាំ។ ស្រាប់តែ លោក ឈា នី ជាមេឃុំបឹងប្រាំ ដឹកនាំប្រជាពលរដ្ឋទៅចាប់យកត្រាក់ទ័រ ម៉ាស៊ីនថត ទូរស័ព្ទដៃ និងវាយដំលើរូបលោក ដោយចោទថា រូបលោកបានយកត្រាក់ទ័រទៅភ្ជួររំលោភយកដីរបស់ឃុំបឹងប្រាំ៖ «ខ្ញុំយកម៉ាស៊ីនថត ថតសកម្មភាពប្រជាពលរដ្ឋដែលទៅចាប់យកត្រាក់ទ័រហ្នឹង ខ្ញុំថតគេ។ ដល់ថតទៅ មេឃុំបញ្ជាថា ចាប់យកម៉ាស៊ីនថត...»។
បច្ចុប្បន្ន ត្រាក់ទ័រនោះត្រូវបានគេយកទៅរក្សាទុកនៅសាលាឃុំបឹងប្រាំ។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបញ្ជាក់ករណីនេះពីមេឃុំបឹងប្រាំ លោក ឈា នី ប៉ុន្តែមិនអាចទាក់ទងតាមទូរស័ព្ទបាននោះទេ។
ទំនាស់ដីធ្លីនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កើតមានជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ន ស្ថានភាពទំនាស់នោះកំពុងកើតមានភាពចម្រូងចម្រាស និងមានភាគីទំនាស់ជាច្រើនក្រុមថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
