គណៈកម្មការទី១នៃព្រឹទ្ធសភា កំពុងចុះបំពេញបេសកកម្មរយៈពេល៦ថ្ងៃ ដើម្បីពិនិត្យមើលស្ថានភាពនៃការគោរពសិទ្ធិមនុស្ស ការដោះស្រាយបណ្ដឹងនានារបស់ ប្រជាពលរដ្ឋជុំវិញរឿងទំនាស់ដីធ្លី និងបទល្មើសនៃការនេសាទ ព្រមទាំងការបំផ្លាញបរិស្ថានជាដើម។
បេសកកម្មរយៈពេល៦ថ្ងៃរបស់គណៈកម្មការទី១នៃព្រឹទ្ធសភា ដែលចាប់ផ្ដើមពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ខែឧសភា គឺនឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
គណៈប្រតិភូនៃគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត នៃព្រឹទ្ធសភាចំនួន៥រូប បានជួបប្រជុំជាមួយប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី មកពី២៣សហគមន៍ ក្នុងខេត្តសៀមរាបនៅរសៀលថ្ងៃព្រហស្បតិ៍ទី២១ខែឧសភា។
ការជួបប្រជុំនេះ មានគោលបំណងស្វែងយល់ អំពីស្ថានភាពនៃការគោរពសិទ្ធិមនុស្ស និងយន្តការនៃការដោះស្រាយ របស់អាជ្ញាធរថ្នាក់ខេត្ត ថាតើមានការយកចិត្តទុកដាក់ក្នុងរឿងជម្លោះដីធ្លី និងបញ្ហាផ្សេងៗទៀតដែរក៏យ៉ាងណា?។
ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេតនៃព្រឹទ្ធសភា គឺលោក គង់ គាំ មានប្រសាសន៍ថា ជាធម្មតាព្រឹទ្ធសភាមានការជួបប្រជុំរយៈពេល៣ ហើយធ្វើវិស្សមកាលចំនួន៣ខែ ដូច្នេះនៅពេលនេះ គឺជាពេលដែលព្រឹទ្ធសភាវិស្សមកាល ត្រូវតែឆ្លៀតយកឱកាសដើម្បីចុះមកពិនិត្យនៅតាមមូលដ្ឋាន។ លោក គង់ គាំ មានប្រសាសន៍ថា មុនពេលដែលគណៈកម្មការទី១ព្រឹទ្ធសភា ចុះបេសកកម្មនៅតាមមូលដ្ឋាន គឺគណៈកម្មការនេះ បានទទួលពាក្យបណ្ដឹងមួយចំនួន ពីអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល មានអង្គការលីកាដូ និងសមាគមការពារសិទ្ធិមនុស្សអាដហុកជាដើម ទាក់ទងនិងរឿងជម្លោះដីធ្លី រវាងប្រជាពលរដ្ឋជាមួយទាហាន និងរវាងប្រជាពលរដ្ឋ ជាមួយនិងក្រុមហ៊ុនដីសម្បទានជាដើម នៅខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ទើបគណៈកម្មការទី១ព្រឹទ្ធសភា សម្រេចធ្វើបេសកកម្មមកខេត្តទាំង៣នេះ។
ប្រធានគណៈកម្មការទី១ ដដែលបញ្ជាក់ថា ការចាប់ផ្ដើមបេសកកម្មមុនគេ គឺប្រតិភូនៃសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតនៃព្រឹទ្ធសភា បានចុះទៅពិនិត្យមើលដីសម្បទាន ចម្ការកៅស៊ូរបស់ក្រុមហ៊ុនវៀតណាមតាន់បៀង នៅខេត្តកំពង់ធំ ដែលមានបញ្ហាទំនាស់ជាមួយប្រជាពលរដ្ឋខ្មែរខ្លះ មិនទាន់ដោះស្រាយរួចរាល់នៅឡើយ ព្រមទាំងចុះទៅមើលការធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្លះ ព្រមទាំងការថែរក្សាបរិស្ថានផងដែរ។ ចំណែកនៅខេត្តសៀមរាបគឺគណៈកម្មការនេះ បានចុះទៅពិនិត្យបញ្ហាទំនាស់ដីធ្លី មួយកន្លែងនៅតំបន់ភ្នំក្រោម ហើយនៅខេត្តឧត្ដរមានជ័យវិញ គឺគណៈកម្មការទី១នៃព្រឹទ្ធសភា មានគម្រោងនឹងចុះពិនិត្យស្ថានភាពទំនាស់ដីធ្លីជាច្រើនកន្លែង ដូចជានៅក្រុមហ៊ុនស្ករអំពៅ អង្គរស៊ូគើ (Angkor Sugar) រឿងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយទាហាននៃកងពលលេខ៤ ព្រមទាំងបញ្ហាដែលក្រុមហ៊ុនចិន ឈ្មោះស៊ីណូហាយត្រូ គ្រោងសាងសង់ទំនប់ទឹក ដែលនឹងធ្វើឱ្យប៉ះពាល់ដីស្រែចម្ការប្រជាពលរដ្ឋ រួមទាំងព្រៃសហគមន៍ នៃសង្ឃរុក្ខវ័ន្តផង៖ «នៅកម្ពុជាយើងមតិជាតិ ហើយនិងមតិអន្តរជាតិឃើញថា បញ្ហាជម្លោះដីធ្លីហ្នឹងវាលេចធ្លោណាស់ ហើយវាប៉ះពាល់ដល់សុវត្ថិភាពហើយ និងសន្តិសុខ របស់ប្រជាពលរដ្ឋរងការស្លាប់ រងការបង្ក្រាបរងការរត់គេច ការចាប់ដាក់គុក បាត់ការរកស៊ីប្រចាំថ្ងៃអីជាដើម»។
នៅខេត្តសៀមរាបកាលពីរសៀលថ្ងៃទី២១ខែឧសភា ក្រុមអង្គការបានយកបញ្ហាទំនាស់ដីធ្លី១០ករណីធំៗដាក់ជូន គណៈកម្មការទី១នៃព្រឹទ្ធសភាពិនិត្យ។ ទំនាស់ដីធ្លីទាំងនោះកើតឡើង រវាងប្រជាពលរដ្ឋជាមួយទាហាន រវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរអប្សរា និងជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចជាដើម។
បញ្ហាដូចគ្នានេះដែរ ក្រុមប្រជាពលរដ្ឋជាង១.១០០គ្រួសារ មកពី១៦សហគមន៍ ដែលរស់នៅក្នុងស្រុកចំនួន៧ នៃខេត្តសៀមរាប ក៏គ្រោងនាំគ្នាដង្ហែញត្តិ ស្ដីពីករណីទំនាស់ដីធ្លី យកទៅដាក់ជូនសាលាខេត្ត ក្នុងពេលដែលគណៈកម្មការទី១នៃព្រឹទ្ធសភា មានគម្រោងជួបប្រជុំជាមួយអាជ្ញាធររដ្ឋាភិបាល នៅថ្ងៃទី២២ខែឧសភាដែរ។
បុរសឈ្មោះ ជឹម ជួន ជាអ្នកភូមិអូរផ្អាវ ឃុំស្រែណូយ ស្រុកវ៉ារិន អះអាងថាកាលពីថ្ងៃទី៣ខែឧសភាកន្លងទៅ ទាហានម្នាក់ក្នុងអង្គភាពដែលចំណុះឱ្យយោធភូមិភាគទី៤ បានបាញ់កាំភ្លើងគំរាមប្រជាពលរដ្ឋមិនឱ្យដាំដំណាំ នៅលើដីដែលពួកគេធ្លាប់ធ្វើកសិកម្ម ជាច្រើនឆ្នាំមកហើយ និង១ថ្ងៃបន្ទាប់មកគឺទាហានជាច្រើននាក់ បានលើកគ្នាទៅដកបំផ្លាញកូនដំឡូងមី អស់ជាច្រើន។ បុរសដដែលបញ្ជាក់ថាអ្នកភូមិរបស់គាត់ មានការពិបាកជាខ្លាំងនៅពេលដែលមានទំនាស់ដីធ្លីជាមួយកម្លាំងប្រដាប់អាវុធ៖ «ទាហានយោធភូមិភាគទី៤ ដេញបាញ់គ្នារត់ព្រោងព្រាតអស់ ដល់ព្រឹកមិញគេមកដល់ដកដើមដំឡូងចោលអស់ ដំឡូងដែលប្រជាជនគ្នាខំដាំដុះហើយ»។
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល កំពុងព្រួយបារម្ភចំពោះបញ្ហាទំនាស់ដីធ្លី នៅខេត្តសៀមរាប ជាច្រើនករណី ដែលមិនទាន់មានការដោះស្រាយនេះ។
នាយិកាអង្គការរចនាស្ត្រី និងជាប្រធានបណ្ដាញអង្គការក្រៅរដ្ឋាភិបាល ប្រចាំខេត្តសៀមរាប អ្នកស្រី ញាណ ភួងម៉ាលី មានប្រសាសន៍ថា ជាច្រើនឆ្នាំកន្លងមកអ្នកស្រីសង្កេតឃើញបញ្ហាទំនាស់ដីធ្លី មានការដោះស្រាយបានតិចតួចណាស់។ អ្នកស្រី ញាណ ភួងម៉ាលី ឱ្យដឹងថា តាមការកត់សំគាល់ ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆមាសទី១ឆ្នាំ២០១៥ គឺទំនាស់ដីធ្លីបានកើនឡើងមិនថយចុះទេ។
អ្នកស្រី ញាណ ភួងម៉ាលី យល់ថាបញ្ហាទំនាស់ដីធ្លីនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើន ដូចជាគ្មានដីធ្វើកសិកម្ម ធ្វើឱ្យអ្នកភូមិខាតបង់ពេលវេលាក្ដីក្ដាំ ទទួលរងការគំរាមកំហែង និងការធ្វើចំណាកស្រុកដោយសារតែភាពក្រីក្រជាដើម៖ «បញ្ហាជម្លោះដីធ្លីគឺយើងមើលឃើញដូចជាជាមួយក្រុមហ៊ុន ហើយជាមួយទាហានភូមិភាគជាដើម អ្វីដែលជាកង្វល់ខ្ញុំមើលឃើញថា ពិតជាមានការប៉ះពាល់ជាមួយប្រជាពលរដ្ឋ»។
ចំណែកអ្នកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ ខេត្តសៀមរាប អ្នកស្រី ឈុយ វ៉ាន់ថា មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥នេះ គឺករណីជម្លោះដីធ្លី បានកើតឡើង៥ករណី បន្ថែមពីលើជម្លោះដែលមានស្រាប់១០ករណី។
អ្នកស្រី ឈុយ វ៉ាន់ថា បង្ហាញការព្រួយបារម្ភថាជម្លោះដីធ្លី រវាងប្រជាពលរដ្ឋជាមួយទាហានរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ជាដើមនោះ វាមិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្មានដីធ្វើកសិកម្ម ធ្វើឱ្យអ្នកភូមិខាតបង់ពេលវេលាក្ដីក្ដាំ ទទួលរងការគំរាមកំហែង និងការធ្វើចំណាកស្រុក ដោយសារតែភាពក្រីក្រ ប៉ុណ្ណោះទេ គឺវាថែមទាំងធ្វើឱ្យកុមារជាច្រើនបាត់បង់ការសិក្សា ព្រមកើតចេញជាអំពើហិង្សាក្នុងគ្រួសារទៀតផង៖ «ធម្មតាក្ដីកង្វល់នៅក្នុងគ្រួសារវាកើតមាន ណាមួយជីវភាពយ៉ាប់យ៉ឺនផង គឺវាងាយនឹងកើតមានខ្លាំងណាស់»។
របាយការណ៍របស់អង្គការលីកាដូ បង្ហាញថារហូតមកដល់ពេលនេះ គឺមានប្រជាពលរដ្ឋប្រមាណជាង១០៤០គ្រួសារ នៅក្នុង៥ស្រុក និងក្រុង១នៃខេត្តសៀមរាប កំពុងកើតមានទំនាស់ដីធ្លីជាមួយអាជ្ញាធរអប្សរា ជាមួយកងទាហាន ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងជាមួយរដ្ឋបាលព្រៃឈើជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
