អ្នក​ភូមិ៖ មេការ​ក្រុមហ៊ុន​វៀតណាម​បាញ់​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដី

ជម្លោះ​ដណ្ដើម​ដី​រវាង​ពលរដ្ឋ​ជាង ២០០​គ្រួសារ​និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ប៊ិញ ភឿក២ (Bin Phoeuk2) នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​បី​អ្នក​ភូមិ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​យ៉ាង​ណា​ក្ដី។

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ពាមប៉ោអូរបី ជា​ភូមិ​ឧបសម្ពន្ធ​ភូមិ​ស្រែថ្មី ឃុំ​​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ អះអាង​ថា មេការ​​និង​បុគ្គលិក​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ប៊ិញ ភឿក២ នៅ​ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា ឆ្នាំ​២០១៣ បាន​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​កងរាជអាវុធហត្ថ បាញ់​បណ្ដេញ​ប្រជាពលរដ្ឋ​កំពុង​ដាំ និង​ប្រមូល​ផល​ដំឡូង​លើ​ដី​អ្នក​ភូមិ​ដែល​ក្រុមហ៊ុន​ដណ្ដើម​យក។

ប្រជាពលរដ្ឋ​ឈ្មោះ វុធ ធី អាយុ ៤៨​ឆ្នាំ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ប្រមាណ ២០​នាក់ ខ្លះ​កំពុង​ប្រមូល​ផល​ដំឡូង ខ្លះ​កំពុង​ដាំ​ដំឡូង បាន​រត់​ខ្ចាត់ខ្ចាយ បន្ទាប់​ពី​ស្នូរ​កាំភ្លើង​បាញ់​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​ដី។

លោក​បន្ត​ថា នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​កង​កម្លាំង​រាជរដ្ឋាភិបាល​អ្នក​យាម​ការពារ​ក្រុមហ៊ុន​បរទេស​រំលោភ​យក​ដី​ប្រជាពលរដ្ឋ៖ «ពេល​កំពុង​ដេញ​បាញ់​ខ្ញុំ​មាន​តែ​ប៉េអឹម​ម្នាក់ ហើយ​និង​យួន បី​បួន​នាក់។ អា​អ្នក​បាញ់​ហ្នឹង​ប៉េអឹម កាំភ្លើង​អាកា​ស្វ័យ​វែង។ បាញ់​ផ្ទុះ​មួយ​គ្រាប់ ខ្ញុំ​ភ័យ​ចេះ​តែ​រត់ ខ្ញុំ​ភ័យ ខ្ញុំ​រត់​ទៅ​ជង់​ដើម​ទ្រូង​នឹង​ដើម​ឈើ»

ដូច​គ្នា​នេះ​ដែរ ស្ត្រី​ជា​អ្នក​ភូមិ​នៅ​ក្នុង​ហេតុការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​រៀបរាប់​ថា នេះ​ជា​លើក​ទី​៥​ហើយ​ដែល​ក្រុមហ៊ុន​វៀតណាម​នេះ ប្រើប្រាស់​កង​ប្រដាប់​អាវុធ​បាញ់​គំរាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ដី​ចម្ការ​របស់​អ្នក​ភូមិ។

ស្ត្រី​ដដែល​បន្ត​ថា ដី​នេះ​គឺ​ជា​ដី​ដែល​អ្នក​ភូមិ​បាន​កាប់​រាន​មុន​ពេល​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​នៅ​តំបន់​នោះ ហើយ​រាជរដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​គោរព​គោលការណ៍​នេះ​ឡើយ៖ «ភ្នាក់ងារ​ក្រុមហ៊ុន ប៊ិញ ភឿក២ វៀតណាម គាត់​មក​ទប់​ស្កាត់​មិន​ឲ្យ​ដាំ គាត់​ដើរ​ដក​ដំឡូង​ប្រជាពលរដ្ឋ​ចោល។ ប្រជាពលរដ្ឋ​ខ្លះ​គេ​រត់​ខ្ចាត់ខ្ចាយ​នៅ​ពីរ​នាក់​ប្តី​ប្រពន្ធ​គេ​ដេញ​បាញ់»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ក្រុមហ៊ុន ប៊ិញ ភឿក២ បាន​យក​គ្រឿងចក្រ​ចំនួន ៥​គ្រឿង និង​ប្រើ​កម្មករ​ជនជាតិ​​វៀតណាម អម​ដោយ​​កង​ប៉ូលិស កងរាជអាវុធហត្ថ និង​ទាហាន​ប្រដាប់អាវុធ​ការពារ​ក្រុមហ៊ុន ដើម្បី​រារាំង​ពលរដ្ឋ​មិន​ឲ្យ​តវ៉ា។ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា បាន​ដាក់​ញត្តិ​សុំ​ជំនួយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ផ្ដល់​ដី​ជូន​អ្នក​ភូមិ និង​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​នេះ​ ជា​បន្ទាន់។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា មិន​អាច​ទាក់​ទង​ស្វែង​រក​អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក២ សុំ​អធិប្បាយ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។ ចំណែក​អភិបាល​ស្រុក​ស្នួល លោក គង់ គីមនី មាន​ប្រសាសន៍​ថា លោក​ជាប់​ប្រជុំ។

យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ក្រចេះ លោកស្រី ធីម ណារីម បាន​កត់​សំគាល់​ថា ប្រជាពលរដ្ឋ​អស់​ជំនឿ​លើ​ដំណោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ។

អ្នកស្រី​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​បញ្ហា​នេះ​នៅ​រ៉ាំរ៉ៃ​យូរ​ត​ទៅ​ទៀត៖ «សង្គម​ស៊ីវិល​យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ថា ភាព​យឺតយ៉ាវ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ វា​អាច​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា​ណា​មួយ​ដែល​កើត​ឡើង​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​មក​ដល់​បច្ចុប្បន្ន​នេះ»

បន្ទាប់​ពី​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ចេញ​ផ្សាយ​នៅ​ខែ​ឧសភា នេះ​ថា ក្រុមហ៊ុន​វៀតណាម ហ័ង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai) វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ​និង​មាន​សាខា​ក្រុមហ៊ុន​វៀតណាម ចំនួន ៦ បាន​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​មនុស្ស និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា រួច​មក​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​លើ​សកល​លោក បាន​តវ៉ា​សុំ​ឲ្យ​ក្រុម​បាល់​ទាត់​របស់​អង់គ្លេស គឺ​ក្រុម អាស៊ើណល (Arsenal) ផ្ដាច់​ការ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​វៀតណាម មួយ​នេះ។ បច្ចុប្បន្ន​អ្នក​ចុះ​ឈ្មោះ​គាំទ្រ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) កើន​ឡើង​ដល់​ជាង ១.៤០០​នាក់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។