មុនពេលវិលត្រឡប់ទៅមូលដ្ឋាន បន្តការងារទៀត លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលណែនាំពីការបន្តអនុវត្ត និងលើកទឹកចិត្ត ហើយកោតសសើរក្រុមយុវជនដែលខិតខំបំពេញការងារជូនជាតិ។
ក្រុមយុវជនស្ម័គ្រចិត្តទៅវាស់ដីនៅតាមខេត្តនានាប្រមាណ ៣ពាន់នាក់ បានជួបជុំគ្នាកាលពីថ្ងៃទី១៩ ខែមេសា នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ មុនពេលចេញទៅបន្តការងារវាស់ដីនៅតាមចំណុចគោលដៅរបស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម បានជួបសំណេះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោទាំងនោះនៅក្នុងសាលប្រជុំកោះពេជ្រ។ ថ្លែងទៅកាន់ក្រុមយុវជនស្ម័គ្រចិត្តជាង ៣ពាន់នាក់ និងក្រុមមន្ត្រីជំនាញដីធ្លីរបស់ក្រសួងនោះ លោក អឹម ឈុនលឹម សសើរដល់ក្រុមយុវជនដែលខិតខំបំពេញភារកិច្ចវាស់វែងដីជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ឲ្យពលរដ្ឋមានប័ណ្ណកម្មសិទ្ធិដី ដែលជាលំនឹងនៃការរស់នៅ។ លោកថ្លែងណែនាំយុវជនឲ្យអនុវត្តដោយសុក្រឹត។
និស្សិតសកលវិទ្យាល័យវេសស្ទឺន (Western University) យុវនារី វុធ ឌីណា ថ្លែងថា គាត់ចុះវាស់ដីជូនពលរដ្ឋនៅស្រុកសេសាន ខេត្តស្ទឹងត្រែង។ គាត់ស្ម័គ្រចិត្តធ្វើការងារនេះ ចាប់តាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ មក។ គាត់វាស់បានក្បាលដីចំនួនជាង ៨០០ម្ចាស់ តែមិនទាន់បានចេញកម្មសិទ្ធិជូនពលរដ្ឋនៅឡើយ ពីព្រោះការវាស់ដីនៅភូមិស្រែសាមី ក្នុងឃុំដាឡាត ស្រុកសេសាន នោះ មិនទាន់បានចប់៖ «អីចឹងឃើញថា ពេលដែលពួកខ្ញុំចុះទៅហ្នឹង ទាក់ទងទៅនឹងលុយកាក់ស៊ីសំណូកអី គឺអត់មានទេ។ បើតាមខ្ញុំឮកាលពីមុនឡើយ ឮគេនិយាយថា មានយកលុយ យកអីចឹង ប៉ុន្តែដល់ពេលពួកខ្ញុំចុះទៅ គឺអត់ទេ ហើយប្រជាពលរដ្ឋស្រឡាញ់មែនទែន ដូចកូនគាត់អីចឹង។ ហើយនាងខ្ញុំពិតជាថ្លែងអំណរគុណអស់ពីដួងចិត្តតែម្តង»។
កញ្ញាបន្តថា ការស្ម័គ្រចិត្តចុះវាស់ដីជូនពលរដ្ឋនេះ បានទទួលបទពិសោធន៍ច្រើនអំពីការរស់នៅជាក្រុមផង និងបានស្គាល់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចផង៖ «យើងស្គាល់ថាអ្វីទៅជាការងាររបៀបក្រុម។ អីចឹងយើងត្រូវតែចេះសម្រុះសម្រួលគ្នាទៅវិញទៅមក ហើយទី២ ទៀត ទាក់ទងទៅនឹងបទពិសោធន៍ប្រចាំខ្លួន។ នាងខ្ញុំអត់ដែលចាកចេញពីផ្ទះទេ ហើយនេះជាលើកទី១ហើយដែលខ្ញុំចាកចេញពីផ្ទះ។ ហើយដល់ពេលចាកចេញមក ដូចថា ខ្លួនឯងរឹងប៉ឹងតែម្តង អត់ដូចកាលពីមុនទេ។ កាលពីមុន នាងខ្ញុំអត់ដែលទេ សូម្បីតែទៅផ្ទះយាយក៏ជិះឡានដែរ ប៉ុន្តែឥឡូវខុសប្លែកគ្នាខ្លាំងមែនទែន»។
ចំណែកយុវជនឈ្មោះ ភួង សាវុន មកពីយុវជនស្ម័គ្រចិត្តសម្ដេចតេជោក្រុម១៣៧ ចុះវាស់ដីនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងថា គាត់បានជួយធ្វើការងារផ្នែកវាស់វែងដីជួយនៅក្នុងការងាររបស់រាជរដ្ឋាភិបាល ដើម្បីឲ្យពលរដ្ឋរស់នៅលើដីដែលកាន់កាប់ ហើយមានភាពកក់ក្តៅ គ្មាននរណាដណ្ដើមយកដីគាត់៖ «គឺខ្ញុំបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង គឺជួយដោះស្រាយ និងជួយសម្រួលរាល់បញ្ហាដែលប្រជាជនមានទំនាស់នៅក្នុងតំបន់នោះ។ ហើយអ្វីដែលសំខាន់នោះ គឺខ្ញុំបានផ្តល់នូវស្នាមញញឹម និងការរីករាយរាក់ទាក់ពាំនាំនូវពាក្យសម្ដីរបស់រាជរដ្ឋាភិបាល ជូនទៅដល់ប្រជាជនអំពីនយោបាយចាស់តែសកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល។ យើងបានធ្វើឲ្យគាត់នោះមានកម្មសិទ្ធិដីធ្លីជាក់លាក់ច្បាស់លាស់»។
ពិធីសំណេះសំណាលនេះ គឺសម្រាប់លើកទឹកចិត្តដល់ក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោ នៅរសៀលថ្ងៃសុក្រ មានចំនួន ១៦៨ក្រុម សរុបជាង ៣ពាន់នាក់។ ក្រុមយុវជនទាំងនោះ នឹងឡើងរថយន្តរបស់រដ្ឋាភិបាល នឹងដឹកពួកគេត្រឡប់ទៅបំពេញបេសកកម្មតាមតំបន់រៀងៗខ្លួន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
