ក៏ប៉ុន្តែ អ្នកច្បាប់ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនធ្វើកែប្រែ ឬមិនអនុវត្តការគោរពច្បាប់ឲ្យបានតឹងរ៉ឹងទេនោះ បញ្ហារំលោភសិទ្ធិមនុស្ស ការបណ្ដេញចេញ និងករណីផ្សេងៗទៀត នឹងកើតមានមិនខុសពីឆ្នាំ២០១៣ កន្លងមកនេះទេ។
សេចក្ដីសុខ និងភាពសុខសប្បាយនៅក្នុងសង្គម ជាតម្រូវការចាំបាច់របស់មនុស្សគ្រប់គ្នាក្រៅពីតម្រូវការសេដ្ឋកិច្ចប្រចាំថ្ងៃ។ ភាពសុខសាន្ដក្នុងសង្គម ដោយការគោរពសិទ្ធិមនុស្សជាធំនេះ ត្រូវបានធានាក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
ឆ្នាំ២០១៣ មានរឿងរ៉ាវជាច្រើនបានកើតមាន ប៉ុន្តែឆ្នាំ២០១៤ បានមកដល់នេះ ក្រុមអ្នកច្បាប់ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងថា នឹងមានបញ្ហាកើតមានទៀតមិនខុសពីឆ្នាំ២០១៣ នោះទេ ដោយសារតែភាពធូររលុងនៃការអនុវត្តច្បាប់។ ហើយបើរដ្ឋាភិបាលមានយន្តការច្បាស់លាស់ក្នុងការអនុវត្តច្បាប់ នឹងធ្វើឲ្យកាត់បន្ថយនូវបញ្ហាទាំងនេះ។
បញ្ហាដែលនឹងបន្តកើតមាននៅឆ្នាំ២០១៤ នោះ រួមមាន ការប្រព្រឹត្តអំពើពុករលួយ ការបណ្ដេញចេញយកដី បញ្ហារំលោភសិទ្ធិមនុស្ស ការកាប់បំផ្លាញព្រៃឈើ និទ្ទណ្ឌភាព និងបញ្ហាផ្សេងៗទៀត។
មន្ត្រីច្បាប់នៃលេខាធិការដ្ឋានពិសេសនៃសិទ្ធិលំនៅឋាន លោក អាំ អូនី មានប្រសាសន៍ថា នៅឆ្នាំ២០១៤ ខាងមុខ នឹងមានបញ្ហាកើតមានមិនខុសពីឆ្នាំ២០១៣ ឡើយ ដោយសារតែមានបញ្ហាជាច្រើនបានកើតមាននៅឆ្នាំ២០១៣ ហើយរដ្ឋាភិបាលមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។ លោកបញ្ជាក់ថា បញ្ហានឹងកើតមាននោះ រួមមានសហគមន៍មួយចំនួននៅរាជធានីភ្នំពេញ នឹងប្រឈមនឹងការបណ្ដេញចេញបន្ថែមទៀតក្រោមការអភិវឌ្ឍរបស់រដ្ឋាភិបាល ដែលមានចំនួន ៧៩សហគមន៍។
«សំឡេង»
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងក្រុមអ្នកច្បាប់បានលើកឡើងថា កម្ពុជា នៅមានបញ្ហាជាច្រើនទៀតដែលរដ្ឋាភិបាលនឹងដោះស្រាយមិនទាន់បាននៅឆ្នាំ២០១៤ រួមមាន ការបោសសម្អាតអំពើពុករលួយ ការទប់ស្កាត់កាប់ព្រៃឈើ ការអនុវត្តច្បាប់ ឬបញ្ចប់និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ ការត្រួតពិនិត្យឡើងវិញអំពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន ដែលជាដើមចមធ្វើឲ្យមានការរំលោភសិទ្ធិមនុស្ស។ល។
អង្គការសង្គមស៊ីវិល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា ក្នុងរយៈពេលបីទសវត្សកន្លងទៅ បានរួមចំណែកក្នុងការលើកកម្ពស់ និងពង្រឹងសមត្ថភាពបុគ្គល និងសហគមន៍ ការជំរុញឲ្យមានគោលនយោបាយក្នុងការអភិវឌ្ឍប្រកបដោយសមធម៌ ការពារសិទ្ធិរបស់អ្នកទន់ខ្សោយ និងការបំពេញការងារឆ្ពោះទៅកាន់សាមគ្គីសង្គម។
នាយិកាប្រតិបត្តិអង្គការសិទ្ធិមនុស្សដើម្បីតម្លាភាព និងសន្តិភាព អ្នកស្រី ម៉ម ស៊ីថា មានប្រសាសន៍ថា អំពើពុករលួយបានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា ទោះបីជារដ្ឋាភិបាលបានបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយក្ដី ប៉ុន្តែការលុបបំបាត់អំពើពុករលួយនេះ ស្ថាប័នប្រឆាំងអំពើពុករលួយមិនអាចបោះសម្អាតបាននោះឡើយ ដោយសារថាការចាប់ខ្លួនមន្ត្រីប្រព្រឹត្តិអំពើពុករលួយមិនធ្វើជាទូទៅនោះទេ។
«សំឡេង»
អ្នកស្រី ម៉ម ស៊ីថា បញ្ជាក់ថា ដើម្បីឲ្យរដ្ឋាភិបាលសម្រេចបាននូវគោលដៅកំណែទម្រង់ស៊ីជម្រៅនោះ លុះត្រាណារដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឲ្យស្មើភាពគ្នា មិនរើសអើង មិនប្រកាន់បក្ខពួក ការអនុវត្តច្បាប់ត្រូវបម្រើសង្គមជាតិជាទូទៅ ទោះបីការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយក្ដី។
«សំឡេង»
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានពន្យល់ថា រដ្ឋាភិបាលមានផែនការក្នុងការអភិវឌ្ឍរបស់ខ្លួនតទៅមុខទៀត ដើម្បីឲ្យមានប្រសិទ្ធភាព និងគុណភាព ប៉ុន្តែទន្ទឹមនឹងនេះ រដ្ឋាភិបាលត្រូវការពេលវេលាក្នុងការដោះស្រាយបញ្ហានៅសេសសល់ ដូចជា ករណីសើរើឡើងវិញនូវការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដែលកន្លងមក រដ្ឋាភិបាលធ្វើបានខ្លះហើយ។ ការជំរុញឲ្យប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់គ្នាជាដើម។
«សំឡេង»
ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្ដិ បានលើកឡើងថា នៅឆ្នាំ២០១៤ នេះ នឹងមានបញ្ហាសិទ្ធិក្នុងការកាន់កាប់ដីធ្លី និងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង គ្មានការជំរុញឲ្យមានការអនុវត្ត និងការខ្វះឆន្ទៈរបស់រដ្ឋាភិបាលក្នុងការចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិខុសច្បាប់។
លោក សួន ប៊ុនស័ក្ដិ បានលើកជាឧទាហរណ៍ដូចជា មានករណីមួយចំនួនក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលមិនជំរុញឲ្យមានការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដូចជាករណី លោក ឈូក បណ្ឌិត បាញ់កម្មករ សមត្ថកិច្ចបង្ក្រាបបាតុករបាញ់ស្លាប់បុរសម្នាក់នៅស្ពានក្បាលថ្នល់ និងករណីបង្ក្រាបបាតុករបាញ់ស្លាប់ស្ត្រីលក់បាយនៅស្ទឹងមានជ័យជាដើម។ លោក សួន ប៊ុនស័ក្ដិ បានលើកឡើងថា យុទ្ធសាស្ត្រកែទម្រង់របស់រដ្ឋាភិបាលនីតិកាលទី៥នេះ នឹងមិនមានប្រសិទ្ធភាពនោះឡើយ។
«សំឡេង»
លោក សួន ប៊ុនស័ក្ដិ បានបន្ថែមថា មូលហេតុចម្បងដែលកើតមាននៅឆ្នាំ២០១៣ នោះ គឺការអនុវត្តច្បាប់មិនមានប្រសិទ្ធភាពនេះហើយ ដែលជាកត្តាជំរុញឲ្យមានបញ្ហាផ្សេងៗកើតមាននៅឆ្នាំ២០១៣ រួមមានការកាប់បំផ្លាញព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ការបណ្ដេញចេញពីដីធ្លីជាដើម។
«សំឡេង»
ក្រុមអង្គការសង្គមស៊ីវិលបានរកឃើញថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាហេតុផលចម្បង បណ្ដាលឲ្យមានការរំលោភសិទ្ធិមនុស្ស និងបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានទាំងនៅទីក្រុង និងនៅទីជនបទ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។ ហើយបញ្ហារំលោភសិទ្ធិមនុស្សដែលកើតមកពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ នឹងបន្តកើតមានទៀតនៅឆ្នាំ២០១៤។
ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋមួយចំនួននឹងខ្វះខាតដី និងគ្មានដីកសិកម្ម បន្ទាប់ពីក្រុមហ៊ុនបណ្ដេញចេញ។ ដូច្នេះ រដ្ឋាភិបាលត្រូវមានយន្តការច្បាស់លាស់ ដើម្បីបង្កើនសមធម៌ក្នុងការបែងចែកដី។ ក្រសួងពាក់ព័ន្ធ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរួមបញ្ចូលក្នុងការដំណើរការសម្បទានដីសង្គមកិច្ច និងករណីផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
