លោកស្រី ឆែម ក្មាន់ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ដែលត្រូវឈ្មួញដីឈ្មោះ ហ៊ាង គន្ធី និងបក្សពួក ៤នាក់ទៀត បានព្រួតវាយនៅថ្ងៃទី១៤ ខែកញ្ញា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខែត្រកំពត។
ស្ត្រីរូបនោះអះអាងថា មូលហេតុដែលនាំឲ្យបក្សពួករបស់ឈ្មួញដី ឈ្មោះ ហ៊ាង គន្ធី វាយលោកស្រីគឺដោយសារការគុំកួនដែលអ្នកស្រី និងអ្នកភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត នាំគ្នាតវ៉ា និងប្ដឹងឈ្មួញដីនោះថា បានដណ្ដើមយកដីអ្នកភូមិ។ លោកស្រី ឆែម ក្មាន់ អះអាងថា បច្ចុប្បន្នលោកស្រីរងរបួសក្បាលធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខែត្រជាបន្ទាន់។
លោកស្រី ឆែម ក្មាន់៖ «វាឲ្យកូនចៅខ្ញុំហៅឲ្យមកជួបវា ហើយខ្ញុំថា ទៅធ្វើអី ខ្ញុំទៅរកកូនហ្នឹង នៅតែរុញខ្នងខ្ញុំ ខ្ញុំថាទៅរកកូន នៅតែរុញខ្នងខ្ញុំ មកជួបអ៊ំ មកជួបជំទាវវាហ្នឹង ដល់ពេលខ្ញុំមកដល់ មកតាមទៅ មកដល់ជំទាវហ្នឹងថា អ្ងែងទៅប្ដឹងអញ ទៅប្ដឹងអញយកដី។ ខ្ញុំថា ខ្ញុំអត់ប្ដឹងទេអ៊ំ ខ្ញុំទៅរកកូន ខ្ញុំបាត់កូន។ ដល់ហើយ វាអត់និយាយច្រើន វាទាញក្បាលខ្ញុំវ៉ៃយកៗ បួនប្រាំនាក់ អង្គរក្ស វាស្រីៗ ប្រុស២ ...ជំទាវ ហ៊ាង គន្ធី ហ្នឹង វ៉ៃខ្ញុំផ្ទាល់ហ្មង ខ្ញុំឈឺចាប់មាំណាស់ អយុត្តិធម៌ម្ល៉ឹងៗ រស់ម៉េចទៅខ្មែរ»។
ឈ្មួញដីឈ្មោះ ហ៊ាង គន្ធី ដែលភូមិស្គាល់ងារជាជំទាវ តែងរងការចោទពីអ្នកភូមិព្រៃពាយ ថាបានប្រើអំពើហិង្សាដាក់ពួកគាត់ ដោយវាយធ្វើបាប និងដុតផ្ទះអ្នកភូមិគ្មានញញើតច្បាប់ឡើយ ដើម្បីបង្ខំឲ្យពលរដ្ឋចាកចេញពីដី ហើយយកដីពលរដ្ឋទៅលក់ឲ្យក្រុមហ៊ុនជប៉ុន ឈ្មោះ អេម៉ារីអូ ហ្សូណាន់ ម៉ារីន ខបភើរ៉េសិន (Emario Shonan Marine Corporation Ltd.) របស់ជប៉ុន ដើម្បីវិនិយោគដំណាំម្រេចកំពត។
បច្ចុប្បន្នមានដីរាប់ពាន់ហិកតារ ត្រូវអ្នកភូមិអះអាងថា កំពុងស្ថិតក្នុងដៃឈ្មួញកាន់កាប់ដោយយកលេសថា ដើម្បីអភិវឌ្ឍដាំដំណាំម្រេចកំពត ខណៈដែលអ្នកភូមិព្រៃពាយ មួយចំនួនរត់ចោលផ្ទះព្រោះតែខ្លាចការបង្ក្រាបរបស់ឈ្មួញដីដែលមានអំណាច។ អ្នកភូមិត្រពាំងភ្លាំង ហាក់អស់សង្ឃឹមចំពោះអាជ្ញាធរ ខណៈតុលាការខេត្តកំពត បានចេញដីកាកោះអ្នកភូមិជាបន្តបន្ទាប់ ក្រោមបទថា បានប្រើហិង្សាដាក់ក្រុមហ៊ុន។
សាច់ញាតិម្នាក់របស់លោកស្រី ឆែម ក្មាន់ ថ្លែងប្រាប់អាស៊ីសេរី ដោយមិនហ៊ានបញ្ចេញឈ្មោះថា ពួកគាត់មិនហ៊ានទៅផ្ទះវិញទេ ដោយសារខ្លាចមានការគុំកួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។