ដោយឡែក ការបាត់បង់ផ្ទះសម្បែងដែលកើតចេញពីការបណ្ដេញចេញដោយបង្ខំ ឬមានជម្លោះដីធ្លី តែងត្រូវចាត់ទុកថា ជាហេតុការណ៍សំខាន់មួយក្នុងជីវិតបានធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅ ការប្រកបរបររបស់អ្នករងគ្រោះ។ ករណីនេះ អង្គការមិនមែនរដ្ឋាភិបាលមួយ បានសិក្សាឃើញថា ស្ត្រីភាគច្រើនកំពុងប៉ះទង្គិចដល់សតិអារម្មណ៍ និងផ្លូវចិត្តដោយការបណ្ដេញចេញ និងផ្ទះសម្បែង។
អង្គការមិនមែនរដ្ឋាភិបាលមួយដែលមានគោលដៅលើកកម្ពស់ការគោរពសិទ្ធិស្ត្រី បានចាត់ទុកថា ស្ត្រីដែលជាមេគ្រួសារ បានរងផលប៉ះពាល់ខ្លាំងជាងបុរសនៅពេលមានហេតុការណ៍អាក្រក់ក្នុងជីវិត ដែលនាំអោយមានបញ្ហាផ្លូវចិត្ត។ ស្របគ្នានេះ បញ្ហាបាត់បង់ដីធ្លី និងផ្ទះសម្បែង គឺជាចំណែកមួយដែលកំពុងញាំញីស្មារតី និងផ្លូវចិត្តស្ត្រី។
នាយិកាប្រតិបត្តិអង្គការស្ត្រីខ្មែរ អ្នកស្រី អរុណ រស្មី មានប្រសាសន៍ថា ជាង ៩០% នៃស្ត្រីដែលរងគ្រោះដោយសារបាត់បង់ផ្ទះ និងដីធ្លី កំពុងមានបញ្ហាសុខភាពផ្លូវចិត្ត និងផ្លូវអារម្មណ៍ ជាពិសេសនៅតាមតំបន់ដែលពុំមានសំណងត្រឹមត្រូវ។ អ្នកស្រី អរុណ រស្មី បន្តថា ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ នៅមានភាពខ្វះចន្លោះចំពោះការដោះស្រាយបញ្ហាទាំងនោះ។
អ្នកស្រី អរុណ រស្មី៖ «មិនមែនគាត់ចេះតែទាមទារធ្វើម៉េចអោយសមគាត់ទេ តែធ្វើម៉េចអោយគាត់បានមានលទ្ធភាព។ ផ្លាស់ប្ដូរគាត់ទៅឆ្ងាយមែន តែអោយគាត់មានសេវាគ្រប់គ្រាន់ ដូចជា មន្ទីរពេទ្យ ទឹកស្អាតមានអនាម័យសម្រាប់កូនគាត់នោះ គឺមិនមែនជាបញ្ហាធំដុំទេ។ ប៉ុន្តែ ការផ្តល់ជូនពួកគាត់ដែលយើងបានដឹងតាមរយៈសារព័ត៌មាន តាមវិទ្យុក្តីហ្នឹង គឺពុំសមស្រប និងត្រឹមត្រូវសម្រាប់ស្ត្រីយើងឡើយ»។
ការអះអាងរបស់អ្នកស្រី អរុណ រស្មី គឺជាលទ្ធផលនៃការស្រាវជ្រាវស្ដីពី គេយកដីខ្ញុំ គេយកជីវិតខ្ញុំ របស់អង្គការស្ត្រីខ្មែរដែលបានបង្ហាញជាសាធារណៈ កាលពីថ្ងៃទី២៧ ខែកុម្ភៈ បន្ទាប់ពីអង្គការនេះបានធ្វើការសិក្សាស្រាវជ្រាវក្នុងខេត្តក្រុងចំនួន៤ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ធំ បាត់ដំបង និងរាជធានីភ្នំពេញ។
តំណាងស្ត្រីតវ៉ាដីធ្លីមកពីសហគមន៍បឹងកក់ អ្នកស្រី គង់ ចន្ថា មានប្រសាសន៍ថា ផលប៉ះពាល់ទៅលើផ្លូវចិត្តស្ត្រីរងគ្រោះ បានកើនឡើងទ្វេនៅពេលដែលក្មេងៗដែលជាកូនចៅរបស់ពួកគេបានប៉ះពាល់ផ្លូវចិត្តដែរនោះ។
អ្នកស្រី គង់ ចន្ថា៖ «ក្មេង ក៏អីចឹងដែរ គាត់ប៉ះពាល់ខ្លាំងណាស់ ដោយសារគាត់ទៅរៀន ហើយគាត់ខ្លាចមកវិញបាត់បង់ផ្ទះ គាត់ខ្លាចខ្សាច់បូមដាក់ចូលផ្ទះរបស់គាត់ អ៊ីចឹងគាត់ទៅរៀនភ្លាមៗ គឺគាត់មកវិញហើយ និងប៉ះពាល់យ៉ាងច្រើនដល់កុមារនៅតំបន់បឹងកក់ គឺអារម្មណ៍គាត់មិននឹងនរ ដោយខ្លាចគេចាប់ម្តាយដាក់គុកអីចឹងណាស់»។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ អោយដឹងថា អង្គការរបស់លោកតែងតែផ្ដល់ការប្រឹក្សាជាញឹកញយទៅដល់ក្រុមស្ត្រីដែលរងគ្រោះដោយសារជម្លោះដីធ្លី ឬការបណ្ដេញចេញ ក្នុងគោលដៅជួយពង្រឹងស្មារតីអោយពួកគាត់រឹងប៉ឹង ទប់ទល់នឹងហេតុការណ៍។ តែទោះជាយ៉ាងណា លោកថាការបាត់បង់ផ្ទះសម្បែង គឺមានតម្លៃស្មើនឹងពាក់កណ្ដាលនៃការបាត់បង់អាយុជីវិតរបស់ពួកគាត់ គឺជារឿងដែលពិបាកនឹងអោយពួកគាត់អាចតាំងចិត្តបាន។ លោក សៀ ភារម្យ នៅតែអះអាងថា អ្នករងគ្រោះ ២នាក់នៅបឹងកក់ បានធ្វើអត្តឃាតក៏ដោយសារតែពុំអាចតស៊ូជម្នះភាពឈឺចាប់ក្នុងចិត្តបាន។
លោក សៀ ភារម្យ៖ «គឺដោយសារពួកយើងហ្នឹងហើយជួយអប់រំផ្លូវចិត្តគាត់ ជាកម្លាំងចិត្តរបស់គាត់។ ឃើញទេ អ្នកស្រី ជា ដារ៉ា សម្លាប់ខ្លួន ហើយនិងមន្ត្រីប៉ូលិសនៅភូមិ២៤ ដែលគាត់សម្លាប់ខ្លួននៅក្នុងបឹងកក់ ស្ទើរតែដំណាលគ្នានឹងលោកស្រី ជា ដារ៉ា ដែរ។ បើគ្មានពួកខ្ញុំជួយទេ មិនដឹងមានប៉ុន្មានទៀតសម្លាប់ខ្លួន គឺកាន់តែច្រើនទៅៗ។ ហើយផ្ទះសម្បែងហ្នឹងធំណាស់ ព្រោះមនុស្សយើងត្រូវការជម្រក សត្វត្រូវការសម្បុក ខ្មោចស្លាប់ទៅត្រូវការផ្នូរ អីចឹងមនុស្សដែលអត់ផ្ទះ គឺដូចខ្មោចអត់ផ្នូរ សត្វអត់សម្បុកអីចឹង»។
របាយការណ៍របស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ មក យ៉ាងហោចណាស់ប្រជាជនចំនួន ៧០ម៉ឺននាក់ទូទាំងប្រទេស រងផលប៉ះពាល់ពីការចាប់យកដី និងការរើលំនៅឋានដោយបង្ខំ។ ក្នុងនោះ ប្រហែល ១០% នៃប្រជាជននៅរាជធានីភ្នំពេញ គឺប្រហែល ១៤ម៉ឺន ៥ពាន់នាក់ ត្រូវបានបណ្ដេញចេញ។ ដោយឡែកនៅចុងឆ្នាំ២០១១ ប្រជាជនជិត ៤ម៉ឺននាក់ ស្ថិតក្រោមការគំរាមកំហែងភ្លាមៗនៃការបណ្ដេញចេញ។
ទាក់ទិននឹងបញ្ហាសុខភាពផ្លូវចិត្ត លោកវេជ្ជបណ្ឌិត មុនី សុត្ថារា ឯកទេសវិកលវិទ្យានៃអង្គការចិត្តសង្គម អន្តរវប្បធម៌ មានប្រសាសន៍ថា ជាទូទៅ ការប៉ះទង្គិចផ្លូវចិត្តអាចនឹងកើតឡើងនៅពេលដែលអ្នកណាម្នាក់បានជួបហេតុការណ៍ដែលផ្លូវចិត្តរបស់គេមិនអាចទ្រាំទ្របាន ហើយស្ថានភាពអាចនឹងធ្ងន់ធ្ងរថែមទៀត នៅពេលដែលពុំអាចរកឃើញដំណោះស្រាយ ឬទុកអោយបញ្ហាចេះតែបន្ត។
លោក មុនី សុត្ថារា បញ្ជាក់ដែរថា ការប្រឹក្សាផ្ដល់កម្លាំងចិត្តដល់អ្នករងគ្រោះ ក៏ជាផ្នែកដែលពុំអាចខ្វះបានក្នុងការដោះស្រាយវិបត្តិក្នុងចិត្ត៖ «បើគិតតាមគណិតវិទ្យា បើព្រឹត្តិការណ៍ហ្នឹងធំធេងខ្លាំង ហើយជាលទ្ធផល ភាគច្រើនត្រូវតែរងផលប៉ះពាល់ខាងផ្លូវចិត្តហើយ។ ប៉ុន្តែ បើសិនព្រឹត្តិការណ៍ហ្នឹងជួនកាលឧទាហរណ៍បាត់ម៉ូតូមួយ មនុស្សម្នាក់អាចបាត់ម៉ូតូមួយ អត់ប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរទេ ប៉ុន្តែមនុស្សម្នាក់ទៀតបាត់ម៉ូតូមួយ ប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ បើសិនម៉ូតូហ្នឹងជាអាយុជីវិតគ្រួសារគាត់។ អីចឹង អត្ថន័យនៃព្រឹត្តិការណ៍ហ្នឹងដែលមនុស្សមានកម្រិតទទួលយកព្រឹត្តិការណ៍ហ្នឹង ក៏វាជាកត្តាមួយធ្វើអោយអ្នករងគ្រោះហ្នឹងក្លាយជាឈឺបានដែរ។ ជាទ្រឹស្ដី គេនិយាយដែរពីរយៈពេលនៃព្រឹត្តិការណ៍។ ខ្លះវាកើតឡើង ហើយក៏ចប់ទៅ ខ្លះទៀតនៅបន្តរហូត»។
ករណីនេះ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ទទូចដល់រដ្ឋាភិបាលអោយយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលកើតចេញពីការបណ្ដេញចេញដោយគ្មានសំណង ឬសំណងមិនត្រឹមត្រូវ។ ចំណែកប្រជាពលរដ្ឋត្រូវតែចូលរួមចំណែកដោយការប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនអោយបានត្រឹមត្រូវ៖ «បើសិនរដ្ឋាភិបាលគាត់មានឆន្ទៈល្អ គាត់ពិតជាស្រឡាញ់ប្រជាពលរដ្ឋ ដែលគាត់ទទួលបានសន្លឹកឆ្នោតពីពលរដ្ឋ ដែលបោះឆ្នោតអោយគាត់ហ្នឹងណាស់។ គាត់អាចដោះស្រាយអោយបាន។ ប៉ុន្តែ បើរដ្ឋាភិបាលអត់ធ្វើតាមអ្វីដែលបានសន្យាថាបម្រើប្រជាពលរដ្ឋគាត់ភ្លេចសន្យា គឺមានតែសង្គមយើង គឺប្រជាពលរដ្ឋម្ចាស់ឆ្នោតហ្នឹងចូលរួមដោះស្រាយ»។
ក្រៅពីផលប៉ះពាល់ដោយផ្ទាល់ទៅលើផ្លូវចិត្តស្ត្រី បញ្ហាដីធ្លី ផ្ទះសម្បែង ក៏បានក្លាយជាការគំរាមកំហែងមួយទៀតដែរ ដែលអង្គការមិនមែនរដ្ឋាភិបាលបានមើលឃើញនោះ គឺការការចាប់កើនឡើងនូវការប្ដឹងផ្ដល់យកជនរងគ្រោះដាក់ពន្ធនាគារនៅក្នុងឆ្នាំ២០១២ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
