សង្គម​ស៊ីវិល​និង​អ្នក​រង​គ្រោះ​ដោយ​ជម្លោះ​ដី​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ដី

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ៣២​សហគមន៍​នៅ​រាជធានី​ភ្នំពេញ និង​មក​ពី​តាម​បណ្ដា​ខេត្ត​ចំនួន ១១​ទៀត រួមមាន​ខេត្ត​ពោធិ៍សាត់ មណ្ឌលគិរី រតនគិរី ស្វាយរៀង ក្រចេះ កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​ ជាដើម សរុប​ជាង ១៣០​នាក់ បាន​ជួប​ពិភាក្សា​រួម​គ្នា​នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មិថុនា ស្ដីពី​ស្ថានភាព​សិទ្ធិ​ដីធ្លី និង​ទំនួល​ខុស​ត្រូវ​របស់​សាជីវកម្ម​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស។

សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ដើម្បី​ចែក​រំលែក​នូវ​ព័ត៌មាន​បច្ចុប្បន្នភាព អំពី​ស្ថានភាព​វិវាទ​ដីធ្លី​នៅ​កម្ពុជា ទាក់ទង​នឹង​ការ​រំលោភ​យក​ដីធ្លី​និង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច។

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គិត​ថា បញ្ហា​ទំនាស់​ដីធ្លី​នៅ​កម្ពុជា នៅ​តែ​មិន​អាច​ដោះស្រាយ​បាន ដរាបណា​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ទ្រឹង ហើយ​មន្ត្រី​ពាក់ព័ន្ធ​មិន​មាន​ឆន្ទៈ​និង​គេចវេះ​មិន​ដោះស្រាយ ដែល​នាំ​ឲ្យ​ទំនាស់​ដីធ្លី​កាន់​តែ​មាន​សភាព​ធ្ងន់​ឡើងៗ។

ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​អាដហុក លោក ឡាត់ គី ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​ស្ដីពី​ស្ថានភាព​សិទ្ធិ​ដីធ្លី និង​ទំនួល​ខុស​ត្រូវ​របស់​សាជីវកម្ម​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ទី​៣០ មិថុនា ថា អាជ្ញាធរ​ដោះស្រាយ​ដីធ្លី​តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់​ជាតិ មិន​មាន​លទ្ធភាព​ដោះស្រាយ​វិវាទ​ដែល​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន គួបផ្សំ​នឹង​ផ្នត់គំនិត​របស់​មន្ត្រី​អាជ្ញាធរ​ដែល​មាន​តួនាទី​ដោះស្រាយ​វិវាទ​មិន​ចង់​ដោះស្រាយ គឺ​ធ្វើ​ឲ្យ​ទំនាស់​ដីធ្លី​កាន់តែ​រីក​ធំ​ឡើងៗ។

មួយ​វិញ​ទៀត អ្នក​ដែល​មាន​ភារកិច្ច ឬ​តួនាទី​ដោះស្រាយ​វិវាទ ព្យាយាម​គេច​ចេញ ឬ​មិន​ចង់​ជួប​បញ្ហា​វិវាទ ដែល​ទំនង​ជា​ការ​យល់​ខុស​មួយ​នៃ​ការ​ប្រើ​យុទ្ធសាស្ត្រ​ឲ្យ​អ្នក​មាន​ជម្លោះ​ដីធ្លី​បន្ត​ការ​ទាមទារ​រហូត​ដល់​រំសាយ​ចិត្ត និង​ឈប់​តវ៉ា​ដោយ​ខ្លួន​ឯង ហើយ​អ្នក​នយោបាយ​ខ្លះ បាន​ឆ្លៀត​ឱកាស​នេះ​ទាញ​យក​ប្រជាប្រិយភាព​ពី​បញ្ហា​ជម្លោះ​ដីធ្លី។

លោក ឡាត់ គី បន្ត​ថា យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​ច្រើន​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព ប្រកប​ដោយ​យុត្តិធម៌​ទេ ហើយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​កម្ពុជា កំពុង​ក្លាយ​ជា​គំរូ​អាក្រក់​នៅ​តំបន់ និង​ក្លាយ​ជា​បញ្ហា​ស្មុគស្មាញ ហើយ​អ្នក​រង​គ្រោះ​ដោយសារ​ដីធ្លី បាត់បង់​ជំនឿ​ទៅ​លើ​យន្តការ​ដោះស្រាយ​វិវាទ ខណៈ​ដែល​មន្ត្រី​និង​អាជ្ញាធរ​មាន​ភារកិច្ច​ដោះស្រាយ​វិវាទ ខកខាន​មិន​អនុវត្ត​យន្តការ​ដែល​មាន​ស្រាប់ ហើយ​ច្រើនតែ​អនុវត្ត​តាម​កម្សួល​អ្នក​នយោបាយ​បញ្ឆេះ។

​«សំឡេង»

​លោក ឡាត់ គី បញ្ជាក់​ថា ក្រុមហ៊ុន​វិនិយោគ​ជា​អ្នក​ទទួល​ផល​ច្រើន​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ហើយ​អ្នក​ដែល​ទទួល​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ គឺ​ប្រជា​សហគមន៍ ពិសេស​ជនជាតិ​ដើម​ភាគ​តិច ដែល​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍ ដែល​ពួកគេ​បាត់​បង់​នូវ​វប្បធម៌ ប្រពៃណី ព្រៃ​អារក្ស ចម្ការ​វិល​ជុំ​និង​ផ្ទះសម្បែង​ជាដើម។ តាម​ការសិក្សា​ជាក់​ស្តែង​របស់​អង្គការ​អាដហុក គឺ​រាជរដ្ឋាភិបាល​មិន​មាន​ការ​សិក្សា​ពី​ផល​ប៉ះពាល់​សង្គម និង​ផល​ប៉ះពាល់​បរិស្ថាន​ជា​មុន។

ប្រធាន​សម្របសម្រួល​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​លោក​មេធាវី សុក សំអឿន ស្រាវជ្រាវ​ឃើញ​ថា យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី ពិសេស​គណៈកម្មការ​សុរិយោដី បរាជ័យ​ដោយសារ​តែ​មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ និង​ពេល​ខ្លះ​មិន​ហ៊ាន​សម្រេច​តែម្ដង។

«សំឡេង»

​លោក​មេធាវី​គិត​ថា ដើម្បី​កាត់​បន្ថយ​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា បាន​រាជរដ្ឋាភិបាល​គួរ​ពន្លឿន​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា នៅ​ពេល​ដែល​ពួកគេ​មាន​ដីធ្លី​រួច​ហើយ។

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង លោក អាន ហៃយ៉ា ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដោយ​លើក​ជា​បទពិសោធន៍​ខ្លះ​ថា ប្រជា​សហគមន៍​ធ្លាប់​ត្រូវ​ក្រុមហ៊ុន​បង្ខំ​ឲ្យ​ទទួល​យក​សំណង​មិន​សមរម្យ និង​ការ​មិន​អើពើ​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​ពលរដ្ឋ។ លោក​បន្ត​ថា ពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ តែ​តុលាការ​បាន​ច្រានចោល​រុញ​ឲ្យ​ទៅ​គណៈកម្មការ​សុរិយោដី ដោយ​អះអាង​ថា រឿង​នោះ​មិន​មែន​ជា​ការងារ​របស់​តុលាការ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ និង​យន្តការ​ដោះស្រាយ​វិវាទ​របស់​រដ្ឋាភិបាល។

​របាយការណ៍​ស្ដីពី​ស្ថានភាព​ដីធ្លី​ឆ្នាំ​២០១៣ និង ៣​ខែ​ដើម​ឆ្នាំ​២០១៤ របស់​សមាគម​អាដហុក ចេញ​ផ្សាយ​ថ្ងៃ​ទី​​៨ ខែ​ឧសភា បង្ហាញ​ថា ឆ្នាំ​២០១៣ មាន​ករណី​ចោទ​ប្រកាន់​មនុស្ស​ជាង ១០០​នាក់ (១០៩) ចាប់​ខ្លួន​ជាង ៤០​នាក់ (៤៣) និង​ជាប់​ពន្ធនាគារ​ជិត ២០​នាក់ (១៩)។ ទោះ​បី​ឆ្នាំ​២០១៣ ជម្លោះ​ដីធ្លី និង​ចាប់​ខ្លួន​មនុស្ស​បាន​ថយ​ចុះ​ប្រៀបធៀប​ឆ្នាំ​២០១២ ក្តី ប៉ុន្តែ​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០១៤ នេះ ជម្លោះ​ដីធ្លី​បាន​ផ្ទុះ​ឡើង​វិញ និង​មាន​មនុស្ស​ជិត ៥០​នាក់ (៤៨) ត្រូវ​គេ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន ក្នុង​នោះ​មនុស្ស​ចំនួន ១២​នាក់ ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ ហើយ​ភាគ​ច្រើន​ជម្លោះ​នោះ​កើត​ឡើង ដោយសារ​ការ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ជូន​ក្រុមហ៊ុន​ឯកជន៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។