ជនជាតិដើមភាគតិចព័រ ចំនួន ១៥៩គ្រួសារ បានប្រមូលផ្ដុំគ្នានៅវត្តភ្នំរ៉ៃ ដើម្បីរៀនសូត្រ និងស្វែងយល់ពីនីតិវិធីនៃការធ្វើស្វ័យកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចឲ្យច្បាស់លាស់ ដើម្បីឈានទៅរកការចុះបញ្ជីដីធ្លីរបស់សហគមន៍ជនជាតិជាសមូហភាពនៅពេលខាងមុខ។
ពិធីនេះ បានរៀបចំឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ នៅបរិវេណវត្តភ្នំរ៉ៃ ភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ក្រោមការជួយជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិដីធ្លី។
ប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង លោក សុង ណាំង បានថ្លែងថា កិច្ចប្រជុំផ្សព្វផ្សាយអំពីដំណើរការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចព័រ នេះ មានទម្រង់ចំនួន៥ ដែលត្រូវចុះអនុវត្ត៖ «ទី១ យើងត្រូវចុះឈ្មោះនៅក្នុងបន្ទុកគ្រួសារនីមួយៗ មានប្រុសប៉ុន្មាន ស្រីប៉ុន្មាន ដើម្បីឲ្យគាត់ផ្ដិតមេដៃទទួលយល់ព្រមថា គាត់ស្ម័គ្រចិត្តចុះដីទាំងអស់នោះជាសហគមន៍។ ទី២ នីតិវិធីបន្ត គឺយើងត្រូវឲ្យម្នាក់ៗត្រូវឯកភាពគ្នាធ្វើសំណើទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឲ្យក្រសួងទទួលស្គាល់ថា ជនជាតិនេះមានអត្តសញ្ញាណប្រពៃណីទំនៀមទម្លាប់ពិតប្រាកដមែន»។
ចំណុចទី៣ គឺត្រូវសិក្សារកឲ្យឃើញនូវទំហំដីជាក់លាក់របស់ជនជាតិដើមភាគតិចព័រ។ ចំណុចទី៤ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចុះទៅបំពេញបែបបទនីតិវិធី ដើម្បីសម្គាល់នូវប្រពៃណីរបស់ជនជាតិភាគតិចព័រ។ មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូនឹងបន្តចុះទៅជួបជនជាតិដើមភាគតិចព័រ ច្រើនលើកថែមទៀត ដើម្បីពន្យល់ពួកគាត់ឲ្យយល់ច្បាស់ មុននឹងធ្វើការសម្រេចចិត្តចុះបញ្ជីដីធ្លីជាសមូហភាព នៅក្នុងភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកស្រី ឆាយ សុភាព ជាអនុភូមិភ្នំរ៉ៃ បានថ្លែងថា ជនជាតិដើមភាគតិចព័រ ប្រកបរបរចម្ការវិលជុំ ប៉ុន្តែបច្ចុប្បន្ន មានដីទំហំ ២៧០ហិកតារ ត្រូវក្រុមហ៊ុនឯកជនរំលោភយក៖ «ជនជាតិពួកខ្ញុំធ្វើចម្ការវិលជុំ បើបាត់បង់ដីធ្លីប៉ុន្មានរយទៅក្រុមហ៊ុន ហើយពួកខ្ញុំមិនដឹងថាពឹងទៅឲ្យអ្នកណាគេជួយដោះស្រាយឲ្យទេ ព្រោះថា តំបន់នេះធ្វើចម្ការវិលជុំ កាលណាក្រុមហ៊ុនគេយកអស់ ២០០ហិកតារហ្នឹង ហើយពួកយើងខ្ញុំអត់មានកម្លាំងអីនឹងធ្វើទេ»។
តំណាងជនជាតិដើមភាគតិចព័រ លោក ឈើត ឈន បានថ្លែងថា ទោះយ៉ាងណា ជនជាតិដើមភាគតិចព័រ ទាំងអស់ បានឯកភាពគ្នាថាត្រូវរួមគ្នាចុះបញ្ជីដីជាសមូហភាព ដើម្បីអភិរក្សប្រពៃណីវប្បធម៌របស់ខ្លួនឲ្យបានគង់វង្ស៖ «ខាងសហគមន៍មានការព្រមព្រៀងគ្នាឈានទៅរកការចុះបញ្ជីដីធ្លីជាសមូហភាព ១៥៩គ្រួសារ»។
របាយការណ៍របស់អាជ្ញាធរឃុំតាតោក បានបង្ហាញថា បច្ចុប្បន្ន ជនជាតិដើមភាគតិចព័រ មានចំនួន ១៥៩គ្រួសារ។ ដីលំនៅឋានមានទំហំ ១៨០ហិកតារ ដីព្រៃមានទំហំ ៧៤៣ហិកតារ ដីកប់សពមាន មួយហិកតារកន្លះ ដីសហគមន៍មានទំហំ ៤៨៥ហិកតារ និងដីដែលមានប៉ះពាល់ជាមួយក្រុមហ៊ុនឯកជនទំហំ ២៧០ហិកតារ។ ទន្ទឹមគ្នានេះ សហគមន៍ជនជាតិដើមភាគតិចព័រ បានស្នើសុំឲ្យអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាលនានា ជួយជីកអណ្ដូងស្នប់ចំនួនបី សុំរដ្ឋាភិបាលជួយយកដីទំហំ ២៧០ហិកតារពីក្រុមហ៊ុន ដែលរំលោភយកនោះមកដាក់ជាដីសហគមន៍វិញ និងចង់បានការចុះប្លង់ដីជាសមូហភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
