ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍រងគ្រោះដោយការបណ្ដេញចេញ ព្រះសង្ឃ និងក្រុមយុវជនប្រមាណ ៣ពាន់អង្គនិងនាក់ មកពីខេត្តក្រុងចំនួន ៨ បាននាំគ្នាប្រារព្ធទិវាលំនៅឋានពិភពលោកលើកទី២៩ ដោយដើរហែក្បួនពីអតីតសហគមន៍ដីក្រហមក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន យកញត្តិដាក់ជូនអ្នកតំណាងរាស្ត្រនៅមន្ទីររដ្ឋសភា ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសាលារាជធានីភ្នំពេញ។ ការប្រារព្ធដោយការហែក្បួននេះ ត្រូវសាលារាជធានីភ្នំពេញ បដិសេធ។
នៅក្នុងទិវាលំនៅឋានពិភពលោកលើកទី២៩ នៅថ្ងៃទី៦ ខែតុលា ដែលសហគមន៍រងគ្រោះដោយការបណ្ដេញចេញបានប្រារព្ធឡើងនោះ បានប្រែក្លាយពីការអបអរសាទរទៅជាការទាមទារឲ្យមន្ត្រីពាក់ព័ន្ធក្នុងស្ថាប័នថ្នាក់ជាតិដោះស្រាយវិបត្តិអត់ផ្ទះសម្បែងដីធ្លីជូនពួកគាត់។
«សំឡេងស្រែកទាមទារសុំលំនៅឋានវិញ»
ក្រុមអ្នកតវ៉ាដែលពាក់អាវយឺតពណ៌ស ពាក់មួកស្លឹកត្នោត នៅលើអាវនិងមួកមានសរសេរពាក្យស្លោកថា "សំឡេងអ្នកក្រក្នុងទីក្រុង" បានធ្វើដំណើរពីអតីតសហគមន៍ដីក្រហម ក្នុងសង្កាត់ទន្លេបាសាក់ ដោយភាគច្រើនថ្មើរជើង ខ្លះជិះកង់ ម៉ូតូ និងរ៉ឺម៉កកង់បី កាន់ទង់ជាតិ ទង់សាសនា លើកបដាដែលសរសេរទាមទារឲ្យដោះស្រាយ បញ្ឈប់ការបណ្ដេញចេញដោយបង្ខំ និងសុំឲ្យរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង។ ក្រៅពីនោះក៏មានបដារូបថតនៅពេលឈូសឆាយផ្ទះសម្បែងរបស់ពួកគេ។ ជាងនេះទៅទៀត ពួកគេក៏បានលើកកូនផ្ទះមួយខ្នង ហែជានិមិត្តរូបក្នុងពិធីនោះឆ្ពោះទៅមន្ទីររដ្ឋសភាថែមទៀត។
«សំឡេងស្រែកឲ្យអ្នកតំណាងរាស្ត្រចេញទទួលញត្តិ»
អ្នកស្រី ជឹម សុខហេង មកពីភូមិស្វាយជ្រុំ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានកាន់ញត្តិនៅនឹងដៃ បានស្នើអ្នកតំណាងរាស្ត្រដោះស្រាយវិវាទជូនពួកគាត់ជាបន្ទាន់។ អ្នកស្រីថា ដីធ្លីនិងផ្ទះសម្បែងត្រូវបានអាជ្ញាធរខេត្តនិងអាជ្ញាធរជាតិប្រាសាទព្រះវិហារ ឈូសឆាយបណ្ដេញចេញ ដោយថា ជាតំបន់អភិរក្សប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក៖ «ឥឡូវហ្នឹងខ្ញុំសុំឲ្យអស់លោកមន្ត្រីខាងសភាមកទទួលញត្តិខ្ញុំផង។ អាយុ ៥៧ឆ្នាំហើយ មួយឆាកជីវិតខ្ញុំ ខ្ញុំខំរកមកឥឡូវគេឈូសឆាយអស់ដោយសារកម្លាំងអាជ្ញាធរជាតិប្រាសាទព្រះវិហារ ធ្វើលក្ខណៈចោរប្លន់ចាប់មាន់ចាប់ទា ចាប់ប្ដីខ្ញុំ ឃាត់ខ្លួន។ ខ្ញុំបានឮអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន គាត់ឲ្យបងប្អូនខ្ញុំហែញត្តិមករកយុត្តិធម៌។ ឥឡូវយុត្តិធម៌នៅឯណា ?»។
អ្នកហែក្បួនបានស្រែករង់ចាំជិតមួយម៉ោងនៅមុខមន្ទីររដ្ឋសភាទម្រាំអ្នកតំណាងរាស្ត្រចេញមកទទួលញត្តិ។
លោកស្រី កែ សុវណ្ណរតន៍ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាប្រធានគណៈកម្មការទី៨នៃរដ្ឋសភា និងលោកស្រី ឡោក ខេង សមាជិកគណៈកម្មការទី១នៃរដ្ឋសភាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ចេញមកទទួលញត្តិពីពលរដ្ឋ។
លោកស្រី ឡោក ខេង បានថ្លែងទទួលស្គាល់ថា ពលរដ្ឋកំពុងជួបការលំបាកពិតប្រាកដ។ លោកស្រីថា នឹងរៀបចំយន្តការពិនិត្យតាមដានដោះស្រាយជូនពលរដ្ឋទាំងអស់ដែលមាននៅក្នុងញត្តិនេះ៖ «បើបងប្អូនជាប្រជាពលរដ្ឋឈឺចាប់នាងខ្ញុំជាតំណាងរាស្ត្រឈឺចាប់ជាងបងប្អូនទៅទៀត។ អ្វីដែលបងបងប្អូនប្រជាពលរដ្ឋកំពុងតែជួបលំបាក ទោះបីត្រូវច្បាប់ក្ដី មិនត្រូវច្បាប់ក្ដី យើងត្រូវពិនិត្យយើងត្រូវពិនិត្យទៅតាមយន្តការទាំងអស់ ដើម្បីដោះស្រាយ។ សំណូមពរបងប្អូនទាំងអស់នៅថ្ងៃនេះ យើងនឹងយកទៅពិភាក្សានៅក្នុងគណៈកម្មការទី១ ហើយយើងតាមដានជំរុញនូវរាល់ការអនុវត្តទាំងអស់ ហើយយើងគាំទ្រចំពោះការអភិវឌ្ឍនៅនឹងកន្លែង»។
យ៉ាងណាក៏ដោយ អ្នកតវ៉ាមិនបានបញ្ចប់ត្រឹមនេះនោះទេ។ ពួកគេមានគោលដៅបន្តដំណើរហែញត្តិទៅសាលារាជធានី និងទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀត ថ្វីត្បិតអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង មកទទួលញត្តិដល់កន្លែងជាថ្នូរមិនឲ្យហែក្បួនក៏ដោយ។
លោក ឃួង ស្រេង បានចាត់ទុកថា សហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិលដែលរៀបចំពិធីនេះ បានរំលោភនឹងកំណត់ហេតុ គោលការណ៍របស់ក្រសួងមហាផ្ទៃ រួចទៅហើយ។
កងសន្តិសុខជាច្រើនរយនាក់ ត្រូវបានគេដាក់ពង្រាយ និងបិទរបាំងនៅលើផ្លូវជាច្រើនកន្លែង ប៉ុន្តែមានការសម្រុះសម្រួលគ្នាវិញ រវាងអ្នករៀបចំពិធីនិងសាលារាជធានី ឲ្យយកញត្តិទៅដាក់នៅក្រោមដើមពោធិ៍ដែលមានមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី និងមន្ត្រីសាលារាជធានីចាំទទួលយកនៅទីនោះ។
ទាក់ទងនឹងការប្រារព្ធទិវាលំនៅឋានអន្តរជាតិឆ្នាំ២០១៤នេះ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានវាយតម្លៃថា ប្រជាពលរដ្ឋមានការភ្ញាក់រលឹកនិងយល់ដឹងច្រើនក្នុងការចូលរួម។ រីឯអាជ្ញាធរក៏មានការប្ដូរឥរិយាបថច្រើន ដោយមានការបញ្ជូនតំណាងមកចរចាគ្មានអំពើហិង្សា។ ជាងនេះទៅទៀត តំណាងរាស្ត្រក៏បានចេញមកទទួលញត្តិនិងបានសន្យាដោះស្រាយជូនពលរដ្ឋ ទោះបីជាកន្លងមកអ្នកតំណាងរាស្ត្រទាំងនោះ បានកុហកមិនបានគោរពពាក្យសន្យារបស់ខ្លួនក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
