តុលាការ​កំពូល​គ្រោង​បើក​សវនាការ​សំណុំ​រឿង​លោកស្រី យ៉ោម បុប្ផា នៅ​ថ្ងៃ​២២

អ្នក​ភូមិ​បឹងកក់ បញ្ជាក់​ថា តុលាការ​កំពូល​សម្រេច​បើក​សវនាការ​លើ​សំណុំ​រឿង​លោកស្រី យ៉ោម បុប្ឆា នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ខាង​មុខ តាម​ការ​ទាមទារ​ឲ្យ​តុលាការ​ពន្លឿន​សវនាការ​នេះ​ឲ្យ​បាន​ឆាប់។
ដោយ ទេព សុរ៉ាវី
2013.11.04
តវ៉ា យ៉ោម បុប្ផា ៦១០ អ្នក​ភូមិ​បឹងកក់​និង​បុរីកីឡា តវ៉ា​នៅ​មុខ​តុលាការ​កំពូល​ឲ្យ​ពន្លឿន​បើក​សវនាការ​លើ​សំណុំ​រឿង​លោកស្រី យ៉ោម បុប្ឆា កាល​ពី​ព្រឹក​ថ្ងៃ​៤ វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Tep Soravy

អ្នក​ភូមិ​បឹងកក់ និង​អ្នក​ភូមិ​បុរីកីឡា ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​ហែ​ក្បួន​តាម​តវ៉ា​ពី​សាលាឧទ្ធរណ៍​ទៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ដោយ​មាន​អម​រូប​ព្រះ និង​ផ្កា​ឈូក និង​មាន​លើក​បដា​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី យ៉ោម បុប្ឆា និង​ពាក្យ​ស្លោក​ថា «ខ្ញុំ​ឃ្លាន​យុត្តិធម៌​និង​ត្រូវ​ការ​យុត្តិធម៌»។

តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា តុលាការ​កំពូល និង​ក្រសួង​យុត្តិធម៌​ធ្លាប់​សន្យា​ថា នឹង​បើក​សវនាការ​សំណុំ​រឿង​លោកស្រី យ៉ោម បុប្ឆា ឲ្យ​បាន​ឆាប់​នៅ​ចុង​ខែ​តុលា កន្លង​មក។ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា នេះ តុលាការ​កំពូល​នៅ​មិន​ទាន់​បើក​សវនាការ​នេះ​នៅ​ឡើយ ទើប​អ្នក​ភូមិ​បឹងកក់ និង​អ្នក​ភូមិ​បុរីកីឡា តវ៉ា​ទាមទារ​ឲ្យ​ស្ថាប័ន​ទាំង​ពីរ​គោរព​សន្យា គឺ​ត្រូវ​បើក​សវនាការ​លើ​សំណុំ​រឿង​លោកស្រី យ៉ោម បុប្ឆា ឲ្យ​បាន​ឆាប់។

លោកស្រី ទេព វន្នី៖ «រហូត​មក​ទល់​ពេល​នេះ ដាច់​ខែ​តុលា ចូល​ខែ​វិច្ឆិកា​ហើយ យើង​មិន​ទាន់​បាន​ចម្លើយ ឬ​ដីកា​ណា​មួយ​កោះ អ្នកស្រី យ៉ោម បុប្ឆា ឲ្យ​ឡើង​តុលាការ​កំពូល បើក​សវនាការ​នៅ​ឡើយ អ៊ីចឹង​ក៏​ពួក​យើង​ទាំង​អស់​គ្នា​ឯកភាព​គ្នា​មក​តាមដាន​នូវ​ការ​ដាក់​លិខិត​អន្តរាគមន៍​ឲ្យ​មក​បើក​សវនាការ​នេះ​ជា​ថ្មី​ម្តង​ទៀត​នៅ​តុលាការ​កំពូល​និង​ក្រសួង​យុត្តិធម៌»

អ្នក​ភូមិ​បឹងកក់​និង​បុរីកីឡា តវ៉ា​នៅ​មុខ​តុលាការ​កំពូល​ឲ្យ​ពន្លឿន​បើក​សវនាការ​លើ​សំណុំ​រឿង​លោកស្រី យ៉ោម បុប្ឆា កាល​ពី​ព្រឹក​ថ្ងៃ​៤ វិច្ឆិកា ឆ្នាំ​២០១៣។
អ្នក​ភូមិ​បឹងកក់​និង​បុរីកីឡា តវ៉ា​នៅ​មុខ​តុលាការ​កំពូល​ឲ្យ​ពន្លឿន​បើក​សវនាការ​លើ​សំណុំ​រឿង​លោកស្រី យ៉ោម បុប្ឆា កាល​ពី​ព្រឹក​ថ្ងៃ​៤ វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Tep Soravy

តំណាង​អ្នក​ភូមិ​បឹងកក់​រូប​នេះ​បញ្ជាក់​ថា មន្រ្តី​តុលាការ​កំពូល​បាន​ប្រាប់​អ្នក​ភូមិ​ថា សំណុំ​រឿង​លោកស្រី យ៉ោម បុប្ឆា នឹង​ត្រូវ​លើក​យក​មក​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ខាង​មុខ ហើយ​ដីកា​កោះ​ហៅ​លោកស្រី យ៉ោម បុប្ឆា ឲ្យ​ចូល​រួម​ក្នុង​ការ​ជំនុំជម្រះ​នោះ​បាន​ចេញ​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ដល់​ដៃ​លោកស្រី​នៅ​ឡើយ។

លោកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ជាប់​ពន្ធនាគារ​បាន ១​ឆ្នាំ​ហើយ បន្ទាប់​ពី​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​អោយ​មាន​ទោស ៣​ឆ្នាំ ហើយ​ក្រោយ​មក​ត្រូវ​សាលា​ឧទ្ធរណ៍​សម្រេច​បន្ធូរបន្ថយ​អោយ​មក​ជាប់​ទោស ២​ឆ្នាំ​វិញ ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​មួយ​នៅ​ក្នុង​ភូមិ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ដោយ​យក​ករណី​លោកស្រី យ៉ោម បុប្ឆា ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទិវា​អន្តរជាតិ បញ្ចប់​និទណ្ឌភាព​នៃ​បណ្តេញ​កិច្ច​សន្ទនា​អន្តរជាតិ​ដើម្បី​សេរីភាព​បញ្ចេញ​មតិ (អាយហិ្វក)។

យុទ្ធនាការ​នេះ​គឺ​អំពាវនាវ​ឲ្យ​សាធារណជន​ចូល​រួម​បញ្ចប់​វប្បធម៌​និទណ្ឌភាព ដោយ​ចុះ​ហត្ថលេខា​គាំទ្រ​ញត្តិ​ទៅ​កាន់​សាលា​កំពូល ដោយ​សូម​ឲ្យ​តុលាការ​ពន្លឿន​នូវ​សវនាការ​ករណី​លោកស្រី យ៉ោម បុប្ឆា។ ប្រសិន​បើ​រក​ឃើញ​ថា សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍​មិន​ស្រប​នឹង​បទដ្ឋាន​អន្តរជាតិ សូម​ឲ្យ​តុលាការ​ដោះលែង​លោកស្រី យ៉ោម បុប្ឆា ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។