ក្រុមយុវជនលើកឡើងថា សកម្មភាពចូលរួមទប់ស្កាត់ និងដោះស្រាយទំនាស់ដីធ្លី នៅតែជួបបញ្ហាប្រឈមច្រើន ដូចជារងការគំរាមកំហែង និងឃ្លាំមើលពីអាជ្ញាធរ។ ក្តីព្រួយបារម្ភនេះ ធ្វើឡើងក្នុងវេទិកាយុវជនស្ដីពីដីធ្លី និងលំនៅឋានសក្ដានុពលរបស់យុវជន ក្នុងការរួមចំណែកបង្កើនការទប់ស្កាត់ និងដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល ច្រានចោលការលើកឡើងនេះ។
បើទោះជារដ្ឋាភិបាល បានប្រកាសធ្វើកំណែទម្រង់ដីធ្លីជាច្រើនក្តី ប៉ុន្តែក្រុមយុវជន និងអង្គការសង្គមស៊ីវិល នៅតែមើលឃើញថា វិវាទដីធ្លីនៅតែកើតឡើង។
យុវជន យ៉ើ វណ្ណី មកពីខេត្តកំពត លើកឡើងថា យុវជននៅតែមានការភ័យខ្លាចក្នុងការចូលរួមពាក់ព័ន្ធនឹងបញ្ហាដីធ្លី ដោយសារតែមានការគំរាមកំហែងពីអាជ្ញាធរ។ យុវជនរូបនេះមើលឃើញថា ទំនាស់ដីធ្លីបច្ចុប្បន្ន កើតឡើងដោយសារអ្នកមានលុយ និងអ្នកមានអំណាច សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ប្រើល្បិចកលបណ្ដេញប្រជាពលរដ្ឋម្ចាស់ដី និងម្ចាស់លំនៅឋាន បើទោះបីជាពួកគាត់មានឯកសារច្បាប់រឹងមាំយ៉ាងណាក្តី៖ «សូមឲ្យយុវជនត្រូវតែក្រោកឈរឡើង ដើម្បីដីធ្លី និងសិទ្ធិរបស់យើង ហើយយើងឈប់ប្រើការភ័យខ្លាចទៀតទៅ»។
កន្លងមក ជម្លោះដីធ្លីនៅតំបន់បឹងកក់ បុរីកីឡា និងជម្លោះដីធ្លីនៅស្រុកជីក្រែង ខេត្តសៀមរាប ព្រមទាំងប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅបណ្ដាខេត្តផ្សេងៗជាច្រើនទៀត ដែលឡើងមកតវ៉ាក្នុងរាជធានីភ្នំពេញនោះ សុទ្ធតែធ្លាប់ត្រូវបានអាជ្ញាធរបង្ក្រាបដោយហិង្សា។
យុវជនមួយចំនួនទៀត ប្រាប់វិទ្យុអាស៊ីសេរី នៅក្នុងវេទិកាយុវជនស្ដីពីដីធ្លី និងលំនៅឋាន ដែលផ្ដោតលើសក្ដានុពលរបស់យុវជនក្នុងការរួមចំណែកបង្កើនការទប់ស្កាត់ និងដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ថា អាជ្ញាធរតែងតែប្រើប្រាស់កម្លាំងប្រដាប់ដោយកាំភ្លើង និងដំបង ដើម្បីបង្ក្រាបដោយហិង្សា នៅពេលពួកគាត់ប្រមូលផ្តុំតវ៉ាដាក់ញត្តិសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ។
ប្រធានលេខាធិការដ្ឋានគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងជាអគ្គនាយករងសុរិយោដី និងភូមិសាស្ត្រ លោក វុឌ្ឍី វណ្ណារ៉ា មានប្រសាសន៍ថា កន្លងមក រដ្ឋាភិបាលបានធ្វើកំណែទម្រង់ជាច្រើនលើវិស័យដីធ្លី។ ជាក់ស្តែង កាលពីឆ្នាំ២០១២ រដ្ឋាភិបាលបានដាក់ចេញបទបញ្ជា០១ ដោយមានយុវជនរាប់ពាន់នាក់ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ។ គោលនយោបាយរដ្ឋាភិបាលទាំងនេះ លោកអះអាងថា បានធ្វើឲ្យទំនាស់ដីធ្លីនៅកម្ពុជា ថយចុះអប្បបរមា។ លោកបន្ថែមថា សកម្មភាពចូលរួមដោះស្រាយទំនាស់ដីធ្លី មិនមែនតែយុវជននោះទេ គឺបុគ្គលណាក៏អាចចូលរួមបានដែរ៖ «គ្រប់គ្នាមានទាំងយុវជន មានអង្គការក្រៅរដ្ឋាភិបាល មានទាំងអ្នកច្បាប់ តែអ្នកទាំងអស់នោះ ត្រូវតែជ្រើសរើសដោយភាគីវិវាទ ឲ្យទៅធ្វើជាជំនួយការភាគី»។
លោក វុឌ្ឍី វណ្ណារ៉ា ឲ្យដឹងដែរថា ឫសគល់នៃបញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជា កើតឡើងក្នុងរូបភាព ៧យ៉ាង គឺដោយសារសង្គ្រាមផ្ទៃក្នុងពីអតីតកាល កំណើនប្រជាសាស្ត្រ និងតម្រូវការ ភាពលោភលន់។ ទម្លាប់របស់ប្រជាជនដែលទិញលក់ ជួល បញ្ចាំ ជាដើម ធ្វើឡើងដោយការជឿទុកចិត្តគ្នា និងមានអ្នកខ្លះ យកទំនាស់ដីធ្លីជាមុខរបរ។ ក្រៅពីនេះ ដោយសារការរៀបចំទឹកដី នគរូបនីយកម្ម និងការអភិវឌ្ឍ ព្រមទាំងកង្វះការអនុវត្តច្បាប់ និងមិនគោរពច្បាប់ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ។
ដោយឡែកនាយិកាប្រតិបត្តិអង្គការស្ដារកម្ពុជា អ្នកស្រី ជេត ចរិយា មានប្រសាសន៍ថា ទំនាស់ដីធ្លីដែលកើតឡើងរវាងបុគ្គល និងបុគ្គលនោះ គឺដោះស្រាយលឿន ប៉ុន្តែបើសហគមន៍ និងក្រុមហ៊ុនវិញ នៅតែបន្តរ៉ាំរ៉ៃ។ អ្នកស្រីបន្តថា ប្រសិនបើយុវជនស្វែងយល់ពីបញ្ហាដីធ្លី គោលនយោបាយដីធ្លីរបស់រដ្ឋាភិបាលនោះ គឺអាចរួមចំណែកដោះស្រាយបញ្ហាដីធ្លីបានច្រើន៖ «កាលណាប្រជាជនរបស់ប្រទេសយើង យល់ដឹងពីច្បាប់ គោរពច្បាប់ ហើយរដ្ឋាភិបាលពង្រឹងតួនាទីទទួលការខុសត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ខ្ញុំគិតថា វាអាចមានការល្អប្រសើរ»។
ក្រុមយុវជន និងអង្គការសង្គមស៊ីវិល អំពាវនាវឲ្យរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ មានការយកចិត្តទុកដាក់ និងសហការចាប់ដៃគ្នាដោះស្រាយទំនាស់ដីធ្លីដែលនៅសេសសល់ឲ្យបានឆាប់ ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ជីវភាព និងសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់កុំឲ្យពួកគាត់ធ្វើចំណាកស្រុកទៅធ្វើជាពលករនៅបរទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
