យុវជនមកពីខេត្តបាត់ដំបង កំពត ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ និងរាជធានីភ្នំពេញ បានសម្ដែងពីទុក្ខកង្វល់របស់ពួកគេ ដែលកំពុងរស់នៅតំបន់មានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ មានអំពើហិង្សាជាញឹកញាប់ និងប្រឈមការបណ្ដេញចេញ។
យុវជន គាត ភារ៉ា មកពីសហគមន៍ទំនប់បី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ថ្លែងថា ប្រជាពលរដ្ឋបាននាំគ្នាមករស់នៅក្នុងសហគមន៍នេះ តាំងពីឆ្នាំ១៩៩១ និងរហូតឆ្នាំ១៩៩៤ មក ប៉ុន្តែអ្វីជាបញ្ហាប្រឈមនោះ គឺនៅពេលបច្ចុប្បន្ននេះ សហគមន៍ដែលពួកគាត់រស់នៅបែរជាត្រូវរដ្ឋាភិបាលមិនធ្វើការចុះបញ្ជីដីធ្លីឲ្យឡើយ។ ភាពមិនច្បាស់លាស់នេះ បានធ្វើឲ្យក្រុមគ្រួសារគាត់មានក្ដីបារម្ភជាប់ជានិច្ច។ យុវជនដដែលបន្តថា បញ្ហាដីធ្លី គឺជាបញ្ហារបស់យុវជន មិនមែនតែជាបញ្ហារបស់មនុស្សចាស់នោះទេ។
«សំឡេង»
មាស ចន្នី វ័យជាង ២០ឆ្នាំ មកពីឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង បានរំលឹកថា មុនពេលក្រុមហ៊ុនចិន ឈ្មោះ យូញៀន (Union) មកអភិវឌ្ឍក្នុងស្រុករបស់គេ ដំបូងឡើយអ្នកភូមិមានភាពសប្បាយរីករាយ ថ្វីត្បិតតែជីវភាពខ្វះខាតបន្តិចក្ដី។ នាងបន្តថា ស្របពេលដែលផ្ទះសម្បែងត្រូវបានក្រុមហ៊ុនឈូសឆាយ និងដុតបំផ្លាញ យុវជនបានចាប់ផ្ដើមបោះបង់ការរៀនសូត្រ ខ្លះចំណាកស្រុកដើម្បីរកអាហារប្រចាំថ្ងៃ។ រីឯទីតាំងថ្មី ពុំមានហេដ្ឋារចនាសម្ព័ន្ធ ដូចជា មន្ទីរពេទ្យ សាលារៀន និងវត្តអារាមឡើយ។
«សំឡេង»
បញ្ហាទាំងនេះត្រូវបានយុវជនលើកឡើងក្នុងវេទិកាថ្នាក់ជាតិមួយ ស្ដីពីបញ្ហាដីធ្លី និងលំនៅឋាន ដោយផ្ដោតទៅលើប្រធានបទ បង្កើនការចូលរួមរបស់យុវជន ដើម្បីសុវត្ថិភាពដីធ្លី និងលំនៅឋាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា។
វេទិកានេះរៀបចំដោយក្រុមអង្គការមិនមែនរដ្ឋាភិបាល មានគោលដៅបង្កើនការយល់ដឹងពីសិទ្ធិគ្រប់គ្រងដីធ្លី និងលំនៅឋាន និងស្វែងរកមធ្យោបាយដោះស្រាយជម្លោះ ព្រមទាំងលើកទឹកចិត្តឲ្យមានការចូលរួមពិភាក្សារវាងយុវជនជាមួយអាជ្ញាធរ។
នាយកប្រតិបត្តិអង្គការស្ម័គ្រចិត្តដើម្បីសង្គម ហៅកាត់ថា ស៊ី.វី.អែស (CVS) លោក ប៉ែន សុមុនី ថ្លែងថា បញ្ហាដីធ្លីបានធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជា ខ្វះទីជម្រក ខ្វះដីសម្រាប់ធ្វើកសិកម្ម បញ្ហាជីវភាពប្រចាំថ្ងៃ កុមារ និងយុវជនបាត់បង់ការសិក្សា។ លោក សុមុនី បានចាប់អារម្មណ៍ថា យុវជននៅកម្ពុជា មានប្រមាណ ៣៣% ប៉ុន្តែពួកគេមានការចូលរួមតិចតួចណាស់ចំពោះបញ្ហាដីធ្លី។ លោកថា កត្តានេះបានកើតឡើងដោយយុវជនខ្លួនឯង និងទស្សនៈរបស់ចាស់ៗ។
«សំឡេង»
នាយកប្រតិបត្តិអង្គការវេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ឈិត សំអាត បានជំរុញឲ្យយុវជនត្រូវតែចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាដីធ្លី និងសិទ្ធិលំនៅឋាន និងចូលរួមចំណែកឲ្យកាន់តែខ្លាំងថែមទៀត ក្នុងការរៀបចំគោលនយោបាយ និងការអនុវត្តន៍គោលនយោបាយដីធ្លីនៅកម្ពុជា។
«សំឡេង»
តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) ក៏បានស្វាគមន៍ចំពោះការជំរុញឲ្យយុវជនចូលរួមគិតគូរចំពោះបញ្ហាសិទ្ធិដីធ្លី និងសិទ្ធិលំនៅឋានដែរ។ លោកស្រីមានប្រសាសន៍តាមរយៈអ្នកបកប្រែថា បញ្ហាដីធ្លីបានក្លាយជាបញ្ហាទាក់ទងគ្នាជាមួយនឹងបញ្ហាសិទ្ធិមនុស្ស នៅពេលដែលរដ្ឋបានខកខានមិនបានបំពេញនូវកាតព្វកិច្ចទាំងឡាយរបស់ខ្លួន។ ហើយថា ប្រសិនជារដ្ឋាភិបាលបានបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវនោះ គឺពិតណាស់នឹងរួមចំណែកក្នុងការកាត់បន្ថយបញ្ហារំលោភសិទ្ធិមនុស្សជាច្រើន ដែលយើងមិនចាំបាច់លើកឡើងនៅក្នុងការដោះស្រាយបញ្ហានៅពេលនេះទេ។
សង្គមស៊ីវិលដែលរៀបចំឲ្យមានការជួបជុំគ្នា បានឲ្យដឹងថា មន្ត្រីពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអវត្តមាន។ បើទោះបីជាយ៉ាងនេះក្ដី នៅពេលបញ្ចប់ការពិភាក្សាបញ្ហាប្រឈមដីធ្លីនេះ យុវជនដែលមានការសម្របសម្រួលពីសង្គមស៊ីវិល គ្រោងនឹងចេញសេចក្ដីថ្លែងការណ៍រួមមួយ ដែលជាសំឡេង និងសំណើរបស់យុវជន ផ្ញើទៅស្ថាប័នពាក់ព័ន្ធ ពិសេស គឺក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃច័ន្ទ ទី២៥ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
