យុវជន​មួយ​ក្រុម​ស្វែង​យល់​ពី​បញ្ហា​របស់​ពលរដ្ឋ​ដែល​មាន​វិបត្តិ​ដីធ្លី

យុវជន​មួយ​ក្រុម​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា វាយអឌីភី (YRDP) នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា បាន​ចុះ​ទៅ​ជួប​សមាជិក​សហគមន៍​ជម្លោះ​ដីធ្លី​មក​ពី​បណ្ដា​ខេត្ត ដែល​កំពុង​ស្នាក់​នៅ​វត្ត​ក្ដីចាស់ ឋិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ស្វែង​យល់​ពី​ឫសគល់​នៃ​បញ្ហា​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​ដីធ្លី។

បុគ្គលិក​ផ្នែក​បណ្ដុះបណ្ដាល​នៃ​អង្គការ​វាយអឌីភី លោក ប្រាក់ សុភ័ណ ថ្លែង​ថា យុវជន​ជាង ១០​នាក់ មក​ពី​សាកលវិទ្យាល័យ​នានា បន្ទាប់​ពី​បាន​បញ្ចប់​វគ្គ​សិក្សា​នៅ​អង្គការ​វាយអឌីភី បាន​នាំ​គ្នា​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត ដែល​មក​ស្នាក់​នៅ​ក្នុង​វត្ត​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ដីធ្លី។ លោក​ថា ការ​ចុះ​ស្វែង​យល់​ពី​បញ្ហា​របស់​ពលរដ្ឋ​នៅ​ពេល​នេះ គឺ​នាំ​ឲ្យ​យុវជន​បាន​ដឹង​ពី​ទិដ្ឋភាព​មួយ​ជ្រុង​ទៀត ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម។ លោក​បញ្ជាក់​ថា ការ​នាំ​ឲ្យ​យុវជន​ឃើញ​ពី​បញ្ហា​ដូច្នេះ គឺ​ជា​ការ​ដាស់​អារម្មណ៍​ឲ្យ​ពួក​គេ​គិត​ពី​តួនាទី​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​នូវ​បញ្ហា​នានា​ក្នុង​សង្គម។

លោក ប្រាក់ សុភ័ណ៖ «យុវជន ឬ​ក៏​ពលរដ្ឋ គឺ​ត្រូវ​តែ​ជា​មនុស្ស​ម្នាក់​ដែល​មាន​លក្ខណៈ​សម្បត្តិ​ពេញ​លេញ នៅ​ក្នុង​ការ​យល់​ដឹង​អំពី​បញ្ហា​ទាំង​នៅ​សាលា ក៏ដូចជា​បញ្ហា​សង្គម បន្ទាប់​ពី​យើង​រៀន​តែ​ទ្រឹស្ដី​នៅ​ក្នុង​ស្ថាប័ន នៅ​ក្នុង​បន្ទប់ ក៏ដូចជា​នៅ​តាម​សាលា​រៀន វា​មិន​គ្រប់គ្រាន់​ទេ។ វា​ទាល់​តែ​ឲ្យ​យុវជន​ទៅ​ជួប​ជាមួយ​នឹង​ទីតាំង ជាមួយ​នឹង​តំបន់​សហគមន៍​ដែល​មាន​បញ្ហា​ប្រឈម​អ៊ីចឹង ទើប​គាត់​ដឹង​ថា​ក្រៅ​ពី​ការ​អភិវឌ្ឍ​រីក​ចម្រើន វា​មាន​បញ្ហា​ផ្សេងៗ​ទៀត​ដែល​កើត​ឡើង​នៅ​ប្រទេស​យើង ដែល​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ក៏ដូចជា​មហាជន​ទូទៅ ត្រូវ​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ហ្នឹង។ មាន​អ្នក​ខ្លះ​ទៅ គាត់​ឆ្លើយ​តប​ជា​វិជ្ជមាន​ថា គាត់​មាន​គម្រោង​បង្កើត​ជា​ក្រុម​ខ្លួន​គាត់​ផ្ទាល់ ជា​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​សង្គម។ ខ្ញុំ​ពិត​ជា​រីករាយ​នៅ​ពេល​ឮ​សំឡេង​អ៊ីចឹងៗ»

ក្រុម​យុវជន​ដែល​ទើប​បាន​រៀន​ចប់​វគ្គ​មួយ​ស្ដីពី​ការ​អភិវឌ្ឍ​ខ្លួន​ឯង នៅ​អង្គការ​វាយអឌីភី បាន​នាំ​គ្នា​ចុះ​ទៅ​សាកសួរ និង​កត់ត្រា​ចំណុច​បញ្ហា​របស់​ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​ដោយ​ផ្ទាល់។ ពលរដ្ឋ​ប្រមាណ ២០០​នាក់ មក​ពី​តំបន់​បឹងប្រាំ ស្រុក​បវេល មក​ពី​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង និង​មួយ​ចំនួន​មក​ពី​ខេត្ត​ពោធិ៍សាត់ កំពុង​ស្នាក់នៅ​វត្ត​ក្ដីចាស់ ដើម្បី​រង់ចាំ​កិច្ច​អន្តរាគមន៍​បញ្ចប់​ជម្លោះ ដែល​ពួក​គាត់​បាន​ស្នើសុំ​ឲ្យ​ស្ថាប័ន​ថ្នាក់​ជាតិ​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។