គ្រឿងចក្រ​ឈូស​ចូល​ព្រំ​ដី​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាទៀង

2012-02-15

អ្នក​អភិរក្ស​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ទឹក​ជ្រោះ​កាទៀង ក្នុង​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ពុធ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា គ្រឿងចក្រ​មួយ​គ្រឿង​របស់​ម្ចាស់​កសិដ្ឋាន​ចំការ​កៅស៊ូ​នៅ​ពី​មុខ​តំបន់​រមណីយដ្ឋាន បាន​ឈូស​ឆាយ​ពង្រីក​ព្រំ​ដី​ចូល​មក​តំបន់​រមណីយដ្ឋាន​បន្ត​ទៀត​ហើយ។

ប្រធាន​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាទៀង គឺ​លោក សេង ពេជ្រ។ លោក​បាន​បញ្ជាក់​ថា សកម្មភាព​ឈូស​ឆាយ​ពង្រីក​ព្រំ​ដី​ចូល​បរិវេណ​ព្រៃ​ឈើ​តំបន់​ទេសចរណ៍​បែប​នេះ កើត​មាន​រៀងរាល់​ឆ្នាំ​ដោយ​ម្ចាស់​កសិដ្ឋាន​នោះ​សំអាង​ថា គេ​ឈូស​ឆាយ​ព្រំ​ដី​ចំការ​កៅស៊ូ​ធ្វើ​ផ្លូវ​ការពារ​កុំ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​ឆ្លង​ចូល​ចំការ​កៅស៊ូ​បាន។ ក៏​ប៉ុន្តែ​បញ្ហា​គ្រាន់​តែ​ជា​លេស​នៃ​គំរោង​ការ​ពង្រីក​ដី​ចំការ​កៅស៊ូ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ព្រៃ​ធម្មជាតិ​ក្នុង​បរិវេណ​តំបន់​ទេសចរណ៍​ត្រូវ​គេ​រំលោភ​កាប់​រាន ឬ​ឈូស​ឆាយ​បន្តិច​ម្តងៗ រួម​ទាំង​មាន​ចលនា​ទិញ​លក់​ដី​ព្រៃ​តំបន់​ទេសចរណ៍​នោះ ទើប​បរិវេណ​ព្រៃ​ឈើ​នៅ​តំបន់​រមណីយដ្ឋាន​ត្រូវ​បាត់បង់​កាន់​តែ​ច្រើន​ឡើង៖ «ព័ត៌មាន​ផ្សេងៗ​ថា អេកូ​ទេសចរណ៍​ជា​តំបន់​ព្រៃ ស្រាប់​តែ​ភ្ញៀវ​គេ​មក​ដល់​អស់​ព្រៃ គេ​ស្ដី​ឲ្យ​យ៉ាង​អា​ម៉ាស់​បំផុត ដែល​សម​អេកូ​ទេសចរណ៍​ធម្មជាតិ»

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ កុម្ភៈ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី បាន​ទៅ​ដល់​ទី​ដែល​មាន​សេចក្ដី​រាយការណ៍​ថា​មាន​គ្រឿងចក្រ​ឈូស​ឆាយ​ចូល​បរិវេណ​ដី​រមណីយដ្ឋាន ហើយ​បាន​សង្កេត​ឃើញ​គ្រឿងចក្រ​ប្រភេទ​កង់​ច្រវាក់​មួយ​គ្រឿង កំពុង​ឈូស​ឆាយ​នៅ​ចំណុច​ព្រៃ​តូចៗ ជាប់​ព្រំ​ដី​ចំការ​កៅស៊ូ​មួយ មាន​ទីតាំង​ជាប់​នឹង​ព្រៃ​ឈើ​តំបន់​រមណីយដ្ឋាន​នោះ ក៏​ប៉ុន្តែ​គ្រឿងចក្រ​នោះ​មិន​បាន​ឈូស​ឆាយ​ប៉ះពាល់​ទៅ​លើ​ព្រៃ​ឈើ​ធំៗ​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ម្ចាស់​កសិដ្ឋាន​ចំការ​កៅស៊ូ គឺ​លោក ទឹម មុន្នីរត្ន រស់​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី ដើម្បី​អធិប្បាយ​ពី​បញ្ហា​នេះ​បាន​ទេ។ ចំណែក​អ្នក​បញ្ជា​គ្រឿង​ចក្រ​នោះ​បាន​បញ្ជាក់​ថា គេ​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ​ការពារ​ភ្លើង​ឆេះ​ដើម​កៅស៊ូ​តែប៉ុណ្ណោះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត វិទូ បាន​ទទួល​ស្គាល់​ថា ដី​ព្រៃ​តំបន់​ទេសចរណ៍​ពិត​ជា​ត្រូវ​គេ​ទន្ទ្រាន​យក​ដោយសារ​តែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​ចុះ​ហត្ថលេខា​លើ​ឯកសារ​ទិញ​លក់​ដី​ព្រៃ និង​ម្ចាស់​កសិដ្ឋាន​ពង្រីក​ដី​ចូល​បរិវេណ​ព្រៃ​តំបន់​ទេសចរណ៍។

លោក​បន្ត​ថា បាន​ធ្វើ​របាយការណ៍​សុំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដក​ហូត​ដី​ដែល​គេ​បំពាន​នោះ​មក​វិញ ដើម្បី​រក្សា​ទុក​សំរាប់​វិស័យ​ទេសចរណ៍៖ «អស់​ម្ភៃ​ឡូត៍​ហើយ ឥឡូវ​ខ្ញុំ​ណាត់​ថ្ងៃ​ស្រុក​ហើយ ដើម្បី​ចុះ​ដក​ហូត​ពីព្រោះ​អត់​មាន​នរណា​មក​ស៊ីញ៉េ​លើ​គម្រប​ទេសចរណ៍​ហ្នឹង​ទុក​ព្រៃ​ឈើ​ដើម្បី​ទេសចរ​មក​លេង ជិះ​ដំរី​លេង»

នាយ​រង​ខណ្ឌ​ព្រៃឈើ​ខេត្ត​រតនគិរី លោក ផាន់ ភីន មាន​ប្រសាសន៍​បញ្ជាក់​ថា ខណ្ឌ​ព្រៃឈើ មាន​គំរោង​ដាំ​ដើម​ឈើ​ឡើង​វិញ​លើ​ដី​ជុំវិញ​តំបន់​រមណីយដ្ឋាន​ដែល​គេ​បាន​កាប់​រាន ដើម្បី​បញ្ចប់​បញ្ហា​ឈូស​ឆាយ​ចូល​ព្រៃ​ឈើ​បាន​ត​ទៅ​ទៀត។

លោក​បន្ត​ថា សហគមន៍​អភិរក្ស​តំបន់​​រមណីយដ្ឋាន និង​មន្ត្រី​ទេសចរណ៍ ត្រូវ​រៀបចំ​បោះ​បង្គោល​កំណត់​បរិវេណ​ព្រៃ​តំបន់​ទេសចរណ៍ ចៀសវាង​សកម្មភាព​បំពាន​តំបន់​នោះ​បាន​ត​ទៅ​ទៀត៖ «កន្លែង​ហ្នឹង​ជា​ទីតាំង​សហគមន៍​ដែរ។ ខ្ញុំ​ថា យើង​ទៅ​បោះ​បង្គោល​ទៅ​ឆ្នាំ​ក្រោយ ព្រោះ​យើង​គម្រោង​ខាង រីខត គេ​ជួយ ហើយ​បន្ទាប់​មក​ទៀត​ដី​ល្បាស់ៗ​ហ្នឹង អម​តាម​ដើម​កៅស៊ូ​ហ្នឹង យើង​នឹង​រៀបចំ​ដាំ​ដើម​ឈើ​ដើម្បី​កុំ​ឲ្យ​វា​មាន​ការ​ភ័ន្តច្រឡំ​អ៊ីចឹង​ទៀត»

តំបន់​ទឹក​ជ្រោះ​កាទៀង ឋិត​ក្នុង​ឃុំ​ល្បាំងពីរ ក្នុង​ស្រុក​លំផាត់ កាល​ពី​មុខ​ឆ្នាំ​២០០៥ តំបន់​នោះ​មាន​ព្រៃឈើ​ហ៊ុមព័ទ្ធ​ជ្រោះ​ក្នុង​បរិវេណ​ដី​ជាង ២០​ហិកតារ ដែល​មន្ទីរ​ទេសចរណ៍​រក្សា​ព្រៃ​ឈើ​នោះ​ទុក​ជា​សម្បត្តិ​ធនធាន​ធម្មជាតិ បំរើ​ឲ្យ​វិស័យ​ទេសចរណ៍ ក៏​ប៉ុន្តែ​រហូត​បច្ចុប្បន្ន​សេចក្ដី​រាយការណ៍​របស់​ប្រធាន​រមណីយដ្ឋាន​នេះ​ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ព្រៃ​នៃ​តំបន់​ទឹក​ជ្រោះ​នៅ​សល់​ប្រមាណ​តែ​បី​ហិកតារ​ទេ ក្រៅ​ពី​នោះ​ដី​ព្រៃ​មួយ​ចំណែក​ត្រូវ​គេ​កាប់​រាន និង​មួយ​ចំណែក​ទៀត​ត្រូវ​គេ​បោះ​បង្គោល​ហ៊ុមព័ទ្ធ​យក​ដី​ដោយ​សំអាង​ថា ដី​នោះ​ពួក​គេ​បាន​ទិញ​មាន​ឯកសារ​ទិញ​លក់​ដី​ចុះ​ហត្ថលេខា​ដោយ​មន្ត្រី​ភូមិ​ឃុំ បើ​ទោះ​បី​ក្រុម​សហគមន៍​បាន​ដាក់​បំរាម ឬ​បោះ​បង្គោល​បាញ់​ថ្នាំ​ពណ៌​កំណត់​បរិវេណ​ដី​តំបន់​ទេសចរណ៍​យ៉ាង​ណា​ក្តី៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្ដន្ទា​ទោស​អ្នក​បាញ់​​ក្មេង​ស្រី​នៅ​ក្រចេះ

អ្នក​ភូមិ​៤​គ្រួសារ​ចោទ​ប្រធាន​សមាគមន៍​អភិវឌ្ឍន៍​យុទ្ធជន​ថា​លួច​លក់​ដី​ពួក​គាត់

អាជ្ញាធរ​​ត្រៀម​កំលាំង​រាប់​រយ​នាក់​បង្ក្រាប​ពលរដ្ឋ​​ទាមទារ​ដីធ្លី​នៅ​មណ្ឌលគិរី

អ្នក​ស្រុក​នៅ​ស្ទឹងហាវ​ចាក​ចេញ​ពី​ផ្ទះ​ដោយ​សារ​ជម្លោះ​ដី​ធ្លី

កំលាំង​សមត្ថកិច្ច​ព័ទ្ធ​ផ្ទះ​ឪពុក​លោក ប៊ុន រដ្ឋា ​នៅ​កំពង់ចាម

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ស្វែង​រក​ដំណោះស្រាយ​លើ​ទំនាស់​ដី​ធ្លី

អ្នក​ស្រុក​នៅ​ស្ទឹងហាវ​ចាក​ចេញ​ពី​ផ្ទះ​ដោយ​សារ​ជម្លោះ​ដី​ធ្លី

កិច្ច​សម្ភាសន៍​តំណាង​សហគមន៍ ព្រៃឡង់

ព័ត៌មាន​ថ្មី​ជុំវិញ​ការ​បង្ក្រាប​ពល​រដ្ឋ​នៅ​ខេត្ត​ក្រចេះ

សង្គម​ស៊ីវិល​មាន​កង្វល់​អំពី​ការ​បាញ់​ប្រហារ​អ្នក​តវ៉ា​រឿង​ដីធ្លី




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org