ពលរដ្ឋ​នៅ​ខែត្រ​កណ្ដាល​បន្ត​ការ​តវ៉ា​ឲ្យ​ដោះលែង​តំណាង​ម្នាក់

ប្រជា​ពលរដ្ឋ​ជា​ច្រើន​នៅ​ខេត្ត​កណ្ដាល ដែល​មាន​បញ្ហា​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បន្ត​ការ​តវ៉ា​ដល់​ថ្ងៃ​អង្គារ ទី​៧ ខែ​កញ្ញា​នេះ នៅ​មុខ​តុលាការ​ខេត្ត ស្នើ​ឲ្យ​ដោះលែង​អ្នក​តំណាង​របស់​ពួក​គាត់​ឈ្មោះ វ៉ន វ៉ុន ដែល​ត្រូវ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ចាប់​ឃុំ តាំង​ពី​ថ្ងៃ​សៅរ៍ ទី​៤ ខែ​កញ្ញា ចុង​សប្ដាហ៍​មុន​នេះ​មក។

មន្ត្រី​អ្នក​ស៊ើប​អង្កេត​បញ្ហា​ទំនាស់​ដី​ធ្លី​នៃ​សមាគម អាដហុក លោក អ៊ូច ឡេង ថ្លែង​ថា បន្ទាប់​មាន​ការ​ចាប់​ឃុំ លោក វ៉ន វ៉ុន មក អ្នក​ភូមិ​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ជាង ២០០​នាក់ មាន​ទាំង​ព្រះសង្ឃ ២​អង្គ​ផង ចូលរួម​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​កណ្ដាល សុំ​ឲ្យ​ដោះលែង។ លោក អ៊ូច ឡេង បញ្ជាក់​ថា អ្នក​ភូមិ​ក៏​សុំ​ឲ្យ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បញ្ឈប់​ការ​បណ្ដេញ​ព្រះសង្ឃ​ពី​វត្ត​ទួល​តាម៉ក់ និង​សុំ​ឲ្យ​បញ្ឈប់​ការ​តាម​ចាប់​តំណាង​ប្រជា​ពលរដ្ឋ ២​នាក់​ទៀត រួម​មាន​ឈ្មោះ ជា ហ៊ី និង អឿន យ៉ាន ដែល​បច្ចុប្បន្ន​កំពុង​រត់​គេច​ខ្លួន។

ប្រធាន​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ លោកស្រី សៀង ចាន់ហេង មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ច័ន្ទ​ថា គាត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​កាន់កាប់​ដី​នោះ និង​ថា ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ មិន​បាន​រំលោភ​ដី​អ្នក​ភូមិ​នោះ​ទេ ប៉ុន្តែ​ថា អ្នក​ភូមិ​ទេ​ដែល​លួច​យក​ដី​ក្រុមហ៊ុន។ អ្នក​ភូមិ​អះអាង​ថា ដី​ជម្លោះ​នោះ​មាន​ទំហំ ១០.០៤៤​ហិកតារ លាត​សន្ធឹង​កាត់ ៧​ឃុំ និង ២​ស្រុក នៅ​ខេត្ត​កណ្ដាល ពាក់ព័ន្ធ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន ២.៦៧៦​គ្រួសារ។ អ្នក​ភូមិ​បាន​ប្ដឹង​ទៅ​តុលាការ​ខេត្ត​កណ្ដាល ហើយ​តុលាការ​ខេត្ត​បាន​កាត់​ក្តី​ឲ្យ​ប្រជា​ពលរដ្ឋ​ឈ្នះ​ក្តី ២​លើក​រួច​មក​ហើយ កាល​ពី​ឆ្នាំ​២០០៦ និង ២០០៧៕