ជម្លោះ​ដី​រវាង​ក្រុមហ៊ុន​ខេ.ឌី.ស៊ី.​និង​អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង

ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិ (KDC International) ដែល​មាន​លោកស្រី ជា ខេង ជា​ប្រធាន​នោះ បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ​រហូត​មក​ទល់​បច្ចុប្បន្ន នៅ​មិន​ទាន់​រក​បាន​ដំណោះ ស្រាយ​នៅ​ឡើយ។

0:00 / 0:00

លោកស្រី ជា ខេង ជា​ភរិយា​របស់​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល។

អ្នក​ភូមិ​ឡពាង​ជិត ៥០​នាក់ នាំ​គ្នា​យក​ពាក្យ​បណ្ដឹង​សុំ​មោឃភាព​ប្លង់​កម្មសិទ្ធិ​ដី​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី. តែ​តុលាការ​មិន​ព្រម​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​ពួក​គាត់។

លោក ផេង រ៉ុម ជា​តំណាង​អ្នក​ភូមិ​ឡពាង ដែល​បាន​យក​បណ្ដឹង​មក​ដាក់​ជូន​តុលាការ។ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ថា អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ចំពោះ​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​បាន​នាំ​គ្នា​ធ្វើ​ពាក្យ​បណ្ដឹង​រួម​គ្នា​មួយ​មក​ដាក់​ជូន​តុលាការ ក្នុង​បំណង​សុំ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ប្លង់​កម្មសិទ្ធិ​ដែល​ក្រុមហ៊ុន​បាន​អះអាង​ថា បាន​ធ្វើ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ តែ​ប្លង់​នេះ​បាន​បំពាន​ទៅ​លើ​ចំណែក​ដី​ដែល​អ្នក​ភូមិ​ពុំ​ដែល​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះ​ឡើយ។

លោក​ថា តុលាការ​បាន​បង្ក​ការ​លំបាក​ដល់​អ្នក​ភូមិ​ដោយ​ពុំ​ព្រម​ទទួល​យក​ពាក្យ​បណ្ដឹង​រួម​គ្នា​នេះ៖ «គេ​ថា ទាល់​តែ​យើង​ប្ដឹង​ជា​លក្ខណៈ​គ្រួសារ​ដូច​ពេល​ប្ដឹង​ទាមទារ​ដី​ដែរ ពីព្រោះ​ពេល​យើង​ប្ដឹង​បដិសេធ​ប្លង់​នេះ​វា​តាម​លេខ​ប្លង់ ព្រោះ​ក្រុមហ៊ុន​គេ​បាន​ទិញ​ទាំង​អស់ ១០៥​ប័ណ្ណ។ គេ​ថា ឲ្យ​ធ្វើ​អ៊ីចឹង​តែ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មិន​ដឹង​ថា ត្រូវ​ធ្វើ​ម៉េច​ទើប​ត្រូវ​ទេ...»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ផាត់ ពៅសៀង មេធាវី​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី. បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មីនា នេះ។ យ៉ាង​នេះ​ក្ដី នាយក​ក្រឡា​បញ្ជី​ចៅក្រម​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ឈួន ស៊ីវិន ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ពុំ​មែន​តុលាការ​មិន​ទទួល​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ភូមិ​ឡពាង​នោះ​ទេ តែ​តុលាការ​ណែនាំ​ឲ្យ​ពួក​គាត់​ធ្វើ​ពាក្យ​បណ្ដឹង​ឲ្យ​ត្រឹមត្រូវ​តាម​នីតិវិធី​រួច​យក​មក​ដាក់​ជា​ថ្មី​ម្ដង​ទៀត៖ «ខ្ញុំ​ឲ្យ​បំបែក​មក​អ្នក​ណា​ប្ដឹង​រឿង​ណា​ឲ្យ​មោឃភាព​រឿង​ហ្នឹង​ទៅ តែ​ប៉ុណ្ណឹង​ទេ។ បើ​ពួក​គាត់​ជឿ​តាម​ខ្ញុំ​គួរ​តែ​គាត់​ធ្វើ​តាម​ហ្នឹង​ទៅ ព្រោះ​ខ្ញុំ​មិន​មែន​ជា​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា​ទេ​គឺ​ចៅក្រម​ទេ​ដែល​ទទួល​បន្ទុក ខ្ញុំ​ធ្វើ​ទៅ​តាម​តែ​បែប​ផែន​រដ្ឋបាល​ដែល​ទទួល​រឿង​ចូល​រួច​ចាត់ចែង​ទៅ​តាម​បញ្ជា​របស់​ប្រធាន​តុលាការ​ប៉ុណ្ណោះ...»

លោក នី ចរិយា ជា​ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍។ លោក​មិន​យល់​ស្រប​ចំពោះ​ការ​ពន្យល់​របស់​នាយក​ក្រឡា​បញ្ជី​ចៅក្រម​ខេត្ត​កំពង់ឆ្នាំង​ទេ។ លោក​មាន​ប្រសាសន៍​ថា ការ​បដិសេធ​មិន​ទទួល​ពាក្យ​របស់​ប្រជាពលរដ្ឋ​គឺ​ជា​ទង្វើ​ខុស​ឆ្គង​មួយ​របស់​តុលាការ៖ «ខ្ញុំ​គិត​ថា តុលាការ​ខេត្ត​កំពង់ឆ្នាំង មាន​នីតិវិធី​មួយ​ខុស​ពី​គេ​ពី​ឯង​ត្រង់​ថា តុលាការ​ខេត្ត​ផ្សេង​ទៀត​គេ​អាច​ទទួល​ពាក្យ​បណ្ដឹង​ជា​រួម​បាន ឯ​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ហ្នឹង​មួយ​ដែល​មិន​ទទួល​ហើយ ជា​ពិសេស​ទៅ​ទៀត​នោះ ឲ្យ​តែ​រឿង​នៅ​ឡពាង គឺ​មិន​ទទួល​តែម្ដង។ ខ្ញុំ​គិត​ថា តុលាការ​នេះ​អាច​មាន​ការ​រង​សម្ពាធ​អី​មួយ​ចំពោះ​បញ្ហា​ហ្នឹង មិន​មែន​បញ្ហា​នីតិវិធី​នោះ​ទេ...»

ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី. បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ។ ក្នុង​ជម្លោះ​នេះ អ្នក​ភូមិ​ឡពាង​ជា​ច្រើន​នាក់​ត្រូវ​បាន​ក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ​ចាប់​ដាក់​ពន្ធនាគារ ឯ​អ្នក​ភូមិ​ខ្លះ​ទៀត​បាន​រត់​ចោល​ស្រុក​ដោយ​ការ​ភ័យ​ខ្លាច តែ​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​នៅ​តែ​ក្រាញ​ននៀល​ធ្វើ​ការ​តវ៉ា​មិន​ព្រម​ឈប់។

ជុំវិញ​ការ​ដាក់​បណ្ដឹង​សុំ​មោឃភាព​ប្លង់​កម្មសិទ្ធិ​ដី​នៅ​ភូមិ​ឡពាង​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី. នេះ កាល​ពី​ថ្ងៃ​២៤ កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បាន​ចេញ​លិខិត​លេខ ៣៤១ បង្គាប់​ឲ្យ​តុលាការ​ខេត្ត​កំពង់ឆ្នាំង លើក​យក​សំណុំ​រឿង​ក្លែង​ឯកសារ​លក់​ទិញ​ដី​នៅ​ភូមិ​ឡពាង មក​បើក​សវនាការ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​រក​ឃើញ​ថា ស្នាម​មេដៃ​របស់​អ្នក​ភូមិ​ឡពាង​ម្នាក់ ដែល​ក្រុមហ៊ុន​បាន​ចោទ​ថា បាន​ផ្ដិត​មេដៃ​លក់​ដី​ឲ្យ​ក្រុមហ៊ុន​នោះ​ជា​ស្នាម​មេដៃ​ក្លែងបន្លំ។ តែ​រហូត​មក​ដល់​ថ្ងៃ​នេះ​តុលាការ​ខេត្ត​នៅ​តែ​ពុំ​ព្រម​បើក​សវនាការ​ដដែល។

ប្រជាពលរដ្ឋ​ភូមិ​ឡពាង​ជាង ៥០​គ្រួសារ បាន​បដិសេធ​ថា គាត់​ពុំ​បាន​ផ្ដិត​មេដៃ​លក់​ដី​ឲ្យ​ក្រុមហ៊ុន ខេ.ឌី.ស៊ី. ទេ តែ​ក្រុមហ៊ុន​បាន​អះអាង​ថា អ្នក​ភូមិ​បាន​ផ្ដិត​មេដៃ​លក់​ដី​ឲ្យ​ក្រុមហ៊ុន៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។