ពលរដ្ឋ​ចោទ​មេ​បញ្ជាការ​យោធា​ថា​រំលោភ​យក​ដី​ចម្ការ​ពួក​គាត់

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ភូមិ​ឡាម៉េះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា ឆ្នាំ​២០១២ បាន​ចោទ​ប្រកាន់​មេ​បញ្ជាការ​យោធា​ស្រុក​ថា មាន​ចេតនា​រំលោភ​យក​ដី​ចម្ការ​ប្រជាពលរដ្ឋ​កំពុង​ដាំដុះ​ប្រមាណ​៥​ហិកតារ។
ដោយ រដ្ឋា វិសាល
2012-08-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អនុប្រធាន​សហគមន៍ លោក ក្រោះ សុខ មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ខែ​ឧសភា កន្លង​ទៅ មេ​បញ្ជាការ​យោធា​ស្រុក​ពេជ្រាដា គឺ​លោក យ៉ាំ ផ្យន បាន​បញ្ជា​ឲ្យ​កង​ទាហាន​ចូល​ទៅ​ដោត​បង្គោល​ទង់ជាតិ និង​សង់​រោង​ប្រក់​សំពត់​កៅស៊ូ​លើ​ដី​ដែល​មាន​ផល​ដំឡូង​ប្រជាពលរដ្ឋ នៅ​តំបន់​ភ្នំ​ប៉្លេគួង ក្នុង​ឃុំ​ប៊ូស្រា ក្នុង​គោល​បំណង​យក​ដី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ប្រមាណ​១០​គ្រួសារ ដែល​បាន​កាប់​ឆ្ការ​រាន​ព្រៃ​ដាំ​ដំណាំ។

លោក​បន្ត​ថា ក្រុម​យោធា​នោះ​មិន​មាន​ឯកសារ​អ្វី​បញ្ជាក់​ថា​ពួក​គេ​ចូល​មក​បោះ​ទីតាំង​នោះ តើ​មាន​ការ​អនុញ្ញាតិ​ពី​ស្ថាប័ន​ណា​នោះ​ឡើយ៖ «ទាហាន​ស្រុក​ពេជ្រាដា យើង​ហ្នឹង មេ​បញ្ជាការ​គាត់​ដាក់​បន្ទាយ​លើ​ចម្ការ​ប្រជាពលរដ្ឋ តាម​ពិត​កន្លែង​ហ្នឹង ចម្ការ​ប្រជាពលរដ្ឋ​ដាំ​ដំឡូង។ ឥឡូវ​ហ្នឹង ទាហាន​ហ្នឹង​គេ​ដាក់​ផ្ទះ​ជាន់​លើ​ដំឡូង​អ៊ីចឹង»

វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា មិន​អាច​ទាក់​ទង​មេ​បញ្ជាការ​ស្រុក​ពេជ្រាដា លោក យ៉ាំ ផ្យន សុំ​អធិប្បាយ​ជុំវិញ​សេចក្តី​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​សហគមន៍​នោះ​បាន​ទេ។

ប្រធាន​ភូមិ​ឡាម៉េះ លោក គុយ សុមាលី មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​អង្គារ កន្លង​ទៅ អាជ្ញាធរ​ឃុំ​ប៊ូស្រា និង​អាជ្ញាធរ​ស្រុក​ពេជ្រាដា បាន​អញ្ជើញ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ពាក់ព័ន្ធ​មក​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ស្រុក​អវត្តមាន។ លោក​បន្ត​ថា ដី​នោះ​ជា​ដី​ចម្ការ​ប្រជាពលរដ្ឋ​បាន​ដាំដុះ​ដំណាំ​ជាក់​ស្ដែង ហើយ​ក្រុម​និស្សិត​កំពុង​តែ​ធ្វើ​ការ​វាស់វែង​ដី​នៅ​តំបន់​នោះ ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ៖ «ថា​ឲ្យ​ខ្ញុំ​ហ្នឹង ធ្វើ​កំណត់​ហេតុ។ គាត់​ឲ្យ ក៏​ឲ្យ​គេ​ផ្ដិត​មេដៃ មិន​ឲ្យ ក៏​ឲ្យ​គេ​ផ្ដិត​មេដៃ អ៊ីចឹង ប្រជាជន​មិន​ព្រម​ផ្ដិត​ទេ ប៉ុន្តែ​ខ្ញុំ​ធ្វើ​កំណត់​ហេតុ​មួយ​ដែរ ដាក់​ថា​ដី​ប្រជាពលរដ្ឋ គឺ​អត់​ឲ្យ​ទេ»

អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន បាន​បញ្ជាក់​ថា គោលការណ៍​របស់​អាជ្ញាធរ​ស្រុក គឺ​មាន​គម្រោង​ប្តូរ​ទីតាំង​បញ្ជាការ​ដ្ឋាន​យោធា​ស្រុក និង​ទីតាំង​អង្គភាព​ជំនាញ​មួយ​ចំនួន​ទៀត ដើម្បី​អភិវឌ្ឍ​ទីតាំង​បំពេញ​ការងារ​របស់​កង​កម្លាំង និង​ស្ថាប័ន​ផ្សេង​ទៀត ក្នុង​ស្រុក​នេះ។ លោក​បន្ត​ថា បាន​ណែនាំ​មិន​ឲ្យ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​នោះ​ទេ ចំពោះ​ការ​ប្ដូរ​ទីតាំង​នេះ៖ «ប៉ះ​ដី​ប្រជាពលរដ្ឋ យើង​ក៏​មិន​ឲ្យ​ដែរ ថា​ធ្វើ​សំណើ​កុំ​ឲ្យ​ប៉ះ​ដី​ប្រជាពលរដ្ឋ ព្រោះ​យើង​យក​មក​នេះ មិន​មែន​ស្នើ​ឯកជន​ទេ គឺ​ស្នើ​ឲ្យ​ទៅ​រដ្ឋ។ បាទ! ចាំ​មើល​ខ្ញុំ​ចាំ​ស្តាប់​របាយការណ៍​ផ្នែក​សឹក​រង​រាយការណ៍​មក​ខ្ញុំ​វិញ​សិន»

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក គល់ មីឌី មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​អង្កេត​ជំហាន​ដំបូង​របស់​សមាគម​អាដហុក រក​ឃើញ​ថា ក្រុម​យោធា​មិន​មាន​ឯកសារ​ជាក់លាក់​ក្នុង​ការ​ចូល​ទៅ​បោះ​ទីតាំង​លើ​ដី​ប្រជាពលរដ្ឋ ដើម្បី​យក​ទៅ​បម្រើ​ការងារ​សាធារណៈ​នោះ​ទេ។

លោក​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក ដោះស្រាយ​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​វិញ៖ «បើ​យោង​ទៅ​លើ​ច្បាប់​អស្សាមិករណ៍ ត្រូវ​តែ​មាន​គណៈកម្មការ​មួយ​ដើម្បី​វាយ​តម្លៃ​លើ​ការ​ដក​ហូត ដែល​មាន​សំណង​សមរម្យ និង​យុត្តិធម៌ ប្រសិន​ការ​ដក​ហូត​នោះ​ពិត​ជា​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​មែន។ អ្វី​ដែល​យើង​មើល​ឃើញ វា​អត់​មាន​ការ​បង្ហាញ​ពិត​ជា​ដក​ហូត​ដើម្បី​ប្រយោជន៍​សាធារណៈ​ទេ វា​ជា​ការ​រំលោភ​ច្បាប់​ទាំង​ស្រុង​ហើយ»

យ៉ាង​នេះ​ក្តី នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា នេះ ប្រជាពលរដ្ឋ​សហគមន៍​៣៦​គ្រួសារ បាន​ជួប​ប្រជុំ​គ្នា និង​បាន​ឯកភាព​គ្នា​ថា មិន​យល់​ព្រម​ប្រគល់​ដី​នោះ​ដល់​ក្រុម​យោធា​នោះ​ឡើយ ពីព្រោះ​ដី​នោះ​ប្រជាពលរដ្ឋ​គ្រោង​នឹង​ស្នើសុំ​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព​សហគមន៍ នៅ​ពេល​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល