មេធាវីខាងសមាគមរោងចក្រកាត់ដេរកម្ពុជា ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមករា មានរោងចក្រចំនួន ១៦៤ហើយ ដែលបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងថ្នាក់ដឹកនាំសហជីពចំនួន ៥ និងសមាគម ១ ដែលបានញុះញង់ឲ្យកម្មករធ្វើបាតុកម្មហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រ។
លោកមេធាវី ខៀវ សំបូរ ឲ្យដឹងថា ក្នុងចំណោមរោងចក្រ ១៦៤នោះ មានរោងចក្រចំនួន ១៤៥ គឺជាសមាជិករបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) ហើយរោងចក្រទាំងនោះ កំពុងតែស្រង់ទិន្នន័យនៃការខូចខាតទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីទាមទារសំណងនៃថ្លៃខូចខាតទៅតុលាការ។
លោក ខៀវ សំបូរ៖ «ទាក់ទងចំណុចបន្តទៀត សុំអនុញ្ញាតប៉ុណ្ណឹងសិន ជាការសម្ងាត់ វិជ្ជាជីវៈ ហើយក្នុងការស៊ើបអង្កេតរបស់តុលាការ ខ្ញុំអត់មានតួនាទីភារកិច្ចបរិហារនៅក្នុងរឿងហ្នឹងទេ ចាំតាមដានតាមក្រោយ»។
យ៉ាងណាលោក ខៀវ សំបូរ មិនបានប្រាប់ឈ្មោះសហជីពចំនួន ៥ និងសមាគម ១ ដែលកំពុងជាប់ចោទក្នុងរឿងញុះញង់បង្កហិង្សា និងបំផ្លិចបំផ្លាញទ្រព្យរោងចក្រទេ។ តែទំនងជាសំដៅទៅលើសហជីពដែលដឹកនាំដោយលោក អាត់ ធន លោក ជា មុនី លោក ប៉ាវ ស៊ីណា លោកស្រី ម៉ម ញឹម និងលោកស្រី យ៉ាង សោភ័ណ្ឌ។ រីឯសមាគមមួយនោះ ទំនងសំដៅទៅលើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ របស់លោក រ៉ុង ឈុន។
ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា និងជាប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា លោក វ៉ាន់ ស៊ូអៀង មានប្រសាសន៍ពីប្រទេសចិនថា ខាងថៅកែរោងចក្រប្តឹងទាមទារសំណងជំងឺចិត្ត ការខូចខាតទ្រព្យសម្បត្តិ និងស្នើសុំឲ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់ចំពោះថ្នាក់ដឹកនាំសហជីពទាំងនោះ៖ «គេទាមទារថាខូចរបស់គេ វ៉ៃរោងចក្រ ទាមទារថ្លៃខូច ធ្វើហិង្សាទៀត»។
លោក វ៉ាន់ ស៊ូអៀង មិនប្រាប់ពីចំនួនទឹកប្រាក់ជាក់លាក់នៃការទាមទារសំណងជំងឺចិត្ត និងថ្លៃខូចខាតរបស់រោងចក្រទេ តែបង្ហើបថា អាចមានតម្លៃរហូតរាប់លានដុល្លារសហរដ្ឋអាមេរិក។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្លាប់គុណគូរក្នុងអំឡុងពេលដែលកម្មករធ្វើបាតុកម្មកន្លងមក ខាងរោងចក្របានខាតបង់ទឹកប្រាក់សរុបមិនតិចជាង ២០០លានដុល្លារ នៅពេលដែលផលិតកម្មត្រូវផ្អាកទាំងស្រុង ហើយទ្រព្យសម្បត្តិរោងចក្រជាច្រើនត្រូវបានបំផ្លាញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភ័ក្រ្ត បានទេ នៅថ្ងៃទី១៦ ខែមករា ដោយលោកមិនទទួលទូរស័ព្ទ។
ទាក់ទងនឹងការដាក់ពាក្យបណ្ដឹងប្ដឹងសហជីពនិងសមាគមនេះ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ លោក អាត់ ធន់ យល់ឃើញថា នេះគ្រាន់តែជាវិធីសាស្ត្ររបស់និយោជកតែងធ្វើជារឿយៗ ដើម្បីបន្លាចនិងគំរាមកំហែងទៅដល់ថ្នាក់ដឹកនាំសហជីពប៉ុណ្ណោះ។
លោក អាត់ ធន់៖ «កម្មករមានសិទ្ធិធ្វើ ហើយយើងមានសិទ្ធិចូលរួមជួយពួកគេ ប្រសិនជាការធ្វើទាំងហ្នឹងនិយោជកខាត និយោជកប្ដឹងយើងវិញ អាហ្នឹងមានន័យថា មិនបាច់មានច្បាប់ទេ ច្បាប់រដ្ឋធម្មនុញ្ញក៏មិនបាច់មាន អនុសញ្ញាអន្តរជាតិក៏មិនបាច់អនុវត្តដែរ»។
មិនខុសគ្នាដែរ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានស្វាគមន៍ចំពោះពាក្យបណ្ដឹងរបស់ក្រុមនិយោជក ហើយថា ពាក្យបណ្ដឹងនោះមិនមានមូលដ្ឋានជាក់លាក់។ ចំពោះការខូចខាតរបស់រោងចក្រ វាមិនស្ថិតក្រោមការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំសហជីពឡើយ៖ «យើងត្រូវមានសិទ្ធិគ្រប់គ្រាន់ក្នុងការការពារបងប្អូនកម្មករស្វែងរកប្រាក់ឈ្នួលមួយជូនសមាជិក សមាជិការបស់ខ្លួន វាមានរឿងអីដែលឲ្យសហជីពទទួលខុសត្រូវរាល់ការខូចខាត»។
លោក រ៉ុង ឈុន បានចូលបំភ្លឺនៅតុលាការ កាលពីថ្ងៃទី១៤ ខែមករា ក្រោមបទញុះញង់ឧក្រិដ្ឋ និងបង្កអស្ថិរភាពសង្គម ដែលទាក់ទងនឹងការធ្វើកូដកម្មបាតុកម្ម។ ក្រៅពីនោះ ថ្នាក់ដឹកនាំសហជីព ៥ផ្សេងទៀតដែលសង្ស័យថា ខាងរោងចក្រប្ដឹងផ្ដល់នោះ នៅមិនទាន់បានទទួលដីកាកោះពីខាងតុលាការឲ្យចូលបំភ្លឺនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕