សាលា​ឧទ្ធរណ៍​បើក​សវនាការ​សំណុំ​រឿង​សុំ​មនុស្ស​២៣​នាក់​នៅ​ក្រៅ​ឃុំ​ថ្ងៃ​១១ កុម្ភៈ

ក្រុម​អង្គការ​សមាគម​ជាតិ​និង​អន្តរជាតិ ព្រម​ទាំង​សកម្មជន​ដីធ្លី​នៅ​តែ​ទទូច​សុំ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស​ចំនួន ២៣​នាក់ ដែល​កង​កម្លាំង​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​បាតុកម្ម​នៅ​រោងចក្រ​យ៉ាកជីន និង​នៅ​ផ្លូវ​វ៉េងស្រេង។

0:00 / 0:00

ការ​ស្នើ​សុំ​នេះ ស្រប​ពេល​ដែល​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​កំពុង​សុំ​ខ្លួន​ធានា​ចំពោះ​មុខ​ច្បាប់ ដើម្បី​សុំ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ទាំង​នោះ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

សាលា​ឧទ្ធរណ៍​បាន​កំណត់​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​ជន​ជាប់​ចោទ​ដែល​ពួកគេ​ជា​ប្រធាន​សមាគម សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ។

សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២៩ មករា បាន​កំណត់​យក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ចុះ​ហត្ថលេខា​ដោយ​ចៅក្រម ឃុន លាងម៉េង ជា​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

ទន្ទឹម​នឹង​គម្រោង​បើក​សវនាការ​របស់​សាលា​ឧទ្ធរណ៍​នេះ ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣ បាន​ធានា​ខ្លួន​នឹង​យក​កិត្តិយស​ជា​ប្រធាន​អង្គការ​ដាក់​នៅ​ចំពោះ​មុខ​ច្បាប់ ដើម្បី​សុំ​ឲ្យ​តុលាការ​ដោះលែង​ជន​ជាប់​ចោទ​ចំនួន ៥​រូប ក្នុង​ចំណោម ២៣​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

ប្រធាន​អង្គការ​លីកាដូ លោកស្រី ពុង ឈីវកេក ធានា​ជន​ជាប់​ចោទ ២​នាក់ គឺ​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​កម្មករ យ៉ន សុខជា អាយុ ១៧​ឆ្នាំ ជា​អនីតិជន។ នាយិកា​អង្គការ​លីកាដូ លោកស្រី ណាលី ភីឡូក (Pilorge Naly) ធានា​ជន​ជាប់​ចោទ​សុគន្ធ សម្បត្តិ​ពិសិដ្ឋ។ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ ធានា​សហគមន៍​ដីធ្លី​តំបន់​បឹងកក់ លោក ច័ន្ទ ពុទ្ធិស័កិ។ ចំណែក​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា ធានា​លោក ថេង សាវឿន សកម្មជន​សិទ្ធិ​មនុស្ស។

អ្នក​ទាំង​អស់​នេះ ត្រូវ​បាន​កងកម្លាំង​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ទី​៣ មករា ក្នុង​ពេល​បង្ក្រាប​បាតុកម្ម​នៅ​រោងចក្រ​យ៉ាកជីន ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ផ្លូវ​វ៉េងស្រេង ក្នុង​ពេល​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ។

ប្រធាន​អង្គការ​លីកាដូ លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា ការ​ធានា​អ្នក​ទាំង ៥​រូប​នោះ គឺ​យោង​ទៅ​លើ​ស្ថានភាព​សុខភាព​ប្រចាំ​កាយ និង​រង​របួស​ពេល​បង្ក្រាប ហើយ​ក្នុង​នោះ​មាន​ម្នាក់​ជា​អនីតិជន​ផង៖ «មាន​អ្នក​ច្រើន​នាក់​ទៀត មាន សាវឿន មាន ពុទ្ធិស័ក ដូច​ជា​ខាង​លោក យ៉េង វីរៈ មាន​ធានា​ម្នាក់​ទៅ ខាង​លោក ម៉ូរ៉ា នាយក​របស់​អង្គការ​លីកាដូ ក៏​ធានា​អ្នក​មួយ​ទៀត​ទៅ យើង​នឹង​រក​អង្គការ​ផ្សេងៗ​ទៀត ធានា​អ្នក​ឯ​ទៀត​ឲ្យ​បាន​ទាំង​អស់​គ្នា»

ទាក់ទង​បញ្ហា​នេះ មេធាវី សាម សុគន្ធា បាន​ថ្លែង​ថា ការ​ស្នើ​សុំ​របៀប​នេះ គឺ​មិន​ខុស​នឹង​នីតិវិធី​ច្បាប់​នោះ​ទេ ពីព្រោះ​ប្រធាន​អង្គការ​ទាំង​នោះ ហ៊ាន​យក​កិត្តិយស​ជា​ប្រធាន​ស្ថាប័ន​មួយ​មក​ធានា។

កាល​ពី​ថ្ងៃ​ទី​៨ មករា មេធាវី​បាន​ដាក់​ពាក្យ​សុំ​ធានា​លោក វន់ ពៅ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ដោយ​អាស្រ័យ​លើ​ស្ថានភាព​សុខភាព។ នៅ​ថ្ងៃ​ទី​១៦ មករា មេធាវី​ដាក់​ពាក្យ​ធានា​ជន​ជាប់​ចោទ​ចំនួន ២២​នាក់ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ទៀត។ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​បដិសេធ​ទាំង​អស់ ហើយ​មេធាវី​បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​ការ​សម្រេច​នេះ​ទៅ​សាលា​ឧទ្ធរណ៍។

ជន​ជាប់​ចោទ​ទាំង​អស់ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ក្រោម​បទ​ចោទ​មួយ​ចំនួន ដូចជា បទ​ប្រើប្រាស់​ហិង្សា​ដោយ​ចេតនា បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា បទ​បិទ​ផ្លូវ​សាធារណៈ​បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ និង​បទ​ប្រមាថ។ បច្ចុប្បន្ន​ពួកគេ​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង និង​ពន្ធនាគារ​មាត់​ឃ្មុង ខេត្ត​កំពង់ចាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។