តុលាការ​នឹង​បន្ត​សវនាការ​សំណុំ​រឿង​លោក វន់ ពៅ និង​មនុស្ស​២២​នាក់​ទៀត​នៅ​ថ្ងៃ​២០​ឧសភា

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​លើ​សំណុំ​រឿង លោក វន់ ពៅ និង​មនុស្ស ២២​នាក់​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​៦ ឧសភា និង​សម្រេច​បន្ត​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ទៀត។ ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ឆ្មាំ​ពន្ធនាគារ បាន​ស្នើសុំ​ចៅក្រម​យក​ជន​ជាប់​ចោទ​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ និង​បន្ទាប់​តុលាការ​បាន​បើក​សវនាការ​សាកសួរ​លើ​ជន​ជាប់​ចោទ​មួយ​ចំនួន។

ជន​ជាប់​ចោទ​ទាំង ២៣​នាក់ ត្រូវ​បាន​បញ្ជូន​ចូល​ក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៦ ខែ​ឧសភា ទាំង​សម្លៀកបំពាក់​ពិរុទ្ធជន។ នៅ​ព្រឹក​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ចំនួន ៣​បន្ទប់​សវនាការ។ បន្ទប់​ទី​១ ជម្រះ​រឿង​ក្តី​របស់ លោក វន់ ពៅ និង​មនុស្ស ៩​នាក់​នៅ​រោងចក្រ យ៉ាក ជីន។ បន្ទប់​ទី​២ ជម្រះ​រឿង​ក្តី​នៅ​ផ្លូវ​វ៉េងស្រេង។ ចំណែក​បន្ទប់​ទី​៣ គឺ​បើក​សវនាការ​ជម្រះ​រឿង​ក្តី​ហិង្សា​នៅ​ស្ទឹងមានជ័យ។

ក្នុង​បន្ទប់​សវនាការ​ទី​១ ដែល​ជា​កន្លែង​ជម្រះ​ក្តី​ក្នុង​សំណុំ​រឿង លោក វន់ ពៅ និង​មនុស្ស ៩​នាក់​ផ្សេង​ទៀត។ សវនាការ​នេះ សាកសួរ​ជន​ជាប់​ចោទ​ចំនួន ៣​នាក់​បន្ថែម​ទៀត ដោយ​សវនាការ​លើក​ទី​១​បាន​សួរ​ជន​ជាប់​ចោទ ៤​នាក់​រួច​ហើយ​នោះ។ ជន​ជាប់​ចោទ​ទាំង​បី​នាក់ បាន​ប្រាប់​អង្គ​សវនាការ​ថា ពួក​គេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន និង​សាធារណៈ​នៅ​រោងចក្រ​យ៉ាក ជីន នោះ​ឡើយ។ ជន​ជាប់​សង្ស័យ ២​នាក់​ដំបូង តុលាការ​ចំណាយ​ពេល​សាកសួរ​មួយ​ព្រឹក​ពេញ ហើយ​សំណួរ​ភាគ​ច្រើន​ជា​សំណួរ​ដដែលៗ និង​ត្រូវ​សង្គម​ស៊ីវិល​វាយ​តម្លៃ​ថា ជា​សំណួរ​ដាក់​បន្ទុក​លើ​ជន​សង្ស័យ។

ក្រៅ​ពី​សាកសួរ​អង្គ​ហេតុ​ផ្ទាល់​ខ្លួន​របស់​ជន​ជាប់​ចោទ​ម្នាក់ៗ តំណាង​អយ្យការ និង​ចៅក្រម បាន​ព្យាយាម​សួរ​ដេញដោល​ជន​ជាប់​ចោទ​ពី​សកម្មភាព និង​តួនាទី​របស់ លោក វន់ ពៅ ក្នុង​ពេល​កើត​ហេតុ កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា។ ប៉ុន្តែ ជន​ជាប់​ចោទ​បាន​ឆ្លើយ​ថា ពួក​គេ​មិន​បាន​ស្គាល់ លោក វន់ ពៅ ពី​ដំបូង​ទេ។

តំណាង​អយ្យការ លោក​ព្រះរាជ​អាជ្ញា​រង លី សុផាណា បាន​បង្ហាញ​ភស្តុតាង​ថ្មី​មួយ​ជា​រូបថត​មួយ​សន្លឹក បញ្ជាក់​ពី​វត្តមាន​របស់​ជន​ជាប់​ម្នាក់​ឈ្មោះ សុគន្ធ​សម្បត្តិ ពិសិដ្ឋ នៅ​មុខ​រោងចក្រ យ៉ាក ជីន។ ជន​ជាប់​ចោទ សុគន្ធ​សម្បត្តិ ពិសិដ្ឋ បាន​ថ្លែង​ថា រូប​គាត់​មាន​តួនាទី​ជា​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ។ ហើយ​លោក​ទទួល​ស្គាល់​ថា​នេះ​ជា​រូបថត​របស់​លោក​ពិត​មែន តែ​លោក​សង្ស័យ​រូបថត​នេះ ត្រូវ​បាន​គេ​កាត់​ត ដើម្បី​ដាក់​បន្ទុក​រូប​លោក។ លោក​ក៏​បញ្ជាក់​ក្នុង​សវនាការ​ថា លោក​មិន​ទុក​ចិត្ត​នឹង​របៀប​ធ្វើ​ការ​របស់​សមត្ថកិច្ច​នោះ​ដែរ។

ឆ្លើយ​តប​ចំពោះ​តំណាង​អយ្យការ លោក លី សុផាណា ប្រាប់​ថា រូបថត​នេះ​ពិត​ជាក់ស្តែង​មិន​មាន​កែច្នៃ​ឡើយ។ ចំណែក​ឯ​ចៅក្រម លោក កែ មុន្នី បាន​បញ្ជាក់​ប្រាប់​ជន​ជាប់​ចោទ​ថា ព្រះរាជ​អាជ្ញា​មិន​មាន​ប្រយោជន៍​អ្វី​ដែល​យក​រូបថត​នេះ​ទៅ​កែច្នៃ​នោះ​ទេ ព្រោះ​ព្រះរាជ​អាជ្ញា​ជា​អ្នក​កាន់​ច្បាប់​ស្រាប់។

នៅ​ពេល​ដែល​តំណាង​អយ្យការ និង​ចៅក្រម និយាយ​ព្រម​គ្នា​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច​នោះ ជន​ជាប់​ចោទ សុគន្ធ​សម្បត្តិ ពិសិដ្ឋ បាន​សួរ​ទៅ​ចៅក្រម​ពី​របៀប​ធ្វើ​ការ​របស់​ស្ថាប័ន​អយ្យការ ដែល​បាន​បង្វែរ​បទ​ចោទ​មក​លើ​រូប​ខ្លួន​ពី​បទ​ចោទ​ប្រើប្រាស់​ហិង្សា ទៅ​ជា​ញុះញង់​ឲ្យ​ប្រើ​ហិង្សា និង​សួរ​ពី​ទោសទណ្ឌ​របស់​កង​ទាហាន​ឆត្រ​យោង​៩១១ ដែល​បាន​វាយ​ដំ​រូប​លោក​នៅ​ថ្ងៃ​ចាប់​ខ្លួន​ទាល់​តែ​បាក់​ដៃ​ឆ្វេង រហូត​ដល់​ស្វិត​ដៃ និង​ឈាន​ទៅ​ពិការ​ភាព​ទៀត​ផង។ ចំពោះ​ករណី​នេះ ចៅក្រម​បាន​តប​វិញ ដោយ​បង្គាប់​អោយ​តំណាង​អយ្យការ​អាន​ខ្លឹមសារ​ច្បាប់ ដែល​បាន​ចែង​នីតិវិធី​បំពេញ​ការងារ​របស់​ចៅក្រម និង​សិទ្ធិ​របស់​ជន​ជាប់​ចោទ។ ខ្លឹមសារ​ច្បាប់​នោះ​ចែង​ថា ចៅក្រម​មិន​ជម្រះ​រឿង​ក្តី​ណា​ផ្សេង​ក្រៅ​ពី​បណ្ដឹង​ឡើយ ហើយ​ជន​ជាប់​ចោទ​មាន​សិទ្ធិ​ឆ្លើយ ឬ​មិន​ឆ្លើយ​ចំពោះ​រាល់​សំណួរ​ទាំង​ឡាយ​ដែល​ចោទ​មក​លើ​ខ្លួន។

នៅ​ពេល​ដែល​សវនាការ​កំពុង​ដំណើរ​ការ​ក្តៅ​គគុក ឆ្មាំ​គុក​បាន​ស្នើ​ទៅ​ចៅក្រម​ផ្អាក​សវនាការ ដើម្បី​សុវត្ថិភាព​ជន​ជាប់​ចោទ។ ចៅក្រម​ក៏​បាន​យល់​ព្រម​តាម​ឆ្មាំ​គុក​តែ​ម្តង​ទៅ។ នៅ​មុន​ពេល​ដែល​ចេញ​ពី​សវនាការ ជន​ជាប់​ចោទ​មួយ​ចំនួន​បាន​ក្រឡេក​ឃើញ​ទាហាន​ឆត្រ​យោង​៩១១ ដែល​បាន​ប្រើប្រាស់​ហិង្សា​លើ​ពួក​គេ។ ជន​ជាប់​ចោទ​ម្នាក់​បាន​និយាយ​ទៅ​កាន់​ទាហាន​នោះ​ថា ពួក​លោក​ឯង​នឹង​ទទួល​កម្មពៀរ​ពី​ការ​វាយ​ធ្វើ​បាប​ពួក​ខ្ញុំ។ ទាហាន​ទាំង​នោះ​មុខ​ឡើង​ស្លាំង និង​មិន​បាន​តប​ទៅ​កាន់​ជន​ជាប់​ចោទ​ទាំង​នោះ​ឡើយ។

ចំពោះ​សវនាការ​នៅ​បន្ទប់​ទី​២​វិញ ចៅក្រម​បាន​សាកសួរ​ជន​ជាប់​ចោទ​ទាំង ១៣​នាក់ និង​បាន​សួរ​សាក្សី​២​នាក់។ ហើយ​ចៅក្រម​ទាំង​ពីរ​បន្ទប់ បាន​សម្រេច​លើក​រឿង​ក្តី​ទាំង​ពីរ​នេះ​ទៅ​បើក​សវនាការ​បន្ត​នៅ​ថ្ងៃ​ទី​២០ ឧសភា ដូច​គ្នា។ ចំពោះ​បន្ទប់​សវនាការ​ទី​៣​វិញ បាន​បញ្ចប់​ការ​សាកសួរ​ទាំង​ស្រុង ហើយ​គ្រោង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​របស់​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ចៅក្រម និង​ព្រះរាជ​អាជ្ញា នៅ​តែ​សួរ​សំណួរ​របៀប​ដាក់​បន្ទុក​ទៅ​លើ​ជន​ជាប់​ចោទ។ លោក​នៅ​តែ​យល់​ថា វាសនា​អ្នក​ទាំង ២៣​នាក់​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​អ្នក​នយោបាយ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

«សំឡេង»

រីឯ លោក វន់ ពៅ វិញ​បាន​បង្ហាញ​ភាព​អស់​សង្ឃឹម​នៅ​ពេល​ដឹង​ថា ចៅក្រម​លើក​ពេល​សវនាការ​ទៅ​បើក​នៅ​កន្លះ​ខែ​ក្រោយ។ លោក​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​កំពុង​មាន​ជំងឺ ហើយ​បើ​លោក​មាន​ឱកាស​ចេញ​ពី​គុក​នោះ លោក​នឹង​អាច​បន្ត​ជីវភាព​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ត​ទៅ​ទៀត។

«សំឡេង»

សវនាការ​នេះ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​តំណាង​ស្ថានទូត​បរទេស សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​អ្នក​សារព័ត៌មាន​ជាច្រើន​ស្ថាប័ន ប៉ុន្តែ​អ្នក​ដែល​មាន​បំណង​ចង់​ស្តាប់​សវនាការ​ដោយ​ផ្ទាល់​នោះ មិន​បាន​ចូល​ស្តាប់​គ្រប់​គ្នា​ទេ ដោយសារ​បន្ទប់​សវនាការ​ចង្អៀត​ពេក។ ជន​ជាប់​ចោទ​ទាំង ២៣​នាក់​បាន​ឆ្លង​កាត់​សវនាការ​នៅ​តុលាការ​កំពូល ក្នុង​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា។ តុលាការ​កំពូល ក៏​បាន​សម្រេច​ថា​នឹង​ប្រកាស​សាលក្រម​ស្នើសុំ​នៅ​ក្រៅ​ឃុំ​នេះ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។