អ្នកភូមិត្រូវបានចោទប្រកាន់ពីបទកាប់បំផ្លាញដើមឈើដោយគ្មានលិខិតអនុញ្ញាតពីមន្ត្រីរដ្ឋបាលព្រៃឈើ ប៉ុន្តែត្រូវតំណាងសហគមន៍នោះ បដិសេធ និងស្នើសុំឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់។
អ្នកភូមិជាង ២០០នាក់ មកពីសហគមន៍ដីធ្លីចំនួន ៧ នៅស្រុករមាសហែក ខេត្តស្វាយរៀង គ្រោងធ្វើដំណើរមកតុលាការខេត្ត នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ដើម្បីគាំទ្រតំណាងសហគមន៍ដីធ្លី អណ្ដូងត្របែកចំនួន ២នាក់ ដែលត្រូវបានតុលាការកោះហៅមកសាកសួរជុំវិញបទចោទប្រកាន់ពីការកាប់បំផ្លាញដើមឈើ ដោយគ្មានលិខិតអនុញ្ញាតពីមន្ត្រីរដ្ឋបាលព្រៃឈើ។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង លោក សួន សំណាង បានចេញដីកាកោះហៅតំណាងសហគមន៍ចំនួន ២នាក់ កាលពីសប្ដាហ៍មុន រួមមានលោក សួន សីហា អាយុ ២៨ឆ្នាំ ជាប្រធានសហគមន៍ដីធ្លីអណ្ដូង ត្របែក និងម្នាក់ទៀតជាសមាជិកឈ្មោះ សួន ហុងលី អាយុ ៤១ឆ្នាំ ជាសមាជិកសហគមន៍នេះ ឲ្យចូលឆ្លើយបំភ្លឺលើកដំបូងនៅតុលាការ នៅថ្ងៃទី២៦ ខែកុម្ភៈ។
ប្រធានសហគមន៍ដីធ្លីអណ្ដូងត្របែក លោក សួន សីហា ឲ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភៈ ថា លោកនិងសមាជិកសហគមន៍ម្នាក់ទៀត ដែលត្រូវជាបងប្រុងបង្កើតមិនបានដឹងថា មូលហេតុដែលមានបទចោទប្រឆាំងពួកគាត់ទាំង ២នាក់នោះទេ។ តែកន្លងមកពួកគាត់បានដើរតួនាទីសំខាន់ដឹកនាំក្រុមសហគមន៍ តវ៉ាជាមួយក្រុមឈ្មួញឯកជន ដែលមានបំណងចង់ទិញឈូសឆាយដីសហគមន៍។
លោក សួន សីហា៖ «គោលជំហរខ្ញុំផ្ទាល់ ខ្ញុំអត់មានខ្លាចចំពោះការចាប់ខ្លួន ព្រោះខ្ញុំបានបូជាជីវិតសម្រាប់ប្រទេសជាតិ សម្រាប់ប្រជាពលរដ្ឋពួកខ្ញុំដែលរងគ្រោះបញ្ហាផ្សេងៗ ខ្ញុំត្រូវតែការពារប្រជាពលរដ្ឋពួកខ្ញុំ»។
ប្រភពពីប្រធានសហគមន៍បានឲ្យដឹងថា ដីសហគមន៍អណ្ដូងត្របែក ចំនួនជាង ៣០០ហិកតារ ត្រូវបានក្រុមឈ្មួញរំលោភបំពាន និងចង់ទិញធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ដោយឡែកដីស្រែទំហំជាង ៧១ហិកតារផ្សេងទៀត ដែលគ្រប់គ្រងដោយអ្នកភូមិចំនួន ៨៦គ្រួសារ ត្រូវបានក្រុមមន្ត្រីរដ្ឋបាលព្រៃឈើយកទីតាំងដាំកូនដើមអាកាស្យា។ បើទោះជាដីស្រែ និងដីសហគមន៍របស់អ្នកភូមិ ត្រូវបានប្រធានរដ្ឋសភា លោក ហេង សំរិន សម្រេចឲ្យឋិតក្រោមការគ្រប់គ្រងរបស់អ្នកភូមិក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១១ តាមសំណើសុំរបស់អ្នកភូមិក៏ដោយ។
ទាក់ទិននឹងបញ្ហានេះ អ្នកសម្របសម្រួលលេខាធិការដ្ឋានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (Coalition of Cambodian Farmer Community) លោក ថេង សាវឿន យល់ឃើញថា ការកោះហៅរបស់តុលាការខេត្តស្វាយរៀង ជាយន្តការមួយដែលដើមបណ្ដឹងប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំភិតបំភ័យតំណាងសហគមន៍ឲ្យបាក់ស្បាត មិនឲ្យងើបតវ៉ាក្នុងរឿងទំនាស់ដីធ្លី។
លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា ដើមបណ្ដឹងក្នុងករណីនេះជានរណាឲ្យពិតប្រាកដនោះទេ។ ប៉ុន្តែមានដើមចមមួយដែលគេសង្ស័យថា បណ្ដឹងនេះអាចកើតឡើងដោយសារតែអ្នកភូមិមិនព្រមលក់ដីសហគមន៍ទៅឲ្យក្រុមឈ្មួញ។
លោក ថេង សាវឿន៖ «គាត់មិនមែនចូលទៅកាប់ឆ្ការព្រៃឈើដែលជារបស់រដ្ឋបាលព្រៃឈើនោះទេ ហើយយើងសង្កេតឃើញទៅអ្វីដែលសកម្មជនបានធ្វើនេះ គេធ្វើក្នុងន័យប្រយោជន៍រួម»។
ប្រសិនបើតុលាការរកឃើញពិរុទ្ធភាព ថាតំណាងអ្នកសហគមន៍អណ្ដូងត្របែក ពិតជាបានប្រព្រឹត្តបទចោទកាប់បំផ្លាញដើមឈើមែននោះ ពួកគាត់អាចជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ តាមមាត្រា ៩៧ នៃច្បាប់ស្ដីពីព្រៃឈើ។
ប្រធានសហគមន៍ដីធ្លីអណ្ដូងត្របែក លោក សួន សីហា ធ្លាប់ត្រូវបានឃាតកព្យាយាមបាញ់សម្លាប់កាលពីឆ្នាំ២០០៨ នៅរាជធានីភ្នំពេញ នៅគ្រាដែលប្រធានសហគមន៍រូបនេះ បានយកលិខិតស្នើសុំទៅរដ្ឋសភា រក្សាដីសហគមន៍អណ្ដូងត្របែក ឲ្យឋិតក្រោមសហគមន៍គ្រប់គ្រង។ ទន្ទឹមនឹងក្រុមឈ្មួញឯកជនព្យាយាមរំអុកទិញដីសហគមន៍នោះ ប៉ុន្តែត្រូវអ្នកភូមិបដិសេធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
