តុលាការ​ខេត្ត​កំពង់ស្ពឺ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ពីរ​នាក់​ក្នុង​រឿង​ជម្លោះ​ដីធ្លី

0:00 / 0:00

តុលាការ​ខេត្ត​កំពង់ស្ពឺ សម្រេច​ឃុំ​ខ្លួន​ស្ត្រី ២​នាក់ ក្នុង​រឿង​ជម្លោះ​ដីធ្លី​នៅ​ឃុំ​តាំងសំរោង ស្រុក​ភ្នំ​ស្រួច នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មីនា។ ពួកគេ​ត្រូវ​បាន​​ចោទ​ថា រំលោភ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ហាម​ឃាត់​មិន​អោយ​ពួកគេ​ទៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​ទំនាស់ ដែល​ភាគី​ម្ខាង​ទៀត​បាន​ប្ដឹង​ពួកគេ​ទៅ​តុលាការ​កាល​ពី​ឆ្នាំ​២០១៥។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ហៅ​ករណី​នេះ​ថា ជា​រឿង​អយុត្តិធម៌។ ចំណែក​ក្រុម​គ្រួសារ​ស្ត្រី​ទាំង ២​នាក់​នឹង​តវ៉ា​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​អោយ​ដោះលែង​អ្នក​ទាំង​២។

ក្រុម​គ្រួសារ​ស្ត្រី​ទាំង ២​នាក់​រួម​នឹង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​សហគមន៍​ដីធ្លី​ស្រុក​ភ្នំស្រួច ត្រៀម​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អោយ​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកស្ត្រី​ទាំង​២ ចេញ​ពី​ពន្ធនាគារ។

គម្រោង​តវ៉ា​នេះ​កើត​ឡើង​បន្ទាប់​ពី​ចៅក្រម​នៃ​តុលាការ​ខេត្ត​កំពង់ស្ពឺ លោក តូង ពុទ្ធារ៉ា បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី ២​នាក់ ដែល​ជា​តំណាង​សហគមន៍​ភ្នំ​ស្រួច ដោយ​ចោទ​ប្រកាន់​ថា បាន​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​កាល​ពី​ម៉ោង​ជិត ១១ នៅ​ពន្ធនាគារ​ខេត្ត។

ស្ត្រី​ទាំង ២​នាក់​នោះ​មាន​ឈ្មោះ យូ រ៉ន និង អ៊ីត រុំ ជា​អ្នក​ភូមិ​ថ្មី ឃុំ​តាំងសំរោង ត្រូវ​ចាប់​ឃុំ​ខ្លួន​ពី​បទ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ ដែល​តម្រូវ​អោយ​ពួកគាត់​បញ្ឈប់​សកម្មភាព និង​ឋិត​នៅ​អោយ​ឆ្ងាយ​ពី​ដី​ទំនាស់។

កូនស្រី​របស់​លោកស្រី យូ រ៉ន គឺ​លោកស្រី អួន ថារី មាន​ប្រសាសន៍​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​ម្ដាយ​លោកស្រី។ លោកស្រី​ថា អ្នក​ភូមិ​មិន​នៅ​ស្ងៀម​ឡើយ​ដោយ​ត្រៀម​នឹង​តវ៉ា​ដល់​ផ្ទះ​លោក ហ៊ុន សែន៖ «ព្រោះ​អី​ម្ដាយ​ខ្ញុំ​តវ៉ា​ពី​រឿង​ទឹក​ដី​របស់​ប្រជាពលរដ្ឋ​សោះ គេ​យក​ទឹក​ដី​ប្រជាពលរដ្ឋ​ហើយ​លក់​ខ្ទេចខ្ទី​អស់​ហើយ ឥឡូវ​កោះ​ហៅ​ម្ដាយ​ខ្ញុំ​អត់​មាន​ទាំង​ក្រដាស​ដីកា​កោះ​ផង។ ម្ដាយ​ខ្ញុំ​​​​​​​មើល​ឃើញ​ថា អត់​មាន​រឿង​អី​ទេ ស្រាប់​តែ​ទៅ​ដល់​​ជំរិត​ចាប់​ម្ដាយ​ខ្ញុំ​ដាក់​ពន្ធនាគារ។ ឥឡូវ​ខ្ញុំ​អត់​សុខ​ចិត្ត​ទេ ខ្ញុំ​ត្រូវ​តវ៉ា​រក​យុត្តិធម៌​អោយ​ម្ដាយ​របស់​ខ្ញុំ»

​ប្រជាពលរដ្ឋ ១៦០​គ្រួសារ ​មាន​ជម្លោះ​ដីធ្លី​ច្រើន​ឆ្នាំ​មក​ហើយ​ជាមួយ​ឈ្មួញ ក្នុង​នោះ​មានពលរដ្ឋ ៦​នាក់​កំពុង​ជាប់​បណ្ដឹង​ទៅ​តុលាការ ហើយ​បី​នាក់​ត្រូវ​តុលាការ​​កោះ​ហៅ​បំភ្លឺ។ អ្នក​ភូមិ​ចោទ​ប្រកាន់​អាជ្ញាធរ​ភូមិ​ឃុំ​ថា បាន​ឃុបឃិត​គ្នា​វាស់វែង​ដី​សង្គមកិច្ច​ភូមិ និង​ដី​របស់​អ្នក​ភូមិ​លក់​ទៅ​ឲ្យ​ឈ្មួយ​មក​ពី​ក្រៅ។ ដី​ដែល​កំពុង​មាន​ជម្លោះ​មាន​ទំហំ​ជាង ៣០០​ហិកតារ ប៉ះពាល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ ១៦០​គ្រួសារ។ ក្នុង​សំណុំ​រឿង​នេះ​តុលាការ​បាន​សម្រេច​អោយ​អ្នក​ភូមិ​ទាំង ៣​នាក់ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ប៉ុន្តែ​តម្រូវ​អោយ​ពួកគាត់​បញ្ឈប់​សកម្មភាព និង​ឋិត​នៅ​អោយ​ឆ្ងាយ​ពី​ដី​ទំនាស់។ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ​អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​រារាំង​ការ​ឈូស​ឆាយ​នៅ​លើ​ដី​នោះ​ដោយ​ភាគី​ម្ខាង​ទៀត ទើប​មាន​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​អ្នក​ភូមិ ២​នាក់ ចំណែក​ស្ត្រី​នាក់​ទៀត ដែល​ជាប់​បណ្ដឹង​ដែរ គឺ​លោកស្រី អ៊ីត មុំ ពុំ​ត្រូវ​ចាប់​ខ្លួន​នៅ​ឡើយ។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​នេះ​ថា ជា​រឿង​អយុត្តិធម៌​ដែរ​នោះ​លើក​ឡើង​ថា អាជ្ញាធរ​គួរ​ដោះស្រាយ​ជម្លោះ​នេះ​ជា​ជាង​ព្យាយាម​ចាប់​ខ្លួន​ពលរដ្ឋ ដែល​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី៖ «ជា​ធម្មតា​យើង​ឃើញ​នៅ​កម្ពុជា យើង​ថា ចម្លែក​ ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​យើង​មិន​ព្យាយាម​ដោះស្រាយ​បញ្ហា យើង​ឃើញ​ថា គេ​តែងតែ​​​​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ចោទ​ប្រកាន់ ចាប់​ខ្លួន និង​ការ​គំរាម​កំហែង​ផ្សេងៗ​ទៀត។ វិធីសាស្រ្ត​នេះ​មិន​មែន​ជា​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​ទេ ប៉ន្តៃ​បង្កើត​នូវ​ទុក្ខលំបាក​ដល់​ពលរដ្ឋ»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា។

ករណី​នេះ មេធាវី​ការពារ​គ្រោង​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​អោយ​ស្ត្រី​ទាំង ២​នាក់ បាន​នៅ​ក្រៅ​ឃុំ​នៅ​សប្ដាហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។