អ្នកកាសែតក្នុងស្រុកចំនួន ៣នាក់ ចូលខ្លួនបំភ្លឺតាមដីកាកោះហៅរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីអ្នកកាសែតទាំងនោះ បានដាក់ពាក្យប្ដឹងករណីមន្ត្រីប៉ូលិសវរការពារព្រំដែនច្រករបៀងចំបក់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គំរាមកំហែង ខណៈពួកគេចុះយកព័ត៌មានពីភាពមិនប្រក្រតីនៅតំបន់នោះ កាលពីថ្ងៃ៣០ តុលាកន្លងទៅ។
ក្រុមអ្នកកាសែត និងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ ហៅដីកាកោះហៅរបស់តំណាងអយ្យកាអមសាលាដំបូងខេត្តនេះ ថាជាសញ្ញាមួយល្អក្នុងការស្វែងរកយុត្តិធម៌ជូនអ្នកសារព័ត៌មាន បន្ទាប់ពីពួកគេបានដាក់ពាក្យប្ដឹងនៅពេលកន្លងទៅ។
អ្នកយកព័ត៌មានទូរទស្សន៍ហង្សមាស ខេត្តបន្ទាយមានជ័យ ម្នាក់ គឺលោក ផូ ប៊ុនថន ឲ្យដឹងនៅថ្ងៃទី២ ធ្នូ ថា លោកទន្ទឹងរង់ចាំពេលវេលាដើម្បីចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់សាលាដំបូងខេត្តជាយូរថ្ងៃមកហើយ ដើម្បីឲ្យតុលាការផ្ដល់យុត្តិធម៌ និងចាប់ជនប្រព្រឹត្តផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានឆាប់រហ័ស។
លោកសង្ឃឹមថា តុលាការខេត្តបន្ទាយមានជ័យ នឹងផ្ដល់យុត្តិធម៌ជូនពួកគេដោយមិនលំអៀង បន្ទាប់ពីរូបគាត់បានឆ្លើយបំភ្លឺអំពីរឿងដែលកើតឡើង ខណៈដែលពួកគេចុះទៅយកព័ត៌មាននាពេលកន្លងទៅនោះ៖ «បាទ! មន្ត្រីតុលាការសាកសួរពួកខ្ញុំតាមសម្រួល ដោយពុំមានការសម្លុតគំរាមកំហែង ដើម្បីឲ្យឆ្លើយនោះទេ។ ខ្ញុំគិតថា តុលាការហាក់ចង់ស្វែងរកយុត្តិធម៌ជូនពួកខ្ញុំហើយមើលទៅ»។
ការចូលបំភ្លឺរបស់អ្នកកាសែតទាំង៣ រួមមានលោក កែវ វុទ្ធី អ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក ផូ ប៊ុនថន អ្នកយកព័ត៌មានទូរទស្សន៍ហង្សមាស និងលោក នីម វណ្ណា អ្នកយកព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ ធ្វើឡើងទៅតាមដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សុខ កែវបណ្ឌិត នៅថ្ងៃទី២ ធ្នូ ឆ្នាំ២០១៥ ដើម្បីឆ្លើយបំភ្លឺករណីដែលបានប្ដឹងលោក ធិន ម៉ាណាន ហៅប្រុស ពីបទប៉ុនប៉ងមនុស្សឃាត និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២ ធ្នូ។
មន្ត្រីសម្របសម្រួលការពារសិទ្ធិមនុស្សសមាគមអាដហុក ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ដីកាកោះហៅរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះ គឺជាសញ្ញាមួយល្អដើម្បីស្វែងរកយុត្តិធម៌ដល់អ្នកកាសែត បន្ទាប់ពីពួកគេត្រូវមន្ត្រីប៉ូលិសវរការពារព្រំដែនច្រករបៀងចំបក់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គំរាមកំហែងក្នុងខណៈចុះយកព័ត៌មានពីភាពមិនប្រក្រតីនៅតំបន់នោះ។
លោក ស៊ុំ ច័ន្ទគា៖ «ករណីរបស់អ្នកកាសែតនេះ ជាបណ្ដឹងអាជ្ញាដែលមិនអាចរលត់បានទេ ទាក់ទងនឹងជនដែលប្រព្រឹត្តនោះ។ ខ្ញុំចង់ឲ្យតុលាការផ្ដន្ទាទោសទៅលើជនប្រព្រឹត្តទៅតាមផ្លូវច្បាប់ ដើម្បីកុំឲ្យជននោះប្រព្រឹត្តខុសលើអ្នកដទៃនៅថ្ងៃក្រោយទៀត»។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅ អ្នកយកព័ត៌មានក្នុងស្រុកចំនួន ៣នាក់ រួមមានលោក កែវ វុទ្ធី អ្នកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក ផូ ប៊ុនថន អ្នកព័ត៌មានទូរទស្សន៍ហង្សមាស និងលោក នីម វណ្ណា អ្នកយកព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ អះអាងថា មន្ត្រីប៉ូលិសវរការពារព្រំដែនប្រចាំច្រករបៀងចំបក់ស្រុកម៉ាឡៃ ឈ្មោះ លោក ប្រុស ហៅ ម៉ាប់ បានយកកាំបិតផ្គាក់ដេញកាប់ និងបោកម៉ាស៊ីនថតរូបខូចមួយគ្រឿង ខណៈពួកគេចុះយកព័ត៌មានពីការលួចនាំពលករធ្វើចំណាកស្រុកដោយខុសច្បាប់។ ប៉ុន្តែមន្ត្រីប៉ូលិសបដិសេធចំពោះការចោទប្រកាន់នេះ ហើយថា វាជារឿងមិនពិតឡើយ។
ទោះយ៉ាងណាថ្មីៗនេះ អង្គការសង្គមស៊ីវិលបានចេញសេចក្ដីថ្លែងការណ៍រួមមួយបង្ហាញថា អ្នកសារព័ត៌មាន គឺជាជនរងគ្រោះច្រើនជាងគេក្នុងចំណោមជនរងគ្រោះដទៃទៀត ក្នុងករណីនិទ្ទណ្ឌភាព នៅពេលអ្នកសារព័ត៌មាននៅកម្ពុជា លើកឡើងចំណុចខុសឆ្គងរបស់រដ្ឋាភិបាល និងវិស័យឯកជន។ អ្នកទាំងនោះតែងប្រឈមនឹងការគំរាមដល់អាយុជីវិត និងសម្លាប់ ហើយចាប់តាំងពីឆ្នាំ១៩៩៤ មកអ្នកព័ត៌មានចំនួន ១៣នាក់ហើយត្រូវបានសម្លាប់។ក្នុងចំណោម ១៣ករណីនោះ មានតែ ២ករណីប៉ុណ្ណោះ ដែលត្រូវបានដោះស្រាយតាមផ្លូវច្បាប់ រីឯជនល្មើសដទៃទៀតមិនត្រូវបាននាំខ្លួនមកផ្ដន្ទាទោសនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
