តុលាការ​មិន​ទាន់​មាន​វិធានការ​ឃាត់​ខ្លួន​អតីត​ប៉ូលិស​ស្រុក​ស្អាង​៣​នាក់​នៅ​ឡើយ

ដោយ រាជ វិញ្ញូ
2017.02.05
អធិការដ្ឋាន​ស្រុក​ស្អាង ខេត្ត​កណ្ដាល ៨៥៥ អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល។ រូបថត​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០១៥។
RFA/Ou Banung

តុលាការ​ខេត្ត​កណ្ដាល មិន​ទាន់​មាន​វិធានការ​ដើម្បី​ឃាត់​ខ្លួន​អតីត​មន្ត្រី​ប៉ូលិស​ស្រុក​ស្អាង ៣​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​លើ​បុរស​ម្នាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​តុលាការ​បាន​បិទ​បញ្ចប់​ការ​សាកសួរ​សាក្សី​បន្ថែម​រួច​រាល់​ហើយ។ ការ​អះអាង​ពី​មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល ស្រប​ពេល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្រេច​បណ្ដេញ​ប៉ូលិស​ស្រុក​ស្អាង ទាំង ៣​នាក់​នោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ។

សំណុំ​រឿង​មន្ត្រី​ប៉ូលិស​ស្រុក​ស្អាង ៣​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ថា ព្រួត​គ្នា​វាយ​បុរស​ម្នាក់​រហូត​ដល់​ស្លាប់​កាល​ពី​ជាង ៣​ខែ​មុន ត្រូវ​បាន​មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល អះអាង​ថា គឺ​ខាង​តុលាការ​កំពុង​រង់ចាំ​ការ​យល់ព្រម​ចូល​ឆ្លើយ​បំភ្លឺ​ពី​ភាគី​ចុង​ចោទ។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក សំរិទ្ធ វាសនា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ថា តុលាការ​បាន​បញ្ចប់​ការ​សាកសួរ​សាក្សី​បន្ថែម ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​មន្ត្រី​ប៉ូលិស​វាយ​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​ស្អាង នោះ​ហើយ។ លើស​ពី​នេះ តុលាការ​ក៏​ធ្លាប់​ចេញ​ដីកា​ឲ្យ​ចុង​ចោទ​មក​ឆ្លើយ​បំភ្លឺ​ដែរ ប៉ុន្តែ​ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ ស្នើសុំ​លើក​ពេល៖ «ពាក់ព័ន្ធ​នឹង​មូលហេតុ សាកសួរ​មេធាវី​គេ​ទៅ! ខ្ញុំ​ឥត​មាន​ទៅ​លើក​រឿង​មូលហេតុ​គេ​សុំ​ម៉េចៗ ពាក់ព័ន្ធ​សំណុំ​រឿង​ហ្នឹង។ ឥឡូវ​ខ្ញុំ​កំណត់​កាលបរិច្ឆេទ​សិន ហៅ​អ្នក​ទាំង ៣ ចូល​ឡើង​វិញ»

ពាក់ព័ន្ធ​នឹង​មូលហេតុ​ស្នើសុំ​លើក​ពេល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ លោក ម៉ក់ ប៊ុណ្ណា បាន​ទេ​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ហើយ បាន​ដាច់​ទៅ​វិញ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៦ បុរស​ម្នាក់​ឈ្មោះ ចំរើន សីហា អាយុ ២៦​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រុង​តាខ្មៅ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ ទិត្យ លាភ អាយុ ២២​ឆ្នាំ បាន​រង​របួស​ធ្ងន់ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ៣​នាក់​ព្រួត​គ្នា​វាយ​ដំ ក្រោយ​ពី​មាន​ជម្លោះ​ជិះ​ម៉ូតូ​ជែង​គ្នា ហើយ​ត្រូវ​បាន​នគរបាល​ចោទ​ថា​ជា​ចោរ​ប្លន់។

ប៉ូលិស​ទាំង ៣​នាក់​រួម​មាន អនុសេនីយ៍ទោ ភក្ដី វិទូ អធិការ​រង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង អនុសេនីយ៍ទោ ឆៃ ស៊ីណា នាយ​ផ្នែក​អន្តោប្រវេសន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង និង​អនុសេនីយ៍ត្រី ឃាង សុងថេង នាយ​រង​ផ្នែក​ពិនិត្យ និង​វិភាគ​កន្លែង​កើត​ហេតុ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​សម្លាប់​បុរស​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្អាង ធ្លាប់​បញ្ជាក់​ថា ពួក​គេ​បាន​លាក់​មុខ​រហូត និង​មិន​ដែល​ឃើញ​វត្តមាន​នៅ​កន្លែង​បំពេញ​ការងារ​ឡើយ​ចាប់​ពី​ថ្ងៃ​កើត​ហេតុ​មក។

ពាក់ព័ន្ធ​នឹង​មន្ត្រី​ប៉ូលិស​ទាំង ៣​នាក់​នេះ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​ប្រកាស​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ដោយ​មូលហេតុ​បោះបង់​ការងារ​ចោល។ បន្ថែម​ពី​នេះ ប្រាក់​បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​របស់​ពួក​គេ ក៏​ត្រូវ​កាត់​ផ្ដាច់​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ដែរ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កណ្ដាល លោក ម៉ែន មករា បញ្ជាក់​ថា ការ​បណ្ដេញ​មន្ត្រី​ទាំងនោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ គឺ​គ្រាន់​តែ​ជា​ការ​ពិន័យ​តាម​ផ្នែក​រដ្ឋបាល​ប៉ុណ្ណោះ រីឯ​តាម​គោលការណ៍​ច្បាប់​វិញ ប្រសិន​បុគ្គល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង មិន​ថា​ជា​មន្ត្រី​រាជការ ឬ​ជា​តំណាងរាស្ត្រ គឺ​ត្រូវ​តែ​ឃាត់​ខ្លួន​ទៅ​ដាក់​ទោស​ទណ្ឌ​តាម​ផ្លូវ​ច្បាប់៖ «ប្រសិន​តុលាការ​យល់​ថា​ជន​ទាំង ៣​នាក់ គឺ​ជា​ជន​ល្មើស អ៊ីចឹង​តុលាការ​នឹង​ធ្វើ​តាម​នីតិវិធី​ច្បាប់ ចេញ​ដីកា​ឃាត់​ខ្លួន​ដើម្បី​ឲ្យ​សមត្ថកិច្ច​មាន​សិទ្ធិ​បំពេញ​ការងារ»

ការ​ស្វែងរក​ឃាត់​ខ្លួន​មន្ត្រី​ប៉ូលិស​ទាំង ៣​នាក់ ត្រូវ​បាន​ស្នងការ​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន បញ្ជាក់​ថា គឺ​ទាល់​តែ​មាន​លិខិត ឬ​ដីកា​ពី​តុលាការ​ជា​មុន​សិន៖ «បើ​តុលាការ​មិន​ទាន់​ចេញ​លិខិត​ឲ្យ​ខ្ញុំ​សព្វគ្រប់​ផង ហើយ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ម៉េច»

ថ្វីត្បិតតែ​មន្ត្រី​នគរបាល​ទាំង ៣​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ និង​ធ្លាប់​ផ្ដល់​សំណង​ចំនួន ២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ក្ដី ប៉ុន្តែ​នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.ឌី.ស៊ី (CDC) លោក​មេធាវី ហុង គឹមសួន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ប្រសិន​តុលាការ​រក​ឃើញ​ថា ប៉ូលិស​ទាំង ៣​នាក់​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សម្លាប់​មនុស្ស​ដោយ​ចេតនា តាម​ផ្លូវ​ច្បាប់ ពួក​គេ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រយៈពេល ៣០​ឆ្នាំ។

អ្នក​ច្បាប់​រូប​នេះ​ក៏​បន្ថែម​ថា ទោស​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ប៉ូលិស​ទាំង ៣​នាក់​នោះ​តាម​ច្បាប់​ព្រហ្មទណ្ឌ ថ្វីត្បិតតែ​មាន​ការ​ទូទាត់​សំណង​ក្ដី ព្រោះ​សំណង​នោះ​គ្រាន់​តែ​ជា​សង​ជា​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ប៉ុណ្ណោះ និង​មិន​អាច​បញ្ចប់​នីតិវិធី​ត្រឹម​លុយ​កាក់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។