ចៅក្រមសាលាដំបូងខេត្តសៀមរាប បានបើកសវនាការជំនុំជម្រះកាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ដោយសម្រេចផ្ដន្ទាទោសបុរសអ្នកទេសចរណ៍ជនជាតិអ៊ីតាលីម្នាក់ និងជនជាតិអាហ្សង់ទីន ម្នាក់ទៀត ឱ្យជាប់ពន្ធនាគារ ៧ខែ ជាទោសព្យួរ និងពិន័យជាប្រាក់ចំនួន ១លានរៀលទៀតក្នុងម្នាក់ៗ។ ជាមួយគ្នានោះដែរ តុលាការក៏បានផ្ដន្ទាទោសស្ត្រីជនជាតិហុឡង់ដ៍ ម្នាក់ ឱ្យជាប់ពន្ធនាគារ ៦ខែជាទោសព្យួរ ព្រមទាំងពិន័យជាប្រាក់ ៨០ម៉ឺនរៀល។
ចៅក្រមជំនុំជម្រះនៃសំណុំរឿងក្តី គឺលោក ហុក ពៅ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី១២ ខែឧសភា ថា បុរស ២នាក់ និងស្ត្រីម្នាក់ ជាអ្នកទេសចរណ៍បរទេសនោះ ត្រូវបានឆ្មាំអង្គររបស់អាជ្ញាធរអប្សរាចាប់ខ្លួននៅពេលដែលពួកគេនាំគ្នាថតរូបអាក្រាតកាយនៅក្នុងបរិវេណនៃប្រាសាទតាព្រហ្ម កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅ។
លោក ហុក ពៅ បញ្ជាក់ថា តំណាងអយ្យការបានចោទប្រកាន់ជនបរទេសទាំង ៣នាក់នោះពីបទផលិតរូបភាពអាសអាភាស ព្រមទាំងបង្ហាញកេរ្តិ៍ភេទនៅទីសាធារណៈ៖ «យើងសម្រេចទោសបន្ថែម ហាមចូលមកស្នាក់នៅប្រទេសកម្ពុជា រយៈពេល ៤ឆ្នាំ។ ពេលធ្វើសវនាការគាត់បានសោកស្ដាយ ហើយគាត់បានសុំទោសចំពោះពលរដ្ឋកម្ពុជា»។
មន្ត្រីតុលាការខេត្តសៀមរាប ឱ្យដឹងថា ជនបរទេសទាំង ៣នាក់នោះ នឹងត្រូវបណ្ដេញឱ្យចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីពួកគេបង់ប្រាក់ពិន័យរួចរាល់។ នេះជាលើក ៣ហើយ ដែលជនបរទេសថតអាក្រាតកាយនៅតំបន់ទេសចរណ៍នៃខេត្តសៀមរាប ចំនួន ៧នាក់ ត្រូវអាជ្ញាធរកម្ពុជា ចាប់ខ្លួន និងបណ្ដេញចេញពីកម្ពុជា ដោយសារតែថតអាក្រាតកាយនៅប្រសាទអង្គរវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
