ពលរដ្ឋខ្មែរកម្ពុជាក្រោម ៣នាក់ ត្រូវបានតុលាការខេត្តតាកែវ កោះហៅឲ្យចូលបំភ្លឺពីបទឈូសឆាយដីព្រៃលិចទឹកខុសច្បាប់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤។
ពលរដ្ឋខ្មែរកម្ពុជាក្រោមម្នាក់ក្នុងចំណោម ៣នាក់ គឺលោក វី ម៉ាយ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ បានថ្លែងនៅថ្ងៃទី២៥ មីនា ថា លោកនឹងចូលខ្លួនទៅបំភ្លឺនៅតុលាការខេត្តនៅព្រឹកថ្ងៃទី២៦ មីនា ពីករណីដែលមន្ត្រីជលផលខេត្តតាកែវ ប្ដឹងពីបទឈូសឆាយដីព្រៃលិចទឹកខុសច្បាប់ នៅចំណុចឡូត៍លេខ១ ហៅបឹងព្រៃល្ពៅ ដើម្បីធ្វើស្រែប្រាំង។ ប៉ុន្តែលោកក៏កំពុងព្រួយខ្លាចពីការចាប់ខ្លួនដែរ៖ «ប្ដឹងក៏មិនត្រូវ ចុះម៉េចបុគ្គលផ្សេងៗគេធ្វើបាន ហើយចំណែកប្រជាពលរដ្ឋ បើនិយាយទៅ ១ភូមិហ្នឹង គេធ្វើមិនបាន? វាគួរឲ្យខឹងដែរណាស់! ប្រជាពលរដ្ឋធ្វើតែម្នាក់ ៦ ៧ កុងដី តែ ១ហិកតារចុះមក ប៉ុន្តែវាកោះអញ្ជើញ វាសួរថា វាអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋអត់ ?»។
ពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន ៣នាក់ ក្នុងចំណោមពលរដ្ឋ ៦៨គ្រួសារ ត្រូវបានមន្ត្រីជលផលខេត្តតាកែវ ប្ដឹងនេះ គឺមានឈ្មោះ វី ម៉ាយ ត្រូវតុលាការកោះហៅសាកសួរថ្ងៃទី២៦ មីនា។ លោក សុន រុំ តុលាការកោះថ្ងៃទី៣ មេសា និងលោក វី ចាន់ តុលាការកោះថ្ងៃ១០ ខែមេសា ឆ្នាំ២០១៤។ អ្នកទាំងនោះបានចូលទៅវាស់វែងដីចំណុចព្រៃអភិរក្សនោះ កាលពីឆ្នាំ២០១២ នៅលើដីដែលឧកញ៉ា ម៉ៅ ញ៉ន បានកាប់រាននិងបោះបង្គោលស្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
