តុលាការខេត្តឧត្តរមានជ័យ បានចោទប្រកាន់អ្នកកាសែត ៤នាក់ពីបទកំហែងយកប្រាក់ពីប្រជាពលរដ្ឋនៅភូមិត្រពាំង៣ ឃុំព្រះប្រឡាយ នៃស្រុកត្រពាំងប្រាសាទ។ កម្លាំងប៉ូលិសនៃអធិការដ្ឋានស្រុកត្រពាំងប្រាសាទ បានចាប់ខ្លួនអ្នកកាសែតទាំង ៤នាក់ ហើយបញ្ជូនទៅឲ្យតុលាការកាលពីព្រឹកថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ។
ទោះជាយ៉ាងណា ក្លឹបអ្នកកាសែតកម្ពុជា បានចាត់មន្ត្រីមួយចំនួនឲ្យតាមដាន និងស៊ើបអង្កេតទៅលើការចាប់ខ្លួនក្រុមអ្នកកាសែតទាំង ៤នាក់ ថាតើបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដ?
ប្រធានក្លឹបអ្នកកាសែតកម្ពុជា គឺលោក ប៉ែន បូណា។ លោកមានប្រតិកម្មនៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ ថា លោកចង់ដឹងឲ្យច្បាស់លាស់ពីមូលហេតុដែលសមត្ថកិច្ចស្រុកត្រពាំងប្រាសាទ ចាប់ខ្លួនអ្នកកាសែតចំនួន ៤នាក់ ថាតើមានយុត្តិធម៌ត្រឹមត្រូវដែរឬទេ? លោក ប៉ែន បូណា បញ្ជាក់ថា លោកបានចាត់មន្ត្រីក្លឹបអ្នកកាសែតកម្ពុជា ឲ្យតាមដានជុំវិញដំណើរការចាប់ខ្លួននេះ៖ « បើសិនជាអ្នកកាសែតខុសមែន ឲ្យដឹងថាខុស បើសិនជាគាត់ត្រូវ ឲ្យដឹងថាត្រូវ ជាពិសេសតើអ្នកកាសែតទាំងនោះបានយកលុយពីបទល្មើសអ្វី ? ហើយត្រូវតែរកយុត្តិធម៌ឲ្យបានទាំងសងខាង »។
ប្រតិកម្មរបស់ប្រធានក្លឹបអ្នកកាសែតកម្ពុជា ធ្វើឡើងមួយថ្ងៃក្រោយពីប៉ូលិសនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ចាប់ខ្លួនលោក សិញ សំឡី ជានិពន្ធនាយកសារព័ត៌មានវិមានឯករាជ្យ លោក ស ធុច ជាអ្នកយកព័ត៌មានកាសែតកោះពេជ្រ លោក ប៉ាវ ទិតណារុង ជាអ្នកយកព័ត៌មានកាសែតខ្មែរម្ចាស់ស្រុក និងម្នាក់ទៀតមិនស្គាល់ឈ្មោះ និងអង្គភាព។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចសុំការអធិប្បាយជុំវិញការចាប់ខ្លួនអ្នកកាសែតទាំង ៤នាក់នេះពីលោក អ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានថាយ៉ាងណានៅឡើយនៅថ្ងៃទី១៣ ខែកុម្ភៈ ដោយសារតែលោកមិនទទួលទូរស័ព្ទ។
ចំណែកអភិបាលស្រុកត្រពាំងប្រាសាទ លោក នៅ សំដារារិទ្ធិ មានប្រសាសន៍ថា អ្នកកាសែតទាំង ៤នាក់នោះ ត្រូវកម្លាំងប៉ូលិសចាប់ខ្លួនកាលពីវេលារសៀលថ្ងៃទី១១ ខែកុម្ភៈ ពេលដែលពួកគេទៅគំរាមទារប្រាក់ពីប្រជាពលរដ្ឋនៅភូមិត្រពាំង៣ នៃឃុំព្រះប្រឡាយ។ លោកអភិបាលស្រុកត្រពាំងប្រាសាទ មិនដឹងថាប្រជាពលរដ្ឋនោះបានប្រព្រឹត្តអ្វីខុសច្បាប់ទេ ទើបបណ្ដាលឲ្យអ្នកកាសែតទាំង ៤នាក់ទៅគំរាមទារប្រាក់ដូច្នេះ៖ « ក្នុងហ្នឹងយើងមានវត្ថុតាង ដោយប្រជាពលរដ្ឋគាត់បានកត់លេខលុយ កត់អីទុក ហើយបានគាត់យកមកប្ដឹងសមត្ថកិច្ចឲ្យចុះទៅបង្ក្រាប »។
ប្រភពក្រៅផ្លូវការអះអាងថា អ្នកកាសែតទាំង ៤នាក់នោះ បានទៅគំរាមទារប្រាក់ពីឈ្មួញរកស៊ីឈើខុសច្បាប់ម្នាក់នៅក្នុងស្រុកត្រពាំងប្រាសាទ ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ខ្លួនឈ្មួញឈើខុសច្បាប់នោះទេ។
នៅព្រឹកថ្ងៃច័ន្ទ ទី១៣ កុម្ភៈ នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនអ្នកកាសែតទាំង ៤នាក់នោះទៅដល់តុលាការខេត្តឧត្តរមានជ័យ ហើយ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ លោក កូយ កាន់យ៉ា មានប្រសាសន៍ថា តំណាងអយ្យការនៃសំណុំរឿងក្តីនេះបានចោទប្រកាន់អ្នកកាសែតទាំង ៤នាក់ពីបទកំហែងយក ក៏ប៉ុន្តែលោកនៅមិនទាន់ដឹងថា តើចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួន ឬក៏យ៉ាងណាទេ?៖ « នៅព្រះរាជអាជ្ញារងគាត់ចោទពីបទកំហែងយក ប៉ុន្តែចៅក្រមស៊ើបអង្កេតទៀតមិនដឹងថាតើគាត់ឃុំខ្លួន ឬក៏យ៉ាងណា ?»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យដឹងថា លោកនឹងស៊ើបអង្កេតករណីចាប់ខ្លួនអ្នកកាសែតទាំង ៤នាក់នោះ ប្រសិនបើមានតម្រុយស្ដីពីភាពមិនយុត្តិធម៌ណាមួយក្នុងរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
