កម្មកររោងចក្រ ៤នាក់ ដែលត្រូវចាប់ខ្លួន ក្នុងករណីកូដកម្មហិង្សានៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) និងតាយសេង (Taiseng) ក្នុងក្រុងបាវិត នោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ។
មេធាវីការពារក្ដីឲ្យកម្មករទាំង៤នាក់ មកពីមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ អ្នកស្រី ហេង បុង មានប្រសាសន៍ថា កម្មករទាំង ៤នាក់នោះ ចេញពីពន្ធនាគារមានសេរីភាពវិញហើយ។ ពួកគេក៏អាចវិលត្រឡប់ទៅធ្វើការវិញធម្មតា ព្រោះពួកគេមិនទាន់មានទោសថា បានប្រព្រឹត្តបទល្មើសឡើយ។
ទោះយ៉ាងណាអ្នកស្រីបញ្ជាក់ថា «ពួកគេនៅតែឋិតនៅក្រោមការត្រួត ពិនិត្យរបស់តុលាការ អ៊ីចឹងគាត់ត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នៅថ្ងៃទី១ ជារៀងរាល់ខែ»។
ជុំវិញសំណុំរឿងកូដកម្មទាមទារប្រាក់ឈ្នួលនៅក្រុងបាវិតនេះ កាលពីដំណាច់ឆ្នាំ២០១៥ កន្លងទៅ អាជ្ញាធរក៏បានចាប់ខ្លួនកម្មការិនីម្នាក់ និងអ្នកបើកឡានដឹកកម្មករ៦នាក់ផ្សេងទៀតដែរ ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងញុះញង់ឲ្យប្រព្រឹត្តបទល្មើស។ អ្នកដែលត្រូវបានចាប់ខ្លួនចុងក្រោយនេះ នៅមិនទាន់មានព័ត៌មានពីការដោះលែងវិញនោះទេ។
អង្គការសង្គមស៊ីវិល និងសហជីព តែងតែអំពាវនាវឲ្យថ្នាក់ដឹកនាំខេត្តស្វាយរៀង ជួយជំរុញឲ្យតុលាការដោះលែងអ្នកបើកឡានដឹកកម្មករទាំងនោះ ឲ្យនៅក្រៅឃុំវិញជាបន្ទាន់ដែរ ដោយរិះគន់ថា ការចាប់ខ្លួននោះ មានភាពមិនប្រក្រតីឡើយ ដោយសារអាជ្ញាធរខ្វះការតាមដានស៊ើបអង្កេតច្បាស់លាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
