កម្មកររោងចក្រ ៤នាក់ ដែលត្រូវចាប់ខ្លួនករណីកូដកម្មហិង្សានៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) និងតាយសេង (Taiseng) ក្នុងក្រុងបាវិត នោះ ត្រូវបានសាលាឧទ្ធរណ៍សម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ។
មេធាវីការពារក្ដីឲ្យកម្មករទាំង ៤នាក់ មកពីមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាព ការងារអន្តរជាតិ អ្នកស្រី ហេង បុង មានប្រសាសន៍ថា កម្មករទាំង ៤នាក់នោះ អាចនឹងរួចខ្លួនពីពន្ធនាគារយ៉ាងយូរនៅដើមសប្ដាហ៍ក្រោយនេះ ហើយពួកគេក៏អាចវិលត្រឡប់ទៅធ្វើការវិញធម្មតា ព្រោះពួកគេមិនទាន់មានទោសថា បានប្រព្រឹត្តបទល្មើសឡើយ។
យ៉ាងណាអ្នកស្រីបញ្ជាក់ថា ពួកគេនៅតែជាប់កាតព្វកិច្ចតាមផ្លូវតុលាការ៖ «តុលាការសម្រេចដាក់ពួកគាត់នៅឋិតនៅក្រោមការត្រួតពិនិត្យ អ៊ីចឹងគាត់ត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នៅថ្ងៃទី១ ជារៀងរាល់ខែ»។
ជុំវិញសំណុំរឿងកូដកម្មទាមទារប្រាក់ឈ្នួលនៅក្រុងបាវិតនេះ កាលពីដំណាច់ឆ្នាំ២០១៥ កន្លងទៅ អាជ្ញាធរក៏បានចាប់ខ្លួនកម្មការិនីម្នាក់ និងអ្នកបើកឡានដឹកកម្មករ ៦នាក់ផ្សេងទៀតដែរ ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងញុះញង់ឲ្យប្រព្រឹត្តបទល្មើស។ អ្នកដែលត្រូវបានចាប់ខ្លួនចុងក្រោយនេះ នៅមិនទាន់មានព័ត៌មានពីការដោះលែងវិញនោះទេ។
អង្គការសង្គមស៊ីវិល និងសហជីព តែងតែអំពាវនាវឲ្យថ្នាក់ដឹកនាំខេត្តស្វាយរៀង ជួយជំរុញឲ្យតុលាការដោះលែងអ្នកបើកឡានដឹកកម្មករទាំងនោះឲ្យនៅក្រៅឃុំវិញជាបន្ទាន់ដែរ ដោយរិះគន់ថា ការចាប់ខ្លួននោះ មានភាពមិនប្រក្រតីឡើយ ដោយសារអាជ្ញាធរខ្វះការតាមដានស៊ើបអង្កេតច្បាស់លាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
