ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃទី២១ ខែកក្កដា នាំគ្នាទៅការពារតំណាងចំនួន ៥រូប ដែលបានចូលខ្លួនបំភ្លឺតាមដីកាកោះរបស់តុលាការនៅមុខសាលាដំបូងខេត្តបាត់ដំបង ដើម្បីដាក់សម្ពាធទៅតុលាការឲ្យដោះស្រាយប្រកបដោយភាពសុក្រឹត និងយុត្តិធម៌។
ប្រជាពលរដ្ឋនៅឃុំបឹងប្រាំ ទាំងនោះ ប្រដាប់ដោយបង្វេចខោអាវ មុង ភួយ ព្រមទាំងអង្ករ ចាន ឆ្នាំង ដោយខ្លះអង្គុយ ខ្លះឈរ រង់ចាំតំណាងរបស់ខ្លួននៅខាងមុខសាលាដំបូងខេត្តបាត់ដំបង។
ក្រុមប្រជាពលរដ្ឋដែលរង់ចាំតំណាងនៅខាងក្រៅតុលាការនោះ អះអាងនៅថ្ងៃទី២១ ខែកក្កដា ថា នេះជាលើកទី៣ហើយ ដែលពួកគាត់នាំគ្នាមកការពារតំណាងនៅមុខតុលាការខេត្តបាត់ដំបង នោះ។ ពួកគាត់បញ្ជាក់ថា មូលហេតុដែលនាំគ្នាទៅការពារតំណាងនៅមុខសាលាដំបូង ខេត្តបាត់ដំបង នេះ ដោយសារតុលាការខេត្តបានកោះហៅតំណាងរបស់ពួកគាត់ចំនួន ៥នាក់ ពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីនៅឃុំបឹងប្រាំ តាមបណ្ដឹងរបស់ប្រជាពលរដ្ឋម្នាក់ជាកូនរបស់មេភូមិបឹងធុង ឈ្មោះ ធេង ប៊ុនធី ដើម្បីបង្ហាញឲ្យតុលាការបានយល់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋផង និងដាក់សម្ពាធឲ្យតុលាការដោះស្រាយប្រកបដោយភាពសុក្រឹត និងយុត្តិធម៌ផង៖ «ពួកយើងខ្ញុំមិនមានដីអីពាក់ព័ន្ធផង គេប្ដឹងពួកខ្ញុំឡើងតុលាការទៀត នេះបានថា ជារឿងអយុត្តិធម៌មែន។ ពួកខ្ញុំដាក់ប្រដាប់ប្រដាមកនេះ គឺត្រៀមឡើងតុលាការទៀត ជៀសវាងត្រឡប់ទៅផ្ទះវិញ ចំណាយអស់ថវិកាច្រើន ពីព្រោះពួកយើងក្រីក្រ ហើយលក់មាន់ លក់ទា ដើម្បីតុលាការទេ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីតុលាការខេត្តបាត់ដំបង និង លោក ធេង ប៊ុនធី ដើម្បីសុំការអធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ ខែកក្កដា។ ប៉ុន្តែមេឃុំបឹងប្រាំ លោក ឈា នី មានប្រសាសន៍ថា ប្រជាពលរដ្ឋទាំង ៥នាក់ ដែលតុលាការកោះហៅនោះ ដោយសារពួកគាត់ទៅរំលោភលើដីលំនៅឋានកម្មសិទ្ធិឯកជន ដែលមានទំហំប្រមាណ ៤០ម៉ែត្រ គុណ ៤០ម៉ែត្រ នៅភូមិបឹងធុង ឃុំបឹងប្រាំ ដោយខុសច្បាប់។ លោកបញ្ជាក់ថា ករណីនេះ កន្លងទៅអាជ្ញាធរឃុំបានព្យាយាមសម្របសម្រួលឲ្យប្រជាពលរដ្ឋទាំងនោះដោះស្រាយក្រៅប្រព័ន្ធតុលាការដែរ ប៉ុន្តែពុំទទួលបានលទ្ធផលទេ៖ «រឿងនេះប្រជាពលរដ្ឋមិនអាចទម្លាក់មកលើអាជ្ញាធរបាននោះទេ ម្យ៉ាងទៀតពួកគាត់រំលោភដីធ្លីឯកជននេះ ធ្វើឡើងជាក្រុមដោយកៀរគរគ្នា ប្រជាពលរដ្ឋមកគ្រប់តាមបណ្ដាលភូមិក្នុងឃុំបឹងប្រាំ»។
លោក ឈា នី អះអាងថា ប្រជាពលរដ្ឋនៅឃុំបឹងប្រាំ ជាច្រើនគ្រួសារទៀត ក៏ត្រៀមប្ដឹងប្រជាពលរដ្ឋម្នាងទៀត ដែលរំលោភលើដីកម្មសិទ្ធិឯកជនទៅតុលាការនៅថ្ងៃខាងមុខជាបន្ទាប់ទៀត។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លីដែលតុលាការកោះហៅតំណាងប្រជាពលរដ្ឋចំនួន ៥រូបនោះ វាពុំមែនជាកំហុសរបស់ប្រជាពលរដ្ឋនោះទេ គឺកើតឡើងដោយសារអាជ្ញាធរមូលដ្ឋាននៅឃុំបឹងប្រាំ ទៅវិញទេ ដែលរៀបចំបែងចែកដីធ្លីនៅតំបន់នោះ ពុំបានច្បាស់លាស់៖ «ដីធ្លី របស់ប្រជាពលរដ្ឋបន្តិចបន្តួចដែលមានទំនាស់នោះ ហើយអាជ្ញាធរទៅធ្វើប័ណ្ណកម្មសិទ្ធិបំពានលើដីរបស់គាត់ ដោយម្ចាស់ដីមិនបានដឹងខ្លួនជាមុននោះទេ។ ដូចនេះ រឿងនេះ បើអាជ្ញាធរឲ្យពួកគាត់ទៅសម្របសម្រួលវាស្មើនឹងបែងចែកដីនោះ ទៅពលរដ្ឋម្ខាងទៀតទៅហើយ»។
ពលរដ្ឋដែលចូលខ្លួនបំភ្លឺនៅតុលាការនោះ រួមមានលោក តៅ ថាប លោក ឌឹម អាន អ្នកស្រី អ៊ិត យឿន អ្នកស្រី អែម ស្រី និងលោក ឆម ស្រួច ក្រោមបទចោទប្រកាន់ ធ្វើឲ្យប៉ះពាល់ដីកម្មសិទ្ធិឯកជនខុសច្បាប់។ អ្នកទាំង ៥ ត្រូវតុលាការខេត្តបាត់ដំបង សាកសួរប្រមាណ ៣ម៉ោង ហើយអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ ប៉ុន្តែតុលាការពុំមិនទាន់សម្រេចថា យ៉ាងណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
