អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ចាប់​ខ្លួន​អ្នក​បើក​ឡាន​ដឹក​កម្មករ​៦​នាក់​បញ្ជូន​ទៅ​តុលាការ

0:00 / 0:00

អ្នក​បើកបរ​ឡាន​ដឹក​ជញ្ជូន​កម្មករ​ទៅ​ធ្វើ​ការ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (MANHATTAN) និង​តាយសេង (Tai Seng) ចំនួន ៦​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ចាប់​ខ្លួន​បញ្ជូន​ទៅ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ពាក់ព័ន្ធ​នឹង​ការ​ដឹក​កម្មករ​ធ្វើ​កូដកម្ម។ អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា ការ​ចាប់​ខ្លួន​តៃកុង​ឡាន​ដឹក​កម្មករ​នេះ អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ពុះ​កញ្ជ្រោល។

ការ​ចាប់​ខ្លួន​តៃកុង​ឡាន​ដឹក​កម្មករ​ចំនួន ៦​នាក់​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​ភាគី​សហជីព កំពុង​ស្នើ​ឲ្យ​តុលាការ​ដោះ​លែង​កម្មករ​ចំនួន ៤​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន និង​តាយសេង។

សាច់ញាតិ​អ្នក​បើកបរ​ឡាន​ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង នៅ​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ រៀបរាប់​ថា ដំបូង​ឡើយ អាជ្ញាធរ​បាន​ហៅ​ឲ្យ​អ្នក​បើកបរ​ឡាន​ទាំងអស់​ទៅ​ជួប​ប្រជុំ​គ្នា ប៉ុន្តែ​បែរ​ជា​ឃាត់​ខ្លួន​ទុក​នៅ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត នៅ​ថ្ងៃ​ទី​២៣ ធ្នូ ហើយ​បញ្ជូន​ឲ្យ​តុលាការ​សាកសួរ​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ទាក់ទង​នឹង​ការ​ដឹក​កម្មករ​ទៅ​ធ្វើ​កូដកម្ម​នៅ​រោងចក្រ៖ «គ្មាន​ដឹក​ទៅ​តវ៉ា​ទេ គឺ​ដឹក​កម្មករ​ទៅ​ធ្វើ​ការ​ទាំងអស់​គ្នា ប៉ុន្តែ​អ្នក​ខ្លះ​ចូល​ធ្វើ​ការ អ្នក​ខ្លះ​អត់​ចូល​ធ្វើ​ការ ហើយ​យើង​មាន​សិទ្ធិ​អី​ទៅ​ធ្វើ​ដេញ​គេ ធ្វើ​អី​គេ»

ការ​ឃាត់​ខ្លួន​អ្នក​បើកបរ​ឡាន​នេះ នៅ​បន្ទាប់​ពី​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ក្រុង​បាវិត បាន​ផ្ទុះ​ហិង្សា​រវាង​កង​កម្លាំង​សមត្ថកិច្ច និង​កម្មករ​ជា​បន្តបន្ទាប់ ជាពិសេស​ក្រុម​កម្មករ​មួយ​ចំនួន បាន​រើស​ដុំ​ថ្ម និង​វត្ថុ​រឹង​ផ្សេង​ទៀត គប់​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ។

ទាក់ទិន​ការ​ចាប់​ខ្លួន​អ្នក​បើកបរ​ឡាន​នេះ អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ហ៊ូ វតនៈ ឆ្លើយ​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល ហើយ​ចុច​បិទ​ទូរស័ព្ទ។

យ៉ាង​ណា​ក៏ដោយ​ចុះ ក្រុម​គ្រួសារ​របស់​អ្នក​បើកបរ​ឡាន ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អ្នក​ទាំង​នោះ​វិញ ដោយ​អះអាង​ថា អ្នក​ដែល​គេ​ឃាត់​ទាំង ៦​នាក់​នោះ គឺ​មិន​មែន​ជា​អ្នក​តវ៉ា ហើយ​ប្រើ​ហិង្សា​គប់​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ​ឡើយ ពោល​គឺ​ពួក​គេ​ជា​អ្នក​បើកបរ​ឡាន​ស៊ី​ឈ្នួល​ដឹក​កម្មករ​រោងចក្រ។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៉ូពិណ្ណារ័ត្ន លើក​ឡើង​ថា ការ​ចាប់​ខ្លួន​អ្នក​បើកបរ​ឡាន និង​ចោទ​ថា ដឹក​កម្មករ​ទៅ​ធ្វើ​កូដកម្ម​នោះ គឺ​មិន​សម​ហេតុផល​ឡើយ។ មិន​សម​ហេតុផល ព្រោះ​ការ​ដឹក​កម្មករ​ពី​ផ្ទះ​ទៅ​រោងចក្រ និង​ពី​រោងចក្រ​មក​ផ្ទះ គឺ​ជា​មុខ​របរ​ប្រចាំ​ថ្ងៃ និង​ជា​តួនាទី​របស់​ពួក​គាត់៖ «បើ​ចោទ​គាត់​ថា ដឹក​កម្មករ​មក​ធ្វើ​បាតុកម្ម គឺ​ខុស​ទាំង​ស្រុង​តែ​ម្តង»

លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន​អ្នក​បើកបរ​ឡាន​នេះ នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​ឡើង​កម្តៅ​សាជាថ្មី​វិញ ខណៈ​ភាគី​ពាក់ព័ន្ធ​បាន​ខិតខំ​បើក​កិច្ច​ប្រជុំ​រក​ដំណោះស្រាយ កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ដោយ​ព្រមព្រៀង​គ្នា​ថា នឹង​ដោះ​លែង​កម្មករ​ចំនួន ៤​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នោះ​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ សហជីព និង​សាច់ញាតិ​របស់​កម្មករ ៤​នាក់ ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដែរ ដើម្បី​រង់ចាំ​មើល​ការ​ដោះ​លែង​កម្មករ​ទាំង ៤​នាក់។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ឲ្យ​ដឹង​ថា កម្មករ​ទាំង ៤​នាក់​នោះ តុលាការ​មិន​ទាន់​សម្រេច​ដោះ​លែង​នៅ​ឡើយ ប៉ុន្តែ​មេធាវី​បាន​រៀបចំ​នីតិវិធី​សុំ​នៅ​ក្រៅ​ឃុំ​រួច​ហើយ។

បើ​តាម​សាច់ញាតិ​អ្នក​ដែល​ត្រូវ​បាន​គេ​ឃាត់​ខ្លួន ពាក់ព័ន្ធ​នឹង​កូដកម្ម​ហិង្សា​ទាមទារ​ប្រាក់​ឈ្នួល​នោះ ព្រមាន​ថា កម្មករ​រោងចក្រ​នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​តុលាការ​ខេត្ត​ស្វាយរៀង ប្រសិន​បើ​មិន​ដោះ​លែង​អ្នក​បើកបរ​ឡាន និង​កម្មករ​ទាំងអស់​នោះ​ឲ្យ​មាន​សេរីភាព​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។