ស្នងការនគរបាលខេត្តព្រះវិហារ បានកោះហៅមនុស្ស ៦នាក់ដែលពាក់ព័ន្ធនឹងម្ចាស់រណារអារឈើនៅតំបន់កើតហេតុ នៃការបាញ់ប្រហារលើប៉ូលិស និងមន្ត្រីរដ្ឋបាលព្រៃឈើ ទៅសាកសួរនៅថ្ងៃទី៩ ខែវិច្ឆិកា។
ការសាកសួរនេះ ក្នុងចំណោមមនុស្ស ៦នាក់ គឺ ៥នាក់ត្រូវបានគេបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីសាកសួរ និងម្នាក់ទៀត សាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។ រីឯការសាកសួរនេះ ប៉ូលិសមិនទាន់កំណត់មុខសញ្ញាណាមួយថា នរណាខ្លះជាជនសង្ស័យនៅឡើយទេ។
កាលពីរំលងអាធ្រាត្រថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅ មានជនប្រដាប់អាវុធមួយក្រុមដែលគេមិនស្គាល់មុខ បានលបលួចបាញ់រះសម្លាប់មន្ត្រីប៉ូលិសម្នាក់ឈ្មោះ សាប់ យស និងមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់មកពីទីក្រុងភ្នំពេញឈ្មោះ សៀង ដារង្គ ព្រមទាំងប៉ូលិសការពារព្រំដែនម្នាក់ទៀតឈ្មោះ ភេទ សុភ័ណ្ឌ ឲ្យរងរបួសផងដែរ។ ការបាញ់រះ បានកើតឡើងនៅពេលដែលមន្ត្រីទាំងនោះ បានចុះបំពេញបេសកកម្មល្បាតការពារព្រៃអភិរក្សរបស់អង្គការដាប់បែលយូ.ស៊ី.អេស (WCS) ក្នុងភូមិសាស្ត្រភូមិរបុញ ជាប់ព្រំប្រទល់គ្នានឹងភូមិរុងរឿង៣ នៃឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
