តុលាការនៅសហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតបណ្តឹងប្រឆាំងរដ្ឋាភិបាលកម្ពុជា និងកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីករណីឃុំឃាំងមនុស្សខុសច្បាប់ ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង និងអំពើភេរវកម្មអន្តរជាតិ។ អាជ្ញាធរអាមេរិក ក៏កំពុងស៊ើបអង្កេតករណីអង្គរក្សលោក ហ៊ុន ម៉ាណែត អំពីការប្រើប្រាស់អំពើហិង្សា វាយប្រហារស្មៀនមេធាវីម្នាក់ឲ្យរងរបួសធ្ងន់ នៅពេលលោកព្យាយាមប្រគល់ដីកាកោះហៅ លោក ហ៊ុន ម៉ាណែត ឲ្យទៅឆ្លើយបំភ្លឺចំពោះការចោទប្រកាន់។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ លោក ហ៊ុន ម៉ាណែត នៅមានរយៈពេលប្រមាណ ៣០ថ្ងៃ ដើម្បីទៅឆ្លើយបំភ្លឺនៅតុលាការអាមេរិក ពាក់ព័ន្ធនឹងបណ្តឹងប្រឆាំងរូបលោក និងរដ្ឋាភិបាលឪពុកលោក ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ នេះបើតាមការអះអាងរបស់មេធាវីអាមេរិក លោក មូរតុន ក្លារ (Morton Sklar)។
លោក មូរតុន ក្លារជាមេធាវីរបស់ភរិយាលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្ដឹងលោក ហ៊ុន ម៉ាណែត ទៅតុលាការសហព័ន្ធអាមេរិក នៅក្រុងឡូសអែនជឺឡេស (Los Angeles) ពីបទធ្វើទារុណកម្ម និងអំពើភេរវកម្ម។ លោកថាបណ្តឹងនេះ ធ្វើឡើងចំពេលដែលលោក ហ៊ុន ម៉ាណែត កំពុងមានវត្តមាននៅអាមេរិក។ តាមច្បាប់អាមេរិក តុលាការត្រូវផ្ដល់ឯកសារកោះទៅជនចុងចោទ ក្នុងរយៈពេល ៥ថ្ងៃ ក្រោយមានបណ្ដឹងនៅតុលាការ៖ «បណ្តឹងរបស់យើងមិនមែនប្តឹងតែលោក ហ៊ុន ម៉ាណែត ម្នាក់ទេ គឺយើងប្តឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បណ្តឹងនេះ ជាករណីកម្រណាស់ ជាពិសេសករណីពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។ ករណីនេះជាករណីដំបូងមិនធ្លាប់មានកាលពីមុនទេ»។
លោកបន្ថែមទៀតថា តុលាការសហរដ្ឋអាមេរិក នឹងអាចពិនិត្យបណ្តឹងរបស់លោក ដោយសារតែតុលាការកម្ពុជា ឋិតនៅក្រោមគំនាបនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា៖ «មន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលអះអាងថា ការប្ដឹងរដ្ឋាភិបាលកម្ពុជានៅសហរដ្ឋអាមេរិក ជាកំហុសឆ្គងនោះ វាជាការខុសស្រឡះទាំងស្រុង។ តាមពិតវាគ្មានន័យអ្វីទាំងអស់ សម្រាប់យើងប្រសិនបើយើងប្តឹងរដ្ឋាភិបាលកម្ពុជា នៅកម្ពុជានោះ។ អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់តុលាការដើម្បីគាបសង្កត់គណបក្សប្រឆាំង»។
លោក មូរតុន ក្លារ ព្រមានថា លោក ហ៊ុន ម៉ាណែត អាចប្រឈមមុខនឹងបញ្ហាច្បាប់ប្រសិនបើលោកមិនបង្ហាញខ្លួន ឬជួលមេធាវីការពារក្តី។ កាលពីឆ្នាំ២០០៥ មេធាវីរូបនេះ ធ្លាប់ប្តឹងឪពុកលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ពីបទពាក់ព័ន្ធនឹងការបោកគ្រាប់បែកឆ្នាំ១៩៩៧ បានជោគជ័យម្តងរួចហើយនៅតុលាការទីក្រុងញូវយ៉ក (New York) ដោយសារតែលោក ហ៊ុន សែន អវត្តមាននៅពេលតុលាការបើកសវនាការ។ កាលនោះ លោក មូរតុន ក្លារ ជាមេធាវីការពារក្តីឲ្យ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែដោយសារតែការសម្របសម្រួលនយោបាយ ករណីនេះត្រូវបានមេដឹកនាំគណបក្សទាំងពីរបញ្ចប់។
លោក ហ៊ុន ម៉ាណែត អាចជាប់ពាក់ព័ន្ធនឹងបណ្តឹងឧក្រិដ្ឋមួយផ្សេងទៀត ពីបទបង្ករបួសស្នាមទៅលើលោក ផល ហេយស៍ (Paul Hayes) ជាស្មៀនបញ្ជូនដីការតុលាការ។ លោក ផល ហេយស៍កំពុងស្នាក់នៅព្យាបាលរបួសឆ្អឹងខ្នង។ លោក ផល ហេយស៍ ត្រូវបានគេចោទថា អង្គរក្សលោក ហ៊ុន ម៉ាណែត ប្រើអំប្រើហិង្សាលើកឡើងលើ ហើយបោកទៅលើថ្មបរិវេណភោជនីយដ្ឋាន កាលពីថ្ងៃទីសៅរ៍ទី៩ មេសា នៅពេលលោកហៅឈ្មោះ លោក ហ៊ុន ម៉ាណែត ហើយឈោងហុចលិខិតជូនលោក ម៉ាណែត ចម្ងាយប្រមាណ ១ម៉ែត្រ។
លោក មូរតុន ក្លារ បានឲ្យដឹងទៀត សមត្ថកិច្ចនៅក្រុងឡូសអែនជឺឡេស បានទៅស៊ើបអង្កេតករណីវាយប្រហារជនជាតិអាមេរិកនេះ។ ពេលបញ្ចប់ការសាកសួរនោះ លោក ផល ហេយស៍បានយល់ព្រមឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតបទឧក្រិដ្ឋនេះ៖ «ប៉ូលិសជាមន្ត្រីស៊ើបអង្កេត បានសម្ភាសលោក ហើយសាកសួរតើលោកចង់ប្តឹងនិងចោទប្រកាន់ករណីឧក្រិដ្ឋនេះទេ? លោកឆ្លើយថា ចង់ប្តឹង»។
លោកបន្តទៀត ការចោទប្រកាន់លើអង្គរក្ស និងលោក ហ៊ុន ម៉ាណែត ទាក់ទងនឹងការប្រើប្រាស់អំពើហិង្សាអាចប្រើប្រាស់រយៈពេលយូរបន្តិច និងអ្នកទាំងពីរអាចនឹងមាន ឱកាសចាកចេញពីសហរដ្ឋអាមេរិក។ លោក មូរតុន ក្លារ សង្ឃឹមថា តុលាការសហព័ន្ធអាមេរិកនឹងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៖ «ខ្ញុំ ជឿជាក់ថា តុលាការសហព័ន្ធអាមេរិកដូចអ្វីដែលចៅក្រមបានសម្រេច កាលពីឆ្នាំ ២០០៥ នៅ ទីក្រុងញូវយ៉ក (New York) នឹង ទទួលយកករណីទៅជំនុះជម្រះ។ នេះ ជាវិធីមួយដល់មានប្រសិទ្ធិភាព ដើម្បីចាប់យករដ្ឋាភិបាលលោក ហ៊ុន សែន ទទួលខុសត្រូវចំពោះអ្វីដែលលោកបានប្រព្រឹត្ត»។
ឆ្លើយតបទៅនឹងបណ្តឹងនេះ មន្ត្រីរដ្ឋាភិបាលចាត់ទុកបណ្តឹងថា ជាការជ្រៀតជ្រែតនយោបាយកម្ពុជា។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងលោក ហ៊ុន ម៉ាណែត បាននៅឡើយទេ នៅថ្ងៃពុធ ទី១៤ ខែមេសា នេះ។
បណ្តឹងចុងក្រោយនេះ មិនមែនជាបណ្តឹងលើកទីមួយរបស់ លោក មូរតុន ក្លារ ប្រឆាំងនឹងលោក ហ៊ុន សែន នោះទេ។ កាលពីឆ្នាំ២០១៤ លោក ក្នុងនាមជាតំណាងឲ្យក្រុមអង្គការសិទ្ធិមនុស្ស និងជនរងគ្រោះ បានប្តឹងលោក ហ៊ុន សែន ទៅតុលាការអន្តរជាតិចោទលោកពីបទលាក់បាំងព័ត៌មានឧក្រិដ្ឋកម្មប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម និងការរំលោភសិទ្ធិមនុស្សមានលក្ខណៈជាប្រព័ន្ធទូលំទូលាយ ការសម្លាប់មនុស្ស ការបង្ខំបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែង និងការរំលោភបំពានផ្លូវភេទលើអ្នកទោសស្ត្រី។ បច្ចុប្បន្ននេះ តុលាការកំពុងពិនិត្យករណីនេះនៅឡើយ។ លោក មូរតុន ក្លារ បញ្ជាក់ ថា ដរាបណា តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅរក្សាបណ្តឹងប្រឆាំងនឹងលោក ហ៊ុន សែន នោះ លោកនិងក្រុមជនរងគ្រោះទទួលបានជោគជ័យជាជំហានដំបូង។
ពាក់ព័ន្ធនឹងករណី លោក ហ៊ុន ម៉ាណែត វិញ សមត្ថកិច្ចអាមេរិកនៅមិនទាន់មានចំណាត់ការប្រឆាំងនឹងលោកនៅឡើយ។ បច្ចុប្បន្ន លោកកំពុងស្នាក់នៅរដ្ឋតិចសាស (Texas) ហើយលោកគ្រោងនឹងចាកចេញពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៨ មេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
