ប្រជាពលរដ្ឋភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល បានសម្ដែងការមិនពេញចិត្ត ក្រោយពេលដែលអ្នកភូមិម្នាក់ត្រូវបានចាប់ខ្លួន នៅពេលគាត់ចូលទៅបំភ្លឺទៅតាមដីកាកោះហៅរបស់តុលាការខេត្តកណ្ដាល នាព្រឹកថ្ងៃទី៥ ខែសីហា។
អ្នកភូមិដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ ម៉ៅ ឡេន រស់នៅភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ហើយលោកត្រូវបានគេចាប់បញ្ជូនទៅឃុំឃាំងទៅពន្ធនាគារខេត្ត។ លោកត្រូវបានជាប់ចោទពីបទល្មើសផ្សេងគ្នា គឺលួច មានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា បន្ទាប់ពីលោក និងអ្នកភូមិមួយចំនួនទៀត បានចុះចាប់ទូក និងស្បៃមុងរបស់អ្នកនេសាទជនជាតិវៀតណាម ដែលអ្នកភូមិអះអាងថា នេសាទខុសច្បាប់កាលពីចុងឆ្នាំ២០១៣។
ទាក់ទិននឹងបញ្ហានេះ ប្រធានសមាគមអាដហុក (adhoc) ខេត្តកណ្ដាល លោក ម៉ែន មករា បានលើកឡើងថា វាជាអំពើអយុត្តិធម៌ ដែលតុលាការចាប់ខ្លួនជនជាប់ចោទដោយមិនមានវត្តមានរបស់មេធាវីរបស់គាត់៖ «នៅក្នុងរដ្ឋធម្មនុញ្ញយើងក៏បានចែងដែរថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ អ៊ីចឹង បើគាត់ទាមទារឱ្យមានមេធាវីគាត់ ចៅក្រមត្រូវតែទុកឱកាសឱ្យគាត់ ព្រោះគាត់គ្មានឆន្ទៈនឹងគេចវេសពីការទទួលខុសត្រូវតាមនីតិវិធីទេ ឬបើគាត់ពិតជាមានបទល្មើសមែន គឺថាតុលាការលោកសម្រេចទៅ ថាគាត់ពិតជាបានប្រព្រឹត្តបទល្មើស»។
ក្រៅពី លោក ម៉ៅ ឡេន អ្នកភូមិម្នាក់ទៀត គឺលោក ស៊ុន ប៊ុនសេង ក៏នឹងត្រូវចូលទៅបំភ្លឺតាមដីកាកោះហៅរបស់តុលាការខេត្តកណ្ដាល ដែរនៅថ្ងៃទី៧ ខែសីហា ខាងមុខនេះ។ ប្រជាពលរដ្ឋអះអាងថា នឹងលើកគ្នាមកកាន់តែច្រើនទៀត ដើម្បីកុំឱ្យតុលាការចាប់ខ្លួនអ្នកភូមិម្នាក់នេះ និងទាមទារឱ្យដោះលែង លោក ម៉ៅ ឡេន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
