អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​សាកសួរ​លោក ស៊ុត ឌីណា នៅ​ពន្ធនាគារ

0:00 / 0:00

0:00 / 0:00

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប្រកាស​ថា នឹង​សាកសួរ​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា ពី​សំណុំរឿង​អំពើ​ពុករលួយ​បន្ត​ទៀត​នៅ​ពន្ធនាគារ។ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​តុលាការ​សាកសួរ​ពេញ​មួយ​ថ្ងៃ រួច​នាំ​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស។

ក្រោយ​ពី​ការ​សាកសួរ​លោក ស៊ុត ឌីណា ជិត ១២​ម៉ោង សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​រូប​នេះ​ចំនួន ២​បទល្មើស គឺ​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់​តាម​មាត្រា ៥៩៧ និង ៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា និង​បទ​រំលោភ​អំណាច​មាន​ប្រសិទ្ធភាព​តាម​មាត្រា​៣៥ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្រប​ពេល​ដែល​លោក ស៊ុត ឌីណា កំពុង​ត្រូវ​បាន​តុលាការ​សាកសួរ​ថា បច្ចុប្បន្ន​លោក ស៊ុត ឌីណា មាន​សាច់ប្រាក់​នៅ​ក្រៅ​ធនាគារ​ជាង ៧​លាន​ដុល្លារ​អាមេរិក គឺ​កើន​ឡើង​ចំនួន ៣​លាន​ដុល្លារ​បន្ថែម​ទៀត មុន​ពេល​ដែល​លោក​បាន​ធ្វើ​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​កូរ៉េខាងត្បូង។ ក្រៅ​ពី​នេះ លោក ស៊ុត ឌីណា ក៏​មាន​មាស​សុទ្ធ​ជិត ៣៤០​តម្លឹង ដែល​ស្មើ​ជាង ១២​គីឡូក្រាម​ផងដែរ។

លោក ឱម យ៉ិនទៀង បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់​លោក ស៊ុត ឌីណា។ បើ​ពិត​ជា​រក​ឃើញ​ថា មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ក្នុង ២​បទល្មើស​មែន​នោះ លោក ស៊ុត ឌីណា អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០​ឆ្នាំ។

បើ​ទោះ​ជា​លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បញ្ជូន​ខ្លួន​ឲ្យ​តុលាការ​សាកសួរ​ដើម្បី​ចោទ​ប្រកាន់​ហើយ​ក្តី តែ​លោក ឱម យ៉ិនទៀង ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​សាកសួរ​លោក ស៊ុត ឌីណា នៅ​ពន្ធនាគារ​បន្ថែម​ទៀត។

លោក ឱម យ៉ិនទៀង ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ទល់​ពេល​នេះ​ភស្តុតាង​ចោទ​ប្រកាន់​លើ​លោក ស៊ុត ឌីណា ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប្រគល់​ឲ្យ​តុលាការ​ទើប​បាន​ប្រហែល ១ ភាគ ៣ នៃ​ភស្តុតាង​សរុប៖ «៣​លាន​ដុល្លារ​នោះ​បើ​គាត់​ឆ្លើយ​មិន​បាន​រឹប​យក តិច​ទៀត​យើង​ខ្ញុំ​ទៅ​សួរ​ចម្លើយ​គាត់​នៅ​ពន្ធនាគារ​ហើយ អ៊ីចឹង​បើក​រឿង​ថ្មី​បន្ត​ភាគ​មក​ទៀត ការ​សួរ​ចម្លើយ​គាត់​ទៅ​រក​គាត់​នៅ​នោះ ហើយ​សួរ​គាត់​ឲ្យ​គាត់​ពន្យល់ ថា​តើ ៣​លាន​នោះ​មក​ពី​ណា? បើ​គាត់​ឆ្លើយ​មិន​បាន​រឹប​អូស​យក ៣​លាន​សិន»

ក្នុង​ពេល​លោក ស៊ុត ឌីណា ត្រូវ​បាន​គេ​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ភរិយា និង​មេធាវី​ការពារ​ក្តី​លោក ស៊ុត ឌីណា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ពី​ការ​ចោទ​ប្រកាន់​លើ​លោក ស៊ុត ឌីណា។ ប៉ុន្តែ​លោក ស៊ុត ឌីណា បាន​ស្រែក​ពេល​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ដល់​តុលាការ​ថា ការ​ចោទ​ប្រកាន់​នេះ ជា​រឿង​អយុត្តិធម៌​ណាស់​ចំពោះ​រូប​លោក។ ចំណែក​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់ណា ក៏​មិន​ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ពី​ករណី​លោក ស៊ុត ឌីណា នេះ​ដែរ។​

ទោះ​ជា​យ៉ាង​ណា មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​កាល​ពី​យប់​ថ្ងៃ​ទី​៧ មេសា ថា លោក ស៊ុត ឌីណា ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​រួច​ហើយ។ មន្ត្រី​ដដែល​ឲ្យ​ដឹង​ថា លោក ស៊ុត ឌីណា ត្រូវ​បាន​ឃុំ​នៅ​ក្នុង​អគារ ប៊ី (B) បន្ទប់​លេខ​១៥ ជាប់​នឹង​បន្ទប់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់​ឃុំ​ដែរ​នោះ។

លោក ស៊ុត ឌីណា ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា បាន​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង តាំង​ពី​ដើម​ឆ្នាំ​២០១៤។ មុន​ពេល​លោក ស៊ុត ឌីណា បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក្រោយ​មក​លោក​ត្រូវ​បាន​ក្រសួង​ការបរទេស​តែងតាំង​ធ្វើ​ជា​ឯកអគ្គរាជទូត​នោះ លោក ស៊ុត ឌីណា ធ្លាប់​បាន​ដឹកនាំ​ក្រុម​យុវជន និង​ធ្លាប់​រិះគន់​ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្ត្រី​មិន​សំចៃ​មាត់​ឡើយ។

​អ្នក​វិភាគ​មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​លោក ស៊ុត ឌីណា ពី​រឿង​ពុករលួយ​ពេល​នេះ ដោយសារ​លោក ស៊ុត ឌីណា មិន​មាន​ខ្នង​ក្រាស់​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​អាច​មក​ពី​មាន​ការ​ប្រកួតប្រជែង​ដើម្បី​ស្វែង​រក​ផលប្រយោជន៍​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច។ ការ​កត់សម្គាល់​ដូច​នេះ ដោយសារ​អ្នក​វិភាគ​មើល​ឃើញ​ថា ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​មន្ត្រី​គ្រាក់ៗ​មិន​តិច​ទេ ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ឬ​កិបកេង​លុយ​រដ្ឋ ប៉ុន្តែ​មិន​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បើក​ការ​ស៊ើប​អង្កេត​លើ​មន្ត្រី​ទាំង​អស់​នោះ​ឡើយ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បង្ហាញ​ភស្តុតាង​ពុក​រលួយ​របស់​លោក ស៊ុត ឌីណា

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បង្ហាញ​ភស្តុតាង​ថា ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ នៅ​រសៀល​ថ្ងៃ​ទី​៧ មេសា។ ការ​បង្ហាញ​ភស្តុតាង​នេះ គឺ​ជា​ការ​ឆ្លើយ​តប​មួយ​ទៅ​នឹង​ការ​បញ្ចេញ​មតិ​មួយ​ចំនួន​នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ថា លោក ស៊ុត ឌីណា ជា​មនុស្ស​ស្អាតស្អំ និង​ជា​មន្ត្រី​ក្រីក្រ។

សូមស្ដាប់​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី លោក ឡេង ម៉ាលី ដែល​ទៅ​យក​ព័ត៌មាន​អំពី​សន្និសីទ​កាសែត​នេះ រាយការណ៍​ដូច​ត​ទៅ៖

ទស្សនា​វីដេអូ៖ តុលាការបញ្ជូនលោក ស៊ុត ឌីណា ទៅឃុំខ្លួនបណ្ដោះអាសន្នOpens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។