អាដហុក​បញ្ជូន​​សំណុំ​រឿង​ប៉ូលិស​ប៉ោយប៉ែត​បាញ់​ជនសង្ស័យ​ទៅ​តុលាការ

ដោយ ហ៊ុំ ចំរើន
2015.09.07
សព​ជន​សង្ស័យ​លួច​ម៉ូតូ ៦២០ សព​ជន​សង្ស័យ​លួច​ម៉ូតូ​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​របស់​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
Photo ADHOC

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បញ្ជូន​​ពាក្យបណ្ដឹង​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចាប់​ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់​ដោយ​ការ​បាញ់​សម្លាប់​ ដាក់​ទៅ​តុលាការ​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។ ការ​​ដាក់​ពាក្យ​បណ្ដឹង​នេះ បន្ទាប់​ពី​មន្ត្រី​​សមាគម​​អាដហុក​​ បាន​ធ្វើ​ការ​ស៊ើប​អង្កេត​អស់​ជា​ច្រើន​ថ្ងៃ​​ ហើយ​រក​ឃើញ​ថា ការ​បាញ់​សម្លាប់​នេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ជា​រឿង​ខុស​ច្បាប់​ព្រហ្មទណ្ឌ។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​ប៉ូលិស​ដែល​បាញ់​សម្លាប់​ជនសង្ស័យ​លួច​ម៉ូតូ​ឲ្យ​បាន​ឆាប់ៗ ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​សាច់ញាតិ​​ដែល​ស្លាប់​នោះ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ខេត្ត​បន្ទាយមានជ័យ​ លោក​ ស៊ុំ ច័ន្ទគា ថ្លែង​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា លោក​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ ចាប់​ជនសង្ស័យ​លួច​ម៉ូតូ​​ម្នាក់​​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​អនុវត្ត​ច្បាប់​ដោយ​ការ​បាញ់​សម្លាប់​នោះ ទៅ​សាលាដំបូង​ខែត្រ​បន្ទាយមានជ័យ​ រួចរាល់​ហើយ​កាល​​​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា។ តែ​រហូត​មក​ទល់​ពេល​នេះ​ ខាង​តុលាការ​ពុំ​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ​​​ទេ។ លោក​អះអាង​ថា​ មូលហេតុ​ដែល​​​ដាក់​ពាក្យ​​បណ្ដឹង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ចុះ​​ធ្វើ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ ​ប្រមាណ​​មួយ​សប្ដាហ៍ ហើយ​មាន​ការ​សង្ស័យ​ថា មន្ត្រី​នគរបាល​ក្រុង​ប៉ោយប៉ែត ពុំ​បាន​​ចាប់​ជនសង្ស័យ​លួច​ម៉ូតូ​យក​មក​សួរ​នាំ​តាម​ផ្លូវ​ច្បាប់​ទេ ផ្ទុយ​ទៅ​វិញ មន្ត្រី​នគរបាល​អនុវត្ត​ការ​ចាប់​ខ្លួន​ដោយ​ការ​បាញ់​សម្លាប់​ទៅ​វិញ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា នោះ​ថា ជា​រឿង​ខុស​ច្បាប់ ដែល​ផ្ទុយ​ពី​សមត្ថកិច្ច​អះអាង​ថា ជនសង្ស័យ​ត​ដៃ​ទើប​មន្ត្រី​នគរបាល​បាញ់​សម្លាប់។

លោក​បញ្ជាក់​ថា​ សមត្ថកិច្ច​បាន​បាញ់​ជនសង្ស័យ​ចំនួន ១​គ្រាប់​​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​នៅ​មុខ​វត្ត​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​​ ​ដោយ​​ជនសង្ស័យ​ពុំ​បាន​តដៃ​សមត្ថកិច្ច​នោះ​ឡើយ៖ «សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ដែល​កើត​ឡើង​នោះ គឺ​ជា​ការ​បាញ់​ប្រហារ​ដក​អាយុ​ជីវិត​របស់​​មនុស្ស​ដែល​ខុស​ពី​ច្បាប់​កំណត់»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ លោក​ ផាន់​ ភីរម្យ​ មាន​ប្រសាសន៍​ថា លោក​ទើបតែ​​ទទួល​ភារកិច្ច​ជំនួស​​ព្រះរាជអាជ្ញា​ដែល​ជាប់​បេសកកម្ម​​ទៅ​ក្រៅ​ប្រទេស​ ហើយ​ថា លោក​ពុំ​ទាន់​ទទួល​ពាក្យ​បណ្ដឹង​ជុំវិញ​​​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​ប្ដឹង​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ចាប់​ជនសង្ស័យ​ដោយ​ការ​បាញ់​សម្លាប់​នោះ​នៅ​ឡើយ​ទេ។ ម្យ៉ាង​ទៀត លោក​ក៏​ពុំ​បាន​បញ្ជាក់​ថា នឹង​តាមដាន​លើ​ការងារ​នេះ ឬ​យ៉ាង​នៅ​ឡើយ​ទេ។

លោក ផាន់ ភីរម្យ៖ «បើ​សិន​ជា​រឿង​នេះ​ស្ថិត​នៅ​ក្នុង​បន្ទុក​របស់​ខ្ញុំ​នោះ ខ្ញុំ​មាន​អំណាច​​ធ្វើ​ការ​នេះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ការ​បក​ស្រាយ​អំពី​ដំណើរ​ការ​រឿង​នេះ​បាន។ ប៉ុន្តែ​រឿង​នេះ​ ខ្ញុំ​មិន​ទាន់​ដឹង​ថា​កើត​ហេតុ​នៅ​ពេល​នោះ​ទេ។ ម្យ៉ាង​ទៀត ប្រសិន​បើ​រឿង​ទើប​តែ​កើត​ឡើង​ថ្មី​ទេ ប្រហែល​ជា​ពុំ​ទាន់​មក​ដល់​ខ្ញុំ​នោះ​ទេ»

ជនសង្ស័យ​ដែល​សមត្ថកិច្ច​បាញ់​ស្លាប់​នោះ​ ឈ្មោះ​​ យ៉ន ចាន់លាប ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​ ត្រូវ​គ្រាប់​កាំភ្លើង​​មួយ​គ្រាប់​នៅ​ដើមទ្រូង​ខាង​ឆ្វេង​ស្លាប់​នៅ​នឹង​កន្លែង។

នៅ​ក្នុង​របាយការណ៍​របស់​សមាគម​អាដហុក ដាក់​ជូន​តុលាការ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្រោយ​ពី​ស៊ើប​អង្កេត​ពី​ករណី​បាញ់​សម្លាប់​នេះ បាន​បញ្ជាក់​ថា មុន​ពេល​កើត​ហេតុ ទាំង​សមត្ថកិច្ច ទាំង​ជនសង្ស័យ ជិះ​ម៉ូតូ​បណ្ដើរ​គ្នា​ជា​ធម្មតា មក​ដល់​កន្លែង​កើត​ហេតុ​ជនសង្ស័យ​ជិះ​ម៉ូតូ​បត់​ក្រោយ​វិញ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ស្រែក​ឲ្យ​ឈប់ រួច​ដក​កាំភ្លើង​ខ្លី​បាញ់​ជនសង្ស័យ​មួយ​គ្រាប់​ចំ​ពី​ក្រោយ​​ធ្លុះ​​មក​ក្រោម​​ដោះ​ខាង​ឆ្វេង ព្រមទាំង​វាយ​ទាត់​ធាក់ និង​ដាក់​ខ្នោះដៃ​រហូត​ដល់​ស្លាប់​តែម្ដង។

ពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​ឃើញ​ហេតុការណ៍​នោះ អះអាង​ថា នៅ​ថ្ងៃ​កើត​ហេតុ​សំឡេង​គ្រាប់​កាំភ្លើង​ដែល​សមត្ថកិច្ច​បាញ់​តែ​មួយ​គ្រាប់​ទេ​ ចំណែក​ជនសង្ស័យ​​ពុំ​បាន​តដៃ​នោះ​ឡើយ។

ទោះ​យ៉ាង​នេះ​ក្ដី លោក ស៊ុំ ច័ន្ទគា ត្រៀម​​បញ្ជូន​សំណុំ​រឿង​ពី​ការ​ស្លាប់​នេះ​ទៅ​ក្រសួង​យុត្តិធម៌​ និង​អគ្គព្រះរាជអាជ្ញា​មហា​អយ្យការ​​សាលា​ឧទ្ធរណ៍​​បន្ត​ទៀត​ ប្រសិន​បើ​សាលាដំបូង​ខែត្រ​បន្ទាយមានជ័យ ពុំ​មាន​ចំណាត់​ការ​ណា​មួយ​ទេ​នោះ៕​​​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។