បុរសជនជាតិអូស្ត្រាលី ឈ្មោះ ជេមស៍ រីកឃិតសាន់ (James Ricketson)វ័យ ៦៨ឆ្នាំ ដែលត្រូវបាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន កំពុងស្ថិតនៅក្នុងឃុំនៅឡើយ។ លោក ជេមស៍ រីកឃិតសាន់ (James Ricketson) ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី៣ មិថុនា។ ប៉ុន្តែមិនទាន់ច្បាស់ថា លោកត្រូវជាប់ចោទពីបទអ្វីនៅឡើយទេ។
សារព័ត៌មានខ្លះសរសេរថា លោក ជេមស៍ ជាប់សង្ស័យថាបានធ្វើចារកិច្ចលួចយកព័ត៌មាននៅកម្ពុជា។ លោកត្រូវបានគេបង្ហាញរូបថតមួយសន្លឹក ដែលបង្ហាញថា លោកកំពុងបង្ហោះដ្រូន (Drone) លើក្បួនយុទ្ធនាការឃោសនារបស់គណបក្សសង្គ្រោះជាតិ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្ដមសេនីយ៍ សុខ ផល មានប្រសាសន៍ថា ករណីលោក ជេមស៍ រីកឃិតសាន់ ជាករណីចោទប្រកាន់ផ្នែកតុលាការ គឺមិនទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍ទេ។ លោក ជេមស៍ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរនៅថ្ងៃទី៧ មិថុនា។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រះរាជអាជ្ញា លី សុផាណា មិនទាន់អាចបញ្ជាក់ពីករណីរបស់លោក ជេមស៍ រីកឃិតសាន់ បានច្រើនទេថា លោក ជេមស៍ រីកឃិតសាន់ ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទអ្វីទេ។ លោកឆ្លើយតបតាមសារតេឡេក្រាម (Telegram) នៅព្រលប់ថ្ងៃពុធ ទី៧ មិថុនា ថា ព្រះរាជអាជ្ញារង គឺលោក សៀង សុខ ដែលជាអ្នកចាត់ការលើសំណុំរឿងនេះ កំពុងពិនិត្យ និងចាត់ការតាមនីតិវិធីតុលាការ។ រហូតមកដល់ពេលនេះ លោក ជេមស៍ រីកឃិតសាន់ បានជាប់ឃុំរយៈពេល ៦ថ្ងៃហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។