អ្នកច្បាប់ និងអ្នកវិភាគនយោបាយ បញ្ជាក់ថា ការបញ្ចេញការសន្ទនាឯកជនជាសាធារណៈដែលប៉ះពាល់ដល់សិទ្ធិឯកជនត្រូវបានការពារដោយច្បាប់ អាចត្រូវទប់ស្កាត់បានតាមរយៈការពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់ ជាជាងបង្កើតច្បាប់ថ្មី។
ការលើកឡើងនេះ បន្ទាប់ពីមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់រដ្ឋាភិបាល បង្ហាញគំនិតចង់បង្កើតច្បាប់ថ្មីដើម្បីការពារសិទ្ធិឯកជន។
ធ្លាប់កើតមានហើយការសន្ទនាឯកជនជាស៊េរី ដែលត្រូវគេសង្ស័យថាជារបស់មេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាមួយស្រីកំណាន់ ការសន្ទនាដែលគេសង្ស័យថាជារបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីជាមួយក្រុមអ្នករកស៊ី និងតារាហ្វេសប៊ុក (facebook) ត្រូវបានផ្សព្វផ្សាយជាសាធារណៈលើអ៊ីនធឺណិត ពិសេសសំឡេងសន្ទនាឯកជនរបស់អ្នកដែលស្លាប់ ក៏ត្រូវបានទម្លាយដែរ។
សារសន្ទនាដែលលេចធ្លាយខ្លះបណ្ដាលឲ្យម្ចាស់សារដែលគេសង្ស័យ ត្រូវតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារ។
អ្នកជំនាញផ្នែកច្បាប់លើកឡើងថា ការបញ្ចេញសារសន្ទនាសម្ងាត់បែបនេះ គឺបំពានច្បាប់ និងប៉ះពាល់ដល់សិទ្ធិឯកជន ដែលជាផ្នែកសំខាន់នៃសិទ្ធិមនុស្ស។
កាលពីថ្ងៃទី១០ មីនា លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ដែលជារឿយៗច្រានចោលរបាយការណ៍បង្ហាញពីការធ្លាក់ចុះការគោរពសិទ្ធិមនុស្សនៅកម្ពុជា ក៏ព្រួយបារម្ភពីការមិនមានសុវត្ថិភាពនៃការសន្ទនាគ្នាតែពីរនាក់ តែត្រូវបានគេទម្លាយជាសាធារណៈតាមមធ្យោបាយប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះដែរ។
ទោះបីជានៅប្រទេសកម្ពុជា មានច្បាប់មួយចំនួនចែងពីការការពារសិទ្ធិឯកជនហើយក៏ដោយ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលរូបនេះផ្តល់យោបល់ថា កម្ពុជា ត្រូវការច្បាប់ថ្មីដាច់ដោយឡែកមួយទៀត ដើម្បីធានាការសម្ងាត់នៃការសន្ទនាជាលក្ខណៈឯកជននេះបាន។
ក៏ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់ លោក សុក សំអឿន ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ មិនយល់ស្របថា ច្បាប់ថ្មីអាចរក្សាសិទ្ធិឯកជនបានប្រសើរទេ ប្រសិនបើការអនុវត្តច្បាប់នៅខ្វះប្រសិទ្ធភាព។ លោកមេធាវីផ្តល់យោបល់ថា អាជ្ញាធរគួរពង្រឹងការអនុវត្តច្បាប់មានស្រាប់ ដែលត្រូវបានចែងក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីទូរគមនាគមន៍ ដើម្បីទប់ស្កាត់ការលួចថតសំឡេង និងការផ្សព្វផ្សាយជាសាធារណៈ៖ « ធ្វើច្បាប់មួយទៀតក៏បាន ក៏ប៉ុន្តែយើងមានច្បាប់ព្រហ្មទណ្ឌ។ យើងមានច្បាប់ទូរគមនាគមន៍ ដូចជាច្បាស់ហើយ។ ដូច្នេះ អនុវត្តឲ្យល្អតិចទៅ ! ខ្ញុំមិនដឹងថា ទាល់អ្វីបានជាច្បាប់នេះគេមិនយកអនុវត្តទេ។ តែបើសិនជាមានការអនុវត្តត្រឹមត្រូវ អាច ( ប្រើ ) បានដូចគ្នា មិនចាំបាច់មានច្បាប់ផ្សេងទៀតក៏បានដែរ »។
ក៏ប៉ុន្តែលោកមេធាវី សុក សំអឿន ស្នើថា ប្រសិនបើរដ្ឋាភិបាលពិតជាត្រូវការច្បាប់ថ្មីមែននោះ ច្បាប់ថ្មីគួរត្រូវកំណត់នីតិវិធីឲ្យបានច្បាស់លាស់ ហើយរដ្ឋាភិបាលគួរបើកវេទិកាជជែកដេញដោល ដោយអនុញ្ញាតឲ្យសង្គមស៊ីវិល និងសាធារណជនចូលរួមបញ្ចេញយោបល់។
ក្រមព្រហ្មទណ្ឌត្រង់មាត្រា៣០១ និងច្បាប់ស្ដីពីទូរគមនាគមន៍ ត្រង់មាត្រា៩៧ បានចែងថា ការលបស្ដាប់ ឬការលបថតការសន្ទនាដោយការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ដោយគ្មានការយល់ព្រមពីបុគ្គលដែលពាក់ព័ន្ធនោះ ត្រូវផ្ដន្ទាទោសពន្ធនាគារពីមួយខែទៅមួយឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀល ដល់ពីរលានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សង្កត់ធ្ងន់កាលពីសប្ដាហ៍មុនថា រដ្ឋាភិបាលទាំងឡាយនៅទូទាំងពិភពលោក គួរធានាថា សិទ្ធិឯកជន គឺជាសិទ្ធិសកល។
អ្នកនយោបាយហាក់កំពុងប្រើការទម្លាយសំឡេងសន្ទនាឯកជន ជាមធ្យោបាយវាយប្រហារគូប្រកួត។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ ផ្តល់យោបល់ថា អ្នកនយោបាយគួរប្រកួតប្រជែងដោយស្មារតីវិជ្ជាជីវៈ ហើយមិនគួរប្រកាន់បក្សពួកខ្លាំងពេក និងចាត់ទុកជាខ្មាំងសត្រូវនោះទេ៖ « លទ្ធិប្រជាធិបតេយ្យនឹងប្រព្រឹត្តទៅបានល្អ លុះត្រាតែមានការយោគយល់គ្នា ការអត់ឱនគ្នា »។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គូសបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា ដែលគួរឲ្យទុកចិត្តបាន លុះត្រាតែអាជ្ញាធរធានាថា តុលាការត្រូវតែប្រកាន់ភាពឯករាជ្យ មិនលម្អៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
